
ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ចំនួន ៣ គ្រឿង និងទឹកបន្តក់កម្ចាត់មេរោគ «INCU++29» មួយចំនួនត្រូវបានក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ផ្តល់ជូនក្រសួងបរិស្ថាន។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ចំនួន ៣ គ្រឿង និងទឹកបន្តក់កម្ចាត់មេរោគ «INCU++29» មួយចំនួនត្រូវបានក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ផ្តល់ជូនក្រសួងបរិស្ថាន ដើម្បីប្រើប្រាស់ក្នុងការបន្សុទ្ធខ្យល់ សម្លាប់មេរោគជាពិសេសដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា។
ពិធីប្រគល់ម៉ាស៊ីនបន្សុទ្ធខ្យល់ និងទឹកថ្នាំកម្ចាត់មេរោគនេះធ្វើឡើង ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងនាយកក្រុមហ៊ុន រួមនឹងសហការីនៅរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងបរិស្ថានដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានា។
លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដាប់ប៊ែលយូខេអិល អេកូអឺស ឥណ្ឌូឆាយណា ឯ.ក ដែលបាននាំចូលនូវផលិតផលបន្សុទ្ធខ្យល់កម្ចាត់មេរោគប្រកបដោយបច្ចេកវិទ្យាខ្ពស់មកកាន់ទីផ្សារកម្ពុជា និងបានផ្តល់ជូនដល់ក្រសួងបរិស្ថាន។
លោកថ្លែងថា តាមរយៈម៉ាស៊ីនបន្សុទ្ធខ្យល់ និងទឹកថ្នាំកម្ចាត់មេរោគនេះនឹងបង្កើនផាសុកភាព បរិយាកាសសុវត្ថិភាពខ្ពស់ដល់មន្ត្រីរាជការ បំពេញការងារ ក៏ដូចជាចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងទីស្តីការក្រសួង។
បើតាមក្រសួងបរិស្ថាន ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife នេះ គឺជាម៉ាស៊ីនបន្សុទ្ធខ្យល់ និងកម្ចាត់មេរោគប្រើប្រាស់មីក្រូឈីបវៃឆ្លាតដំបូងគេបង្អស់លើលោក ដែលមានប្រព័ន្ធបញ្ចេញទឹកសំណើមឆាប់រហ័សដោយកម្មវិធីមីក្រូឈីប ដើម្បីការពារមនុស្សពីមេរោគទាំងឡាយ រួមទាំងវីរុសកូរ៉ូណាផងដែរ។ ការរចនារបស់ EcondLife គឺបង្កើតឡើងដើម្បីប្រើប្រាស់ជាមួយទឹកបន្តក់សម្លាប់មេរោគ INC។ វាបញ្ចេញសំណើមទឹកថ្នាំ Ionic Nano Copper ល្អិតៗចូលទៅក្នុងបរិយាកាស ដើម្បីបង្អាក់សកម្មភាពវិវត្តន៍នៃមេរោគក្នុងខ្យល់ភ្លាម។
EcondLife អាចគ្របដណ្តប់បានដល់ទៅ ៣០០០ ហ្វីតការ៉េ ឬ ២៧៨ ម៉ែត្រការ៉េ។ វាអាចសម្អាត ៦ ដងលឿនជាងម៉ាស៊ីនទូទៅ និង សម្អាតបានទីតាំងធំជាងម៉ាស៊ីនទូទៅដែលមានលក់ក្នុងទីផ្សារដល់ទៅ ៦ ដងដែលម៉ាស៊ីនទូទៅអាចសម្អាតត្រឹម ៥០០ ហ្វីតការ៉េ ឬ ៤៦ ម៉ែត្រការ៉េ។
ក្រៅពីបង្កើតបរិយាកាសមួយដែលគ្មានភ្នាក់ងារបង្ករោគ ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife អាចបង្កើនកម្រិតអុកស៊ីហ្ស៊ែន និងបន្ថែមកម្រិតសំណើម ដែលនេះអាចបង្កើតបរិយាកាសដ៏ស្រស់ស្រាយ និង មានផាសុកភាពមួយ សម្រាប់ការរស់នៅ ដែលជាលទ្ធផលគឺវាជួយបង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយមនុស្ស។
ម៉ាស៊ីនបន្សុទ្ធខ្យល់កម្ចាត់មេរោគ EcondLife ក៏មានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគផ្សិត កម្ចាត់មេរោគអាឡែកហ្ស៊ី សត្វល្អិតចង្រៃ និងសត្វល្អិតធូលី ផ្សែងនិងផ្សែងពុល ព្រមទាំងបំបាត់ក្លិនមិនល្អ និងខ្យល់ហប់ផងដែរ៕