សៀមរាបៈ មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បង្កើត​កន្លែង​ទារកដ្ឋាន​សម្រាប់​មន្ត្រីរាជការ​ជា​ស្ត្រី ដើម្បី​បាន​មើលថែ​ និង​បំបៅ​ដោះ​កូន​ក្នុងពេល​មក​បំពេញ​ការងារ ខណៈ​នៅតាម​បណ្តា​ស្ថាប័ន​ចម្រុះ​ដទៃទៀត​របស់​ក្រសួង​បរិស្ថាន ក៏មាន​គោលការណ៍​បង្កើត​រៀបចំ​ឱ្យមាន​កន្លែង​បែបនេះ ដើម្បី​លើកកម្ពស់​ដល់​ស្ត្រី​នៅ​កន្លែង​ធ្វើការ​។


លោក​ ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ទារកដ្ឋាន​នេះ​ត្រូវបាន​រៀបចំ​បង្កើត​ឡើង​មួយរយៈ​មកហើយ ដើម្បី​ផ្តល់​ឱ្យ​មន្ត្រីរាជការ​ជា​ស្ត្រី អាច​មាន​ពេលវេលា​ដ៏កក់ក្តៅ​ក្នុង​ការបំពេញ​ការងារ និង​បាន​មើលថែ​កូនៗ​របស់​ពួកគាត់​។

លោក​ប្រាប់ថា នៅ​ទូទាំង​ខេត្ត​សៀមរាប មន្ត្រីរាជការ​ជា​ស្ត្រី ចំណុះ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត មាន​ជិត​ ២០ ​នាក់​។ ដូច្នេះ​ការបង្កើត​ទារកដ្ឋាន​នេះ គឺជា​តម្រូវ​ការចាំបាច់​មួយ​សម្រាប់​មន្ទីរ​ផងដែរ ក្នុងការ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ម្តាយ ទារក​។


លោក​បញ្ជាក់ថា​៖ «​ទារកដ្ឋាន​នេះ​ជា​ការរួមចំណែក​មួយ​សម្រាប់​លើកកម្ពស់​សុខភាព​មាតា​ និង​ទារក​របស់​ពួកគាត់ និង​មួយទៀត​ឱ្យ​ពួកគាត់ ដែលជា​មន្ត្រីរាជការ​ស្ត្រី​មាន​ឱកាស​អាច​ធ្វើការ​នៅក្នុង​មន្ទីរ​ផ្ទាល់​ផងដែរ​។ នៅពេល​គាត់​ត្រូវ​មក​ធ្វើការ ជាជាង​គាត់​ទុក​កូន​គាត់​ចោល ឬ​គ្មាន​អ្នកណា​មើល​នៅផ្ទះ ព្រោះ​ម្តាយ​ចាស់ជរា ហើយ​គាត់​យក​កូន​មក​ទីនេះ គឺ​បាន​ប្រាស្រ័យ​ទាក់ទង​រវាង​មន្ត្រី និង​មន្ត្រី​ផង​»​។

បើតាម​លោក​ ស៊ុន គង់ ទារកដ្ឋាន​នេះ គឺមាន​បន្ទប់​ ១ ​ក្នុង​មន្ទីរ​តែម្តង ដោយ​មាន​សម្ភារ​ក្មេងៗ និង​មាន​ការលម្អ​បន្ទប់​នេះ សម្រាប់​ក្មេងៗ​ជាពិសេស​ផងដែរ​។ ក្នុងពេល​ខាងមុខនេះ លោក​ ស៊ុន គង់ សម្តែង​នូវ​ក្តី​រំពឹងថា មន្ទីរ​ក៏​អាចមាន​លទ្ធភាព​ផ្តល់ជូន​នូវ​ថ្លៃអាហារ និង​ផ្តល់ជូន​ស្ត្រី​មើលថែ​ក្មេង សម្រាប់​មើលថែ​កូនៗ​របស់​មន្ត្រីរាជការ​ស្ត្រី​ផងដែរ​។


លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅ​ក្រសួង​បរិស្ថាន និង​នៅតាម​មន្ទីរបរិស្ថាន​នានា ត្រូវ​រៀបចំ​កន្លែង​នេះ​នៅតាម​ស្ថាប័ន​របស់ខ្លួន​រៀងៗ​ខ្លួន​ទៅ​តាម​លទ្ធភាព​ និង​កាលៈទេសៈ ដើម្បី​ស្រប​នឹង​ច្បាប់​ការងារ​ដោយ​រាល់កន្លែង​ការងារ​ត្រូវមាន​ទារកដ្ឋាន​។

លោក​ថា​៖ «​នេះ​គឺជា​ការយកចិត្ត​ទុកដាក់​ទៅលើ​ស្ត្រី ព្រោះ​មន្ត្រីរាជការ​ដែល​បំពេញការងារ​នៅតាម​ក្រសួង មន្ទីរ គឺ​ពួកគាត់​មិនមែន​ត្រឹមតែ​មន្ត្រីរាជការ​ទេ គាត់​ក៏​ជា​ម្តាយ និង​ឪពុក​របស់​កូនៗ​គាត់​ដែរ​។ អ៊ីចឹង​ការយកចិត្ត​ទុកដាក់ គឺជា​ផ្នែក​មួយ​នៃ​ការគិតគូរ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​»​។

ក្រសួង​កិច្ចការនារី​ពី​ម្សិលមិញ​បាន​កោតសរសើរ​ចំពោះ​ក្រសួងបរិស្ថាន និង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ដែល​បាន​យកចិត្ត​ទុកដាក់ និង​រៀបចំ​ឱ្យមាន​កន្លែង​មើល​ក្មេង​សម្រាប់​មន្ត្រី ដែល​មាន​កូនតូច នៅ​កន្លែង​ធ្វើការ​នៃ​មន្ទីរបរិស្ថាន​ខេត្តសៀមរាប​។

ក្រសួង​កិច្ចការនារី​បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា​៖ «​ស្នាមញញឹម​របស់​មន្ត្រីរាជការ និង​សមាជិក​គ្រួសារ​របស់ខ្លួន ពិតជា​មានន័យ​ណាស់ នៅពេល​ដែល​ទទួល​ការគិតគូរ និង​គាំទ្រ​ពី​កន្លែង​ការងារ និង​ថ្នាក់ដឹកនាំ​របស់ខ្លួន​»៕

វីដេអូ៖