ក្រសួងសុខាភិបាល ណែនាំដល់ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ថ្នាក់រាជធានី-ខេត្ត ត្រូវសម្រួលដល់ការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសនូវការខកខាន ឬការរាំងស្ទះដល់ការដឹកជញ្ជូនវត្ថុធាតុដើម ក្នុងអំឡុងពេលរដ្ឋាភិបាលដាក់ចេញវិធានការបម្រាមគោចរនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
សេចក្តីណែនាំចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចុះថ្ងៃទី ៣០ ខែកក្កដានេះបានឱ្យដឹងថា ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមឃាត់ ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរ ដោយគណៈអភិបាលរាជធានី-ខេត្តក្នុងអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធនាការរយៈពេល ១៤ ថ្ងៃរបស់រាជរដ្ឋាភិបាល មិនត្រូវធ្វើឱ្យរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ។
សេចក្តីជូនដំណឹងបន្តថា៖ «ផ្អែកតាមស្មារតីនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ សូមធ្វើការណែនាំបន្ថែមដល់ឯកឧត្តម លោកជំទាវជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ថ្នាក់រាជធានី-ខេត្ត ដែលជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងឯកឧត្តមប្រធានអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យ គ.អ.ក. សូមធានាឱ្យបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសនូវការខកខាន ឬការរាំងស្ទះដល់ការដឹកជញ្ជូនវត្ថុធាតុដើមចូល ឬផលិតផលសម្រេចចេញពីតាមបណ្តារោងច្រកសហគ្រាសនានា ក៏ដូចជាការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតផងដែរ»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ២៨ ខែកក្កដានេះបានចេញសារាចរ ទាក់ទងនឹងការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប និងសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta)៕