ភ្នំពេញៈ តាម​រយៈ​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ​-ឡានឆាង ​កម្ពុជា​ទទួល​បានគម្រោង​អនុវត្ត​ចំនួន ​៥៥គម្រោង ​ដែល​មាន​ថវិកា​សរុប ​២១លាន​ដុល្លារ​អាមេរិក ​ដែល​ក្នុងនោះ​ក្រសួង​កសិកម្ម ​បាន​ទទួល​អនុវត្ត​គម្រោង​ចំនួន​៦។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​លោក​វេង សាខុន។


លោក​រដ្ឋមន្ត្រី ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បានសរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី២៣ ​កក្កដា ថា ​គម្រោង​ទាំង៦ ​ដែល​ក្រសួង​កសិកម្ម​ទទួល​បាន ​គឺ​មាន​ថវិកា​សរុប​ជាង​២លាន ​៦សែន​ដុល្លារ​អាមេរិក ​ហើយ​គម្រោង​ទាំងនោះ ​បានផ្តោត​ទៅ​លើការ​ដោះ​ស្រាយ​បញ្ហា​ពី​ការអន់ថយ​គុណ​ភាព​ដី ​និង​ការលើក​កម្ពស់​ជីវភាព​រស់នៅ​តាម​មូលដ្ឋាន។

លោក​បន្តថា ​គម្រោង​នោះ ​ក៏មាន​គម្រោង​ស្តារ​ព្រៃឈើ ​និង​ការលើក​កម្ពស់​ការប្រើប្រាស់​ព្រៃឈើ​ដោយ​ចីរភាព​នៅ​អាស៊ី​អាគ្នេយ៍ ​ គម្រោង​លើក​កម្ពស់​ប្រសិទ្ធភាព​យុទ្ធសាស្រ្ត​តំបន់​សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​ការនេសាទ​ខុសច្បាប់​តាម​ទន្លេមេគង្គ​ និង​គម្រោង​អភិវឌ្ឍ​សមត្ថភាព ​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការគ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព​ក្នុង​តំបន់​មេគង្គ​-ឡាន​ឆាង​ជា​ដើម។


លោក​វេង សាខុន ​អះអាង​ថា​៖«សកម្មភាព​ចម្បង​របស់​គម្រោង​ទាំងនេះ ​គឺ​ការរៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ ​ការបណ្តុះ​បណ្តាល ​និង​ការផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា ​រវាង​ប្រទេស​ជាសមាជិក។ ប៉ុន្តែ​ដោយសារ​ជួប​បញ្ហា​ជំងឺ​កូវីដ១៩ ​ដែលជា​បញ្ហា​សកល ​ធ្វើឱ្យ​គម្រោង​មួយចំនួន ​មិនអាច​ដំណើរការ​អនុវត្ត​សកម្មភាព​ទៅ​បាន»។

ចំណែក​គម្រោង ​ដែល​គ្រោង​អនុវត្ត​ក្នុង​ឆ្នាំ២០២១​នេះ ​លោក​ថា ​មាន​មូល​និធិ​ពិសេស​ឆ្នាំ២០២០ ​ចំនួន​ ១គម្រោង ​ស្តីពី​ការកសាង​សមត្ថភាព​របស់​សមាជិក​នៃ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ​ដើម្បី​ការពារ​សត្វ​ផ្សោត​ទឹកសាប ​និង​ជីវចម្រុះ ​ដែល​មាន​ថវិកា​អនុវត្ត​ជាង​៤សែន​ដុល្លារ​អាមេរិក​ រយៈពេល​អនុវត្ត​២ឆ្នាំ​(២០២១-២០២២) ​ក៏​កំពុង​គ្រោង​អនុវត្ត​បន្ត​ផង​ដែរ។


លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖«គម្រោង​នេះ ​មាន​គោល​បំណង ​និង​លទ្ធផល​រំពឹង​ទុកថា ​ក្នុង​ចំណោម​ប្រទេស​សមាជិក ​អាច​ធ្វើការ​គ្រប់គ្រង ​និង​អភិរក្ស​ផ្សោត​ទឹកសាប ​និង​ជីវចម្រុះ​នៅ​ក្នុង​បរិស្ថាន​ទឹកសាប ​ដោយការ​កសាង​សមត្ថភាព​មន្រ្តី ​និង​អនុរក្ស ​និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ លើ​ការចែក​រំលែក​ចំណេះ​ដឹង ​បទពិសោធ ​និង​ព័ត៌មាន ​លើ​ការអនុវត្ត​សកម្មភាព​អភិរក្ស»។

លោក​ព្រំ សុមានី ​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៥​ កក្កដា ​ស្រដៀង​នឹង​រដ្ឋមន្ត្រី​កសិកម្ម​ដែរ​ថា ​ក្នុង​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩ ​គម្រោង​មួយ​ចំនួន ​ត្រូវបាន​ខកខាន​អនុវត្ត។ ទោះយ៉ាង​ណា ​ក្នុង​ពេល​នេះ ​លោក​ឱ្យដឹង​ថា​ក្រសួង ​ក៏គ្រោង​អនុវត្ត​នូវ​គម្រោង​មួយចំនួន​ឡើង​វិញ ​ដោយ​រង់ចាំ​ការទម្លាក់​ថវិកា​សម្រាប់​បន្ត​ជំហាន​បន្ទាប់ពី​ភាគី​ចិន​ តាម​រយៈ​ក្រសួង​ការបទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។

លោក​ថ្លែងថា​៖«គម្រោង​នេះ ​តាមរយៈ​ក្រសួង​កាបរទេស ​គាត់​មិនទាន់​ទម្លាក់​លុយ​មកឱ្យ​ខាង​យើង​ ដោយ​គិតថា ​ដោយសារ​តែ​បញ្ហា​កូវីដ១៩​ យើង​មិនទាន់​អាច​ធ្វើ​សកម្មភាព​អ្វី​បាន។ ប៉ុន្តែ​ខាង​យើង ​រង់ចាំ​ថវិកា ​ដើម្បី​អនុវត្ត ​ព្រោះ​គម្រោង​ខ្លះ ​គឺ​ក្រុម​ការងារ ​អាចបន្ត​សកម្មភាព​បាន​ ដូចជា​ក្នុង​គម្រោង​ចុះ​អភិរក្ស​សត្វ​ផ្សោត​ទឹកសាប​ជាដើម»។

បើ​តាម​លោក​ព្រំ សុមានី ​តាមរយៈ​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​មេគង្គ​-ឡាន​ឆាង ​គឺ​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​របស់​ប្រទេស​ជាសមាជិក ​ចិន​ មីយ៉ាន់ម៉ា ​ថៃ ​ឡាវ ​កម្ពុជា ​និង​ប្រទេស​វៀតណាម ​ជាដើម ​ក្នុងនោះ​ ក៏បាន​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន​ និង​កិច្ចសហ​ប្រតិបត្តិការ​អាស៊ាន​-ចិន​ផង​ដែរ៕