
លោក ខៀវ សំផន ពេលចូលរួមសវនាការកាលពីខែសីហាឆ្នាំ ២០១៨។ រូប សាលាក្តីខ្មែរក្រហម
ភ្នំពេញៈ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ឬហៅថា សាលាក្តីខ្មែរក្រហម គ្រោងបិទបញ្ចប់សំណុំរឿងប្រឆាំងនឹងលោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហមនៅចុងឆ្នាំក្រោយ ខណៈសវនាការលើបណ្តឹងសារទុក្ខរបស់លោករយៈពេល ៤ ថ្ងៃ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
អង្គជំនុំជម្រះតុលាការកំពូលនៃអវតក គ្រោងបើកសវនាការលើបណ្តឹងសារទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងលោក ខៀវ សំផន រយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែសីហា និងបានកំណត់យកថ្ងៃទី ២០ ខែសីហា ជាថ្ងៃបម្រុងទុកក្នុងករណីមានតម្រូវការ។
លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃអវតក រកឃើញមានពិរុទ្ធភាព ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមហើយបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ ជីវិតក្នុងសំណុំរឿង ០០២/០២ កាលពីឆ្នាំ ២០១៨។ ប៉ុន្តែលោក ខៀវ សំផន បានបន្តដាក់បណ្តឹងសារទុក្ខទៅអង្គជំនុំជម្រះតុលាការកំពូល។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១២ ខែសីហាថា លោក ខៀវ សំផន ដែលមានអាយុ ៩១ ឆ្នាំមានសុខភាពល្អនៅឡើយទេ ហើយលោកនឹងចូលរួមសវនាការនេះ ជាមួយក្រុមមេធាវីរបស់លោក។
លោកបានបញ្ជាក់ថា៖ «នៅក្រោយពេលបើកសវនាការលើបណ្តឹងសារទុក្ខនេះអង្គជំនុំជម្រះតុលាការកំពូលរំពឹងថា នឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួននៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ខាងមុខ»។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មាននេះដែលសួរថាតើ បន្ទាប់ពីសំណុំរឿងលោក ខៀវ សំផន ត្រូវបានបិទបញ្ចប់នៅចុងឆ្នាំក្រោយ តើក៏ជាការបិទបញ្ចប់សាលាក្តីខ្មែរក្រហម ឬនៅមានសំណុំរឿងដែលនឹងត្រូវបន្តទៀត?
លោក ភក្ត្រា ថ្លែងថា៖ «ប្រសិនបើប្រកាស (សាលដីកាស្ថាពរ) ទៅតាមផែនការ នោះគឺជាការបិទបញ្ចប់នូវសំណុំរឿង ០០២/០២។ និយាយជារួមគឺការបិទបញ្ចប់នូវសំណុំរឿង ០០២ ដែលប្រឆាំងទៅនឹងជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហមដែលនៅរស់គឺលោក ខៀវ សំផន»។
លោកបានបន្តថា តុលាការខ្មែរក្រហមនៅសល់សំណុំរឿងមួយចំនួនដែលនឹងត្រូវបន្ត។ ប៉ុន្តែលោកមិនទាន់ដឹងថា សំណុំរឿងទាំងនោះនឹងមានការវិវឌ្ឍយ៉ាងណានោះទេ។
លោកបន្តថា៖ «យើងមិនទាន់ដឹងថា តើនឹងមានការងារអ្វីបន្ថែមទៀតនៅចំពោះមុខ។ កិច្ចការងារដែលយើងនៅសេសសល់ គឺពាក់ព័ន្ធនឹងសំណុំរឿងដែលនៅសេសសល់ និងកិច្ចការងារពាក់ព័ន្ធជាមួយនឹងកេរដំណែលរបស់តុលាការ ការគ្រប់គ្រងឯកសារ»។
លោក ភក្ត្រា ថ្លែងថា សម្រាប់ការងារបច្ចុប្បន្នរបស់សាលាក្តីខ្មែរក្រហមតាមអ្វីដែលលោកបានដឹងគឺរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបាននិងកំពុងធ្វើកិច្ចការងាររួមគ្នាទៅលើកិច្ចការងារដែលនៅសេសសល់របស់សាលាក្តីខ្មែរក្រហម «ដើម្បីឈានទៅដល់ការបិទបញ្ចប់ [សាលាក្តីខ្មែរក្រហម] ក្នុងពេលវេលាសមស្របណាមួយ» ក្រោយពេលដែលបានបិទបញ្ចប់នូវសំណុំរឿងដែលមាននៅចំពោះមុខសាលាក្តីខ្មែរក្រហម។
អង្គជំនុំជម្រះបានត្រៀមថ្ងៃបម្រុងរយៈពេល ៦ ថ្ងៃសម្រាប់សវនាការក្នុងករណីចាំបាច់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែសីហា។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ ១៩ ក្នុងសាលសវនាការនឹងត្រូវផ្តល់ជូនកន្លែងអង្គុយចំនួន ៥០ កន្លែង។ កន្លែងអង្គុយចំនួន ១០ ត្រូវបានត្រៀមទុកសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី។
កន្លែងអង្គុយចំនួន ១៥ ត្រូវបានត្រៀមទុកសម្រាប់ភ្ញៀវអង្គទូត និងតំណាងរដ្ឋាភិបាល។ កន្លែងអង្គុយចំនួន ១៥ នៅក្នុងសាលសវនាការត្រូវបានត្រៀមទុកសម្រាប់តំណាងសារព័ត៌មាន។ កន្លែងអង្គុយចំនួន ១០ នឹងត្រូវត្រៀមសម្រាប់សាធារណជនទូទៅ។
យោងតាមគេហទំព័រ អវតក លោក ខៀវ សំផន ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាពបញ្ជា ញុះញង់ រៀបចំ ផែនការ ដឹកនាំ ឬសមគំនិតដោយការជួយ ឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩។
ប៉ុន្តែលោក ខៀវ សំផន បានបដិសេធនូវរាល់បទចោទប្រកាន់ទាំងអស់មកលើរូបលោក៕