ពោធិ៍សាត់ៈ កាកបាទក្រហម​កម្ពុជា​បានប្រគល់​ផ្ទះ ២៥០ ​ខ្នង​ ជូន​ដល់​អតីតយុទ្ធជន​ក្រីក្រ និង​មាន​ពិការភាព ស្ថិតនៅ​ខេត្តពោធិ៍សាត់ ដើម្បី​លើកកម្ពស់​ជីវភាព​ដល់​ក្រុមគ្រួសារ​ពួកគាត់​ ដែល​បានធ្វើ​ពលិកម្ម​ដ៏ធំធេង ចំពោះ​ជាតិ​មាតុភូមិ​។


ពិធី​ប្រគល់​ទទួល​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្រីក្រ និង​មាន​ពិការភាព ដែល​ចូលមក​រស់នៅ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៥ ខែសីហា ស្ថិត​ក្នុងភូមិ​ប៊ុនរ៉ានី​សែនជ័យ​ដំណាក់​ត្រយឹង ឃុំ​​ព្រងិល ស្រុក​ភ្នំក្រវាញ​។

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​លោក​ ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្ត​រួម​នឹង​លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី​ ១ តំណាង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​។


ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ពោធិ៍សាត់​លោក​ លាង ទិត្យដ្ឋាន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការផ្តល់​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន ២៥០ ខ្នង​នេះ គឺជា​ជំហាន​ទី​ ២ ​ហើយ ខណៈ​ជំហាន​ទី​ ១ ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ផ្តល់​ផ្ទះ​ចំនួន ៥០ ខ្នង​កាលពី​ខែមិថុនា ឆ្នាំ​ ២០២១​។

លោក​ថា​៖ «​តាម​គម្រោង គឺ​នឹង​សង់ផ្ទះ​ជូន​ពួកគាត់​ចំនួន​ ៦២៨ ​ខ្នង​ផ្ទះ ឥឡូវ​យើង​បាន​ប្រគល់ជូន​ពួកគាត់​ចំនួន ៣០០ ​ខ្នង​ហើយ​ទាំង​ជំហាន​ទី​ ១ ​និង​ទី​ ២ ​ហើយ​ក្រុមការងារ​នឹង​បន្ត​សាងសង់​ផ្ទះ​ជូន​ពួកគាត់​បន្តទៀត​»​។


លោក​បន្តថា ទន្ទឹមនេះដែរ អភិបាលខេត្ត​ពោធិ៍សាត់​បានផ្តល់​ជា​អង្ករ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ៥០ ​គីឡូ​ក្នុង​ ១ ​ខែ​រហូត​ដល់​ដំណាច់ឆ្នាំ ២០២១​។ ​«​ពួកគាត់​សុទ្ធតែជា​អតីតយុទ្ធជន​ក្រីក្រ ខ្វះខាត អ៊ីចឹង​ហើយ​ទើប​អាជ្ញាធរ​បានផ្តល់​គ្រាប់​ពូជស្រូវ គ្រាប់ពូជ​ដំណាំ​ដល់​ពួកគាត់​បង្កបង្កើនផល​ពេល​គាត់​ទៅដល់​មាន​ជីវភាព​រស់នៅ​ស្រួល​តែម្តង​»​។

បើតាម​លោក​ ទិត្យដ្ឋាន ក្រុមការងារ​ក៏​បាននិងកំពុង​សាងសង់​សាលារៀន និង​មណ្ឌល​សុខភាព ដើម្បី​ឱ្យ​ក្មេងៗ​បាន​សិក្សា​រៀនសូត្រ និង​សម្រាក​ព្យាបាល​នៅ​ទីនោះ​ផ្ទាល់​តែម្តង​។

លោក​ សំ ចាន់គា មន្ត្រី​សម្របសម្រួល​អង្គការសិទ្ធិមនុស្ស​អាដហុក​ប្រចាំការ​ខេត្តពោធិ៍សាត់​បាន​ថ្លែងថា ការផ្តល់​លំនៅឋាន​ជូន​ដល់​អតីតយុទ្ធជន​ក្រីក្រ គឺជា​ការយកចិត្ត​ទុកដាក់​មួយផ្នែក​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​។

លោក​ថា​៖ «​ការដែល​អាជ្ញាធរ ឬ​រដ្ឋាភិបាល​ផ្តល់​ផ្ទះ​នេះ គឺជា​កាតព្វកិច្ច​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការលើកស្ទួយ​សិទ្ធិ​មាន​ទីជម្រក និង​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ​។ អ៊ីចឹង​ក្នុង​នាម​យើង​ជា​សង្គម​ស៊ីវិល យើង​គាំទ្រ​សូម​ឱ្យ​រដ្ឋាភិបាល​បន្ត​អនុវត្ត​របៀបនេះ​បន្តទៀត តែ​យើង​ក៏​ស្នើសុំ​ដែរ រាល់​ការបណ្តេញ​ពលរដ្ឋ​ចេញ​គឺ​សុំឱ្យ​គិតពី​ទីជម្រក​សមរម្យ​របស់​ពលរដ្ឋ និង​កុំឱ្យ​មាន​ការរើសអើង​»​។

យ៉ាងនេះ​ក្តី​លោក​ថា រដ្ឋាភិបាល​គួរ​មាន​កញ្ចប់​ថវិកា​សម្រាប់​ផ្តល់​ឱ្យ​ពួកគាត់ យ៉ាងហោចណាស់​ក៏បាន ៦ ​ខែ​ដែរ ព្រោះ​បើ​ផ្តល់​តែ​ផ្ទះ​ហើយ​ពួកគាត់​អត់​អាច​រកមុខ​របរ គឺ​អាច​នឹង​ធ្វើឱ្យ​ពួកគាត់​មាន​ការលំបាក​ក្នុង​ការរស់នៅ​​ទីតាំង​តាំង​លំនៅ​ថ្មី​នោះ​។

សូមជម្រាបថា សម្បទាន​ដី​សង្គមកិច្ច គឺជា​យន្តការ​ផ្ទេរ​ដីឯកជន​របស់​រដ្ឋ​តាមផ្លូវ​ច្បាប់ ដើម្បី​ផ្តល់ជូន​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​សម្រាប់​សង់​លំនៅឋាន និង​ដី​ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​៕