ក្រសួង​សាធា​រណការ​កំពុង​សហ​ការ​ជាមួយ​សមត្ថកិច្ច ​រកមុខ​អ្នក​បន្លំ​ខ្លួនជា​មន្ត្រី​ធ្វើ​បណ្ណ​បើកបរ

Content image - Phnom Penh Post
គណនីហ្វេសប៊ុកឆបោកនិងចុងសន្លឹកផ្ញើលុយតាមវីងដើម្បីទិញបណ្ណបើកបរ នៅក្នុងខេត្តកំពង់ស្ពឺពីខែកក្កដា ។ រូបថត FN

ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​កំពុង​សហការ​ជាមួយ​អគ្គ​ស្នង​ការ​ដ្ឋាននគរ​បាល​ជាតិ​​នៃ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ករណី​ជន​ឆបោក​​បន្លំ​ជា​មន្រ្ដី​ធ្វើបណ្ណ​បើកបរ​យាន​យន្ត​ដល់​ពលរដ្ឋ​ជាច្រើន​ករណី​នាពេល​កន្លង​មក​ ខណៈ​ក្រសួ​ង​​ពុំ​មាន​គោល​ការ​ណ៍ផ្ដល់​​សេវា​ធ្វើ​ប័ណ្ណ​បើក​បរ​តាម​រយៈ​បុគ្គល​ណា​ម្នាក់​នោះ​។​ នេះ​បើតាម​មន្រ្ដី​នាំពាក្យ​ក្រសួង​សាធា​រណៈ​ការ​។

លោក​ ហ៊ាង ​សុទ្ធា​យុត្តិ ​អ្នក​នាំពាក្យ​ក្រសួង​សាធារ​ណការ ​និង​ដឹក​ជញ្ជូន​ បានប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ នៅថ្ងៃទី​ ១ ​សីហាថា​ ករណី​ជន​​ឆបោក​ក្លែង​បន្លំ​ជា​មន្រ្ដី​ក្រសួង​សាធា​រណៈការ​កន្លង​មក ក្រសួង​ក៏ធ្លាប់​បាន​សហការ​មួយ​ចំនួន​ជាមួយ​មន្រ្ដី​នគរបាល​ក្នុង​កា​រ​ចាត់​វិធានការ​​ហើយ​ដែរ ព្រោះ​ករណី​នេះ​ធ្លាប់​បាន​កើត​មាន​ឡើងច្រើន​លើក​មក​ហើយ​។ ​

លោក​បាន​ថ្លែង​ថា​៖ «ក្រសួង​​បាន​សហ​ការ​ជាមួយ​អគ្គស្នង​ការ​ដ្ឋាននគ​របាល​ជាតិ​នៃក្រសួង​មហា​ផ្ទៃ​ចាត់​​វិធានការហើយ​។ យើង​ឃើញ​​ថាចំណុច​ដែល​ជា​បញ្ហា​ប្រឈម​នៅក្នុង​បណ្ដាញ​សង្គម ការ​បង្កើត​គណនី​ហ្វេស​ប៊ុក​ក្លែង​ក្លាយ រួច​ផ្សព្វផ្សាយ មាន​ភាព​ងាយស្រួល​ពេក ទើប​​បណ្ដាលឱ្យ​ពលរដ្ឋ​​ដែល​មិន​ទទួលបាន​ព័ត៌មាន​ពីការ​ធ្វើប័ណ្ណបើកបរបានទូលំទូលាយ​ងាយ​នឹង​​ចាញ់​បោក​​ជន​ល្មើស​»។​

បើតាម​លោក សុទ្ធា​យុត្តិ ជាគោល​ការណ៍​រួម ក្រសួង​មិន​មាន​ការ​ផ្ដល់​លទ្ធភាព​ឱ្យ​ភ្នាក់​ងារ​ណា​មួយ ទៅធ្វើបណ្ណ​បើកបរ​ឱ្យ​ពល​រដ្ឋទេ​។ ការ​ធ្វើ​បណ្ណបើក​បរ ទាម​ទារ បុគ្គល​ម្ចាស់​យាន​យន្ត​ ទៅ​ធ្វើ​ដោយ​ខ្លួន​ឯង ឆ្លង​កាត់​​ការ​ប្រឡង​ដែល​ម្ចាស់​ទៅ​ប្រឡង​ និង​មិន​អាច​​ឱ្យ​បុគ្គល​ណា​ទៅ​ប្រឡង​ជំនួស​បានទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «ការ​ធ្វើ​បណ្ណ​បើកបរ​ គឺមិន​អាច​ធ្វើទៅបាន​តាមរ​យៈ​អ្នករត់ការទេ គឺគ្មាន​គោលការ​ណ៍នេះ​ដាច់ខាត​។ ការ​ធ្វើ​​បណ្ណើ​បើកបរ​គឺជារឿង​សំខាន់ វាពាក់ព័ន្ធ​ជាមួយ​នឹង​សុវត្ថិ​ភាព​នៅលើ​ផ្លូវ​ថ្នល់។ បើ​យើង​ធ្វេស​ប្រហែស​នៅក្នុង​កម្រិត​ណា​មួយ​នោះ​វាមិន​ត្រឹម​តែគ្រោះ​ថ្នាក់​ដល់​បុគ្គល​ខ្លួន​​ឯង​ទេ ប៉ុន្តែ​បង្កគ្រោះ​ថ្នាក់​ដល់អ្នក​នៅជុំវិញ​ថែម​ទៀត​»។​

លោក​បាន​អះអាង​ថា បុគ្គល​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​មាន​គណនី​ឈ្មោះ ​«ភក្ត្រា សា​ធារ​ណការ និងដឹក​ជញ្ជូន» គឺមិន​មាន​ជា​មន្រ្ដី​ក្រសួង​ទេ គណនី​នេះ គឺជា​ការ​ឆបោក ក្រសួង​ធ្លាប់​បាន​ច្រាន​ចោល​គណនី​ឈ្មោះនេះ​ជាច្រើន​លើក​ហើយ​។​

លោក ​ស៊ុន ​ចាន់​ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារ​ណការ​ ធ្លាប់​បាន​លើកឡើង​នូវ​ដំណោះ​ស្រាយ​ជាបន្ត​បន្ទាប់​ ក្នុង​ការ​លុប​បំបាត់​ភាព​ស្មុគ​ស្មាញ​លើ​ការ​ផ្ដល់​សេវា​ធ្វើបណ្ណ​បើក​បរ និង​បាន​លុប​បំបាត់​អំពើពុក​រលួយ​លើការធ្វើ​បណ្ណបើក​បរ ដែល​ជា​បញ្ហា​ស្មុគ​​ស្មាញ​ របស់​ក្រសួង​នា​ពេល​កន្លង​មក​។

លោក​ទេស​រដ្ឋ​មន្ត្រី​ធ្លាប់​បាន​អះ​អាង​ថា​មិន​មាន​ការ​ធ្វើប​ណ្ណបើ​ក​បរ​ណា​មួយ​ដោយ​គ្មាន​ការប្រឡង​នោះឡើយ។​ ជាមួយគ្នានេះ លោក​ ក៏ធ្លាប់​បានព្រ​មាន​ចាត់វិធា​នការតាមច្បា​ប់ចំពោះ​មន្ត្រី ដែល​ឃុប​ឃិត​ ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​លើ​ការ​ធ្វើ​បណ្ណ​បើក​បរ​នេះ​ផង​ដែរ​។

កាល​ពីខែមីនា​និង​ខែ​កក្កដា​ ឆ្នាំ ២០២១ ​ពលរដ្ឋរស់នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ដ​កំពង់​ស្ពឺ​ បាន​សរសេរ​បង្ហោះ​ជាស​ធារណៈ​​នៅលើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ បង្ហាញ​ពី​ករណី​ចាញ់​បោក​បុគ្គល​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មាន​គណនី​ឈ្មោះ «ភក្ត្រា​សាធា​រណ​ការ​និង​ដឹក​ជ​ញ្ជូន» ដើម្បី​ធ្វើ​បណ្ណ​បើក​បរ​នេះ​​។

តាម​ការ​សរសេរ​របស់​ពលរ​ដ្ឋដែលចា​ញ់បោកគេ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ បុគ្គល​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មាន​គណនី​ឈ្មោះ «ភក្ត្រា សាធា​រណការ​ និងដឹក​ជញ្ជូន» បានអះ​អាងថា​ រូប​គេ​អាច​ធ្វើ​បណ្ណ​បើក​បរ​រថ​យន្ត​ដោយ​មិន​ចាំបាច់​ឆ្លង​ការ​ប្រឡង​ជា​មួយ​ក្រសួង​សាធា​រណ​ការ និងដឹក​ជញ្ជូន​នោះឡើ​យ ហើយ​ដើម្បីទ​ទួលបា​នបណ្ណបើ​កបរ​ដោយមិ​នបាច់​ប្រឡង​នេះ គឺ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៥០​០ ដុល្លារ​។

ពលរដ្ឋ​បាន​រៀប​រាប់​ថា ជន​ឆបោក​បាន​ប្រើ​វិធី​លួង​លោមឱ្យ​អ្នក​ចង់​ធ្វើ​បណ្ណ​បើកបរ​ ផ្ញើ​ឯក​សារ​ពាក់​ព័ន្ធ​និង​ផ្ញើ​លុយ​តាម​វីងដ​ល់​រូបគេ​។ បើតាម​ការ​បង្ហាញ​របស់​ពលរដ្ឋ​ករណីឆ​បោកនេះ​គឺជន​ឆបោក​បាន​ឱ្យ​អ្នកចង់​បាន​បណ្ណ​បើកបរ​ ផ្ញើ​លុយទៅ​តាម​លេខ​ទូរស័ព្ទ​ទាំង​នេះ​ 096 64 202 52/081 336 609 ៕

ព័ត៌មានថ្មីៗ