លោក​នាយក​រដ្ឋ​មន្រ្ដី​៖​ ការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ និង​យុវ​វ័យ​អាច​ឈាន​ទៅ​បើក​សាលា​រៀន​ឡើង​វិញ​នៅ​​ខែ​កញ្ញា ​ឬខែ​តុលា​ខាង​​​មុខ

Content image - Phnom Penh Post
ដំណើរការបើកសាលាឡើងវិញកាលពីដើមឆ្នាំនេះ មុនពេលបិទជាថ្មី។ ហុង មិនា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ​បានបញ្ជាក់​ថាផល​ប្រយោ​ជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ និង​យុវវ័យ គឺ​អាច​អនុញ្ញាត​ដល់​ការ​​បើក​ដំណើ​ការឡើង​វិញ​​នូវសាលា​រៀន ​និង​គ្រឹះ​ស្ថាន​អប់រំ​នានាយ៉ាង​ហោច​ណាស់ ​ថ្នាក់​អនុវិទ្យា​ល័យ​ សម្រាប់​បវេសន​កាល​ឆ្នាំ​សិក្សា ២០២១-​២០២២ នៅ​​ខែ​កញ្ញា ឬខែ​តុលា​ ខាង​​មុខនេះ​។​

លោក​នាយក​រដ្ឋ​មន្រ្ដី​​ ថ្លែង​បែប​នេះក្នុង​ពេលលោកធ្វើជា​អធិបតី​​បើក​យុទ្ធ​នាកា​រចាក់​វ៉ាក់​សាំង​កូវីដ ១៩ ​ដល់​ក្មេង ​និង​យុវវ័យ​អាយុ​​ចាប់​ពី ១២ ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​ នៅវិមាន​ស​ន្តិភាព​នាព្រឹក​ថ្ងៃទី ១​ ខែ ​សីហា ឆ្នាំ​ ២០២១​នេះ​។​

លោក​ ហ៊ុន សែន បាន​បញ្ជាក់​​ថា​៖ ​«ការ​ចាក់​វ៉ាក់​សាំង​លើ​កុមារ និង​យុវវ័យ​ផល​ប្រយោ​ជន៍ គឺយើង​អាច​បើក​ដំណើ​ការឡើង​វិញ​​នូវ​សា​លា​រៀន និង​គ្រឹះ​ស្ថាន​អប់រំ​នានា​យ៉ាង​ហោច​ណាស់​យើង​អាច​ចាប់​ផ្ដើម​បើក​សា​លារៀនពី​ថ្នាក់​អនុវិទ្យា​ល័យ​ឡើង​ សម្រាប់​បវេសន​កាល​ ២០២១-២០២២ នៅ​ខែ​កញ្ញា​ ឬខែ​តុលា​ខាង​មុខ​។​

បើ​តាមលោក​នា​យក​រដ្ឋ​មន្រ្ដី​ ការ​បើក​សាលា​រៀន​ឡើង​វិញ​នេះ គឺ​សំដៅ​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ការ​អប់រំ របស់​កុមារ និង​យុវវ័យ​ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ និង​ជា​​សសរ​ទ្រូង​របស់​សង្គម​យើង​៕

ព័ត៌មានថ្មីៗ