ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​រិះគន់​ការចេញ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch (HRW) ​ដែលថា ការសាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ ២ បានធ្វើឱ្យ​អន្តរាយ​ដល់​ការលើកស្ទួយ​សិទ្ធិមនុស្ស​នានា​នៅ​កម្ពុជា ដោយ​លោក​ចាត់ទុក​របាយការណ៍​នេះ​ថា មាន​ចរិត​បម្រើ​​ឱ្យ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​រារាំង​ដល់​ដំណើរការ​អភិវឌ្ឍ​កម្ពុជា ហើយ​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​ដុត​ចង្កៀងប្រេងកាត​។


លោក នេត្រ ភក្ត្រា បាន​ថ្លែង​កាល​ថ្ងៃទី​ ១០ ខែសីហា​ថា វា​ជា​របាយការណ៍​បែប​ភូតកុហក​ដែលជា​របាយការណ៍​ដែល​បំផ្លាញ​​សិទ្ធិមនុស្ស បំផ្លាញ​សិទ្ធិ​សេដ្ឋកិច្ច​ទៅវិញ​ទេ​។ របាយការណ៍​​របស់​ Human Rights Watch ​នេះ​មាន​ចរិត​ជាការ​បម្រើឱ្យ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​រារាំង​ដល់​ដំណើរការ​អភិវឌ្ឍ​កម្ពុ​ជាជាង​ការគិតគូរ​ពី​សិទ្ធិមនុស្ស​ពិតប្រាកដ​។

លោក​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បានគិត​គូរ​យ៉ាង​ហ្មត់ចត់​រាល់​គម្រោង​សាងសង់​នានា ហើយ​បាន​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​ទាំងឡាយ​តាមរយៈ​ឧបករណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជាមួយ​នឹង​ដំណោះស្រាយ និង​វិធានការ​ច្បាស់លាស់​រួចហើយ​»​។


បើតាម​លោក ភក្ត្រា ឧបករណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជាមួយនឹង​ដំណោះស្រាយ និង​វិធានការ​ទាំងនោះ​មាន​ដូចជា​ទី​១ ​ត្រូវ​កំណត់ឱ្យ​គម្រោង​បញ្ចេញ​បរិមាណ​ទឹក​គ្រប់គ្រាន់​ទៅ​ខ្សែទឹក​ខាងក្រោម​អំឡុងពេល​ប្រតិបត្តិ​គម្រោង​ដែល​អាច​ធានាបាន​ពី​ការថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទន្លេ​។

ទី​២ គម្រោង​បានផ្តល់​ផ្ទៃដី​ទំហំ ៧០៨៦,៨០២ ​ហិកតា​ជូន​​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ព្រមទាំង​សាងសង់​លំនៅឋាន​ដែលមាន​ផ្ទះថ្ម​ចំនួន ១១៨ ​ខ្នង ផ្ទះ​ឈើ​ចំនួន ៤៧១ ​ខ្នង បន្ថែម​ថវិកា​សង់​ដោយ​ខ្លួនឯង​ចំនួន ១២៧ ​ខ្នង ជីក​ស្រះ​ចំនួន ៦៣ ​ស្រះ សាលារៀន​ចំនួន​ ១២ សាលា​មត្តេយ្យ​ចំនួន​ ១២ សាលាឃុំ​ចំនួន​ ២ វត្តអារាម​ ៣ ប៉ុស្តិ៍នគរបាល​ ២ ប៉ុស្តិ៍​អាវុធហត្ថ​ ១ ​និង​ជីក​អណ្តូងទឹក​ ១៨​។


ដោយឡែក​ពលរដ្ឋ​ចំនួន​ ១២ ​គ្រួសារ​ដែល​រស់នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ទទួលយក​សំណង​ថវិកា ១០០ ​ភាគរយ​ពី​ក្រុមហ៊ុន​ហើយ​​ក៏មាន​ប្រជាពលរដ្ឋ​ចំនួន​ ៥៦ ​គ្រួសារ​មិន​ព្រម​ទទួល​សំណង និង​សុខចិត្ត​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ព្រមទាំង​ផ្តល់​ផលប៉ះពាល់​ផ្សេងទៀត​។

លោក​បាន​បន្តថា​៖ «​ការពិពណ៌នា​ក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ HRW ​ទាក់ទង​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​​ ២ ​គ្រាន់តែ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ បំផ្លើស បំប៉ោង​ខុសពី​ការពិត​អំពី​កម្ពុជា​ និង​ដើម្បី​ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​ការអភិវឌ្ឍ​របស់​កម្ពុជា និង​ព្យាយាម​ចិញ្ចឹម​ទំនាស់​ដើម្បី​បម្រើ​របៀបវារៈ​នយោបាយ​ពិតប្រាកដ​មួយ​ប៉ុណ្ណោះ​»​។

លោក នេត្រ ភក្ត្រា បាន​បន្ថែមថា ការសាងសង់​ទំនប់​វារីអគ្គិសនីសេសាន​ក្រោម​ ២ បានផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ​ និង​ពលរដ្ឋ ដូចជា គម្រោង​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ ៤០០ MW ជា​សំណង់​វារីអគ្គិសនី​ដ៏ធំ​មួយ​ដែល​ចាត់ទុកថា​ជា​ថាមពល​ដែល​អាច​កកើត​ឡើងវិញ​បាន​ និង​មាន​ការលើក​ទឹកចិត្ត​ក្នុង​ការប្រើ​ថាមពល​បែបនេះ​។

លោក​បញ្ជាក់ថា កម្ពុជា​បាន​អភិវឌ្ឍ​ប្រទេស​ពី​ការដុត​ចង្កៀងប្រេងកាត​មកជា​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ គួរតែ​អង្គការសិទ្ធិមនុស្ស​មួយ​នេះ​កោតសរសើរ​ទៅវិញ​ទេ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានគិតគូរ​គ្រប់​ជ្រុងជ្រោយ​លើ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ផ្តោតលើ​វិស័យ​អាទិភាព គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​អ្វី​​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បានតែ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជ្រុលនិយម​ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស HRW បែរជា​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​ដុត​ចង្កៀងប្រេងកាត​ក្នុង​សតវត្សរ៍​ទី​ ២១ ​នេះ​ទៅវិញ​»​។

លោក នេត្រ ភក្ត្រា បានឱ្យ​ដឹងថា ស្ថានភាព​ទឹកទន្លេ​សេសាន និង​គុណភាព​ទឹក​ខាងលើ និង​ខាងក្រោម​ទំនប់​វារីអគ្គិសនី​បច្ចុប្បន្ន​ពុំមាន​ការប្រែប្រួល​​ទេ​។ ​ក្នុងករណី​ប្រែប្រួល​គឺ​ប្រែប្រួល​ជា​លក្ខណៈ​ទូទៅ​នៃ​បណ្តា​​ប្រទេស​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ទាំងអស់​ (​ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​)​។

តាម​របាយការណ៍​របស់​ HRW ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែសីហា​បានសរសេរថា ទំនប់​វារីអគ្គស​នីសេសាន​ក្រោម​ ២ បានបញ្ចប់​ការសាងសង់​រួចរាល់​នៅ​ឆ្នាំ​ ២០១៨ ​ជា​លទ្ធផល​បានធ្វើឱ្យ​មាន​ការផ្លាស់​លំនៅ​របស់​មនុស្ស​ជិត​ ៥ ០០០ ​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច និង​ជនជាតិដើម​ផ្សេងៗ​ទៀត​។

របាយការណ៍​សរសេរ​ថា «​គម្រោង​បង្ក​ផលប៉ះពាល់​ដល់​​មនុស្ស​រាប់ពាន់នាក់​ផ្សេងទៀត ដែល​រស់នៅ​ខ្សែទឹក​ខាងលើ និង​ខ្សែទឹក​ខាងក្រោម​នៃ​ទំនប់​ដែល​រស់នៅ​ពឹង​អាស្រ័យ​លើ​ការនេសាទ​សម្រាប់​ប្រភព​អាហារ និង​ប្រាក់ចំណូល​»​។

បើតាម​របាយការណ៍​ដដែល គម្រោង​ទំនប់​វារីអគ្គិសនី​នេះ ក៏​ប្រហែលជា​បានរួម​ចំណែក​ធ្វើឱ្យ​ធ្លាក់ចុះ​នូវ​ទិន្នផល​នេសាទ​​នៅក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ​ដែល​​នាំ​ជា​ផលប៉ះពាល់​យ៉ាង​ធំធេង ដោយហេតុថា មាន​មនុស្ស​រាប់សិប​លាន​នាក់​នៅ​កម្ពុជា វៀតណាម ថៃ និង​ឡាវ រស់នៅ​ពឹង​អាស្រ័យ​លើ​ផល​នេសាទ​នៅក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ​។ សម្រាប់​ពលរដ្ឋ​កម្ពុជា​ជា​មធ្យម ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​ប្រហែល​ ៦០ ​ទៅ​ ៧៥ ​ភាគរយ​នៃ​របប​អាហារ​របស់គេ​៕

វីដេអូ៖