ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​កាលពី​ថ្ងៃ​ម្សិលមិញ​បានប្រកាស​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​លើ​ការពង្រីក​វិសាលភាព​ដាំដុះ​ពូជស្រូវ​ថ្មី​មួយ​ឈ្មោះថា​ «​ផ្កាមាលតី​» ដែល​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ផ្តល់​ផល​ខ្ពស់ជាង​ស្រូវ​ធម្មតា ក្រោយពី​ធ្វើការ​បង្កាត់​ពូជ និង​ចែកចាយ​ឱ្យ​កសិករ​ដាំដុះ​សាកល្បង​អស់​រយៈពេល​ ១០ ​ឆ្នាំ​រួចមក​។


លោក​ ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពូជស្រូវ​ឈ្មោះ​ផ្កាមាលតី ដែលជា​ពូជស្រូវ​កណ្តាល​ប្រកាន់​រដូវ​ត្រូវបាន​អភិវឌ្ឍន៍​ឡើង​តាមរយៈ​ការបង្កាត់​រវាង​ពូជស្រូវ​ក្រអូប​ផ្ការំដួល​ (​មេ​) និង​ពូជស្រូវ​កណ្តាល​ខា​ ៣ (​បា​) ហើយ​ត្រូវបាន​ជ្រើសរើស និង​ពិសោធន៍​ស្រាវជ្រាវ​នៅលើ​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​អស់​រយៈពេល ១៤ ​ឆ្នាំ​។ នៅ​ដើមឆ្នាំ​ ២០១៨ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​បាន​បញ្ចេញ​ និង​ផ្សព្វផ្សាយ​ជូន​កសិករ​ប្រើប្រាស់​។

លោក​បានបញ្ជាក់​ពី​គោលបំណង​នៃ​ការបង្កាត់​ពូជ​នេះ​ដូច្នេះ​ថា​៖ «​និយាយ​រួម​ទៅ​គឺ​ដើម្បី​ទីផ្សារ ព្រោះ​វា​ជា​ប្រភេទ​អង្ករ​ល្អ ប្រណីត បាយ​ទន់​ឆ្ងាញ់ និង​មួយទៀត​គឺ​វា​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដូចជា​ភ្លៀង​មិន​ទៀងទាត់ ឬ​តំបន់​ខ្វះ​ទឹក ព្រោះ​ពូជ​នេះ​វា​ធន់​»​។ លោក​បន្តថា ការចំណាយ​ពេល​យូរ​ក្នុងការ​បង្កាត់​ពូជ និង​ពិសោធន៍​នោះ គឺ​ដោយសារ​តែ​វិទ្យាស្ថាន​ចង់​បាន​ពូជ​មួយ​ដែល​ល្អ ហើយ​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ឬ​ការខ្វះខាត​ទឹក​។


ដើម្បី​ពង្រីក​វិសាលភាព​ការដាំដុះ​ពូជស្រូវ​ផ្កាមាលតី​នេះ នៅ​ចុងឆ្នាំ​ ២០១៨ ដោយមាន​ការសហការណ៍​ឧត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​គម្រោង​កាវ៉ាក់ (CAVAC) ដែលមាន​រយៈពេល ៤ ​ឆ្នាំ (២០១៨-២០២១) ពូជស្រូវ​ផ្កាមាលតី​ត្រូវ​បាន​ពន្លឿន​ការផ្សព្វផ្សាយ​តាមរយៈ​ការធ្វើ​ស្រែ​បង្ហាញ​សរុប​ ២២០ ​កន្លែង​, ស្រែ​ផលិត​កម្មពូជ​ក្នុង​ចំណាត់ថ្នាក់​ចុះបញ្ជី​ ១២ ​កន្លែង និង​ទិវា​ស្រែ​បង្ហាញ​ផលិត​កម្មពូជ​ ១១ ​កន្លែង​នៅតាម​ខេត្ត​គោលដៅ​ចំនួន​ ៦​។ ក្នុងនោះ​មាន​ដូចជា​ខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ ឧត្តរមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​របស់លោក​ វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ឱ្យដឹង​ផងដែរ​ថា ទន្ទឹមនឹងនេះ​កសិករ​ចំនួន​ ២៣១ ​នាក់​បាន​ទទួលផល​ផ្ទាល់​ពី​គម្រោង​នេះ ក្រោយពី​ទទួលបាន​គ្រាប់ពូជ​សុទ្ធ និង​បច្ចេកទេស​ផលិតកម្ម​ពូជស្រូវ​។ ក្រៅពីនោះ កសិករ​ជិតខាង មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម ឈ្មួញ និង​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ២៨៤ ​នាក់​ផ្សេងទៀត​បានទទួល​ព័ត៌មាន​ពី​ពូជស្រូវ​ផ្កាមាលតី និង​ទទួលយក​ពូជ​នេះ​សម្រាប់​បង្កបង្កើនផល​នៅ​រដូវ​ក្រោយ​។ តាមរយៈ​គម្រោង​នេះ ពូជស្រូវ​ផ្កាមាលតី​សរុប​ចំនួន​ ៤០ តោន​ត្រូវ​បាន​ផលិត​នៅតាម​ខេត្ត​គោលដៅ​សម្រាប់​ផ្សព្វផ្សាយ​បន្ត​។


លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖ «​យោង​លើ​លទ្ធផល​នៃ​ការធ្វើ​ស្រែ​បង្ហាញ​ចំនួន​ ២២០ ​កន្លែង ពូជស្រូវ​ផ្កាមាលតី​ដុះ​លូតលាស់​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់ជាង​ពូជ​កសិករ​ជា​មធ្យម ១៤% និង ២៧% ក្នុង​លក្ខខណ្ឌ​កូន​រដូវប្រាំង​អូសបន្លាយ​រយៈពេល​យូរ​»​។

លោក​ ឡោ ប៊ុណ្ណា​ ក៏បាន​បន្ថែមថា ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​អាច​សាកល្បង​យក​ពូជស្រូវ​នេះ​ទៅ​ដាំដុះ និង ចែកចាយ​ពួកគាត់​បន្តទៅ​កសិករ​ផ្សេងទៀត​បាន ហើយ​បើ​កសិករ​ត្រូវការ​ខាង​មន្ត្រី​ជំនាញ​អាច​ចុះទៅ​ជួយ​ណែនាំ​ពី​ការដាំដុះ​ផងដែរ​។ លោក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា សមាគមន៍​ស្រូវ​ខ្លះ​បាន​ទិញ​ពូជ​សុទ្ធ​គ្រឹះ​ ដើម្បី​យក​ទៅ​ដាំដុះ ហើយ​តៀម​នាំចេញ​អង្ករ​ទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ​។ ពូជ​សុទ្ធ​គ្រឹះ​នេះ​ ១ ​គីឡូ​គឺមាន​តម្លៃ ៣,៥០ ​ដុល្លារ តែ​ពូជ​ដែល​កសិករ​ដាំដុះ​បាន​មានតម្លៃ​ថោក​ជាង​នេះ​ច្រើន​៕