ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ចូន កំពុងរៀបចំសិក្សាធ្វើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ដើម្បីឈានទៅរកការផាកពិន័យចំពោះយានយន្តធុនធ្ងន់ដែលបើកបរយឺត ហើយមិនប្រកាន់ស្តាំ ដែលបណ្តាលឲ្យមានការរាំងស្ទះដល់អ្នកដទៃ ហើយខុសនឹងច្បាប់កម្ពុជា។
ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងដើម្បីជាការឆ្លើយតបនូវសំណួររបស់ប្រជាពលរដ្ឋ ពីសំណាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ ៣០ សីហា ២០២១ ក្រោមប្រធានបទ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានអះអាងថា ច្បាប់ផ្លូវថ្នល់កម្ពុជា បានចែងច្បាស់ណាស់ថា ការធ្វើដំណើរលើដងផ្លូវ គឺត្រូវប្រកាន់ស្តាំ លើកលែងតែជែងគ្នា។ លោកបន្តថា ដោយសារតែបច្ចុប្បន្ន ក្រសួងសង្កេតឃើញថា យានយន្តជាច្រើន ជាពិសេសរថយន្តដឹកទំនិញធ្ងន់ៗ ដែលបើកបរលើផ្លូវ ២ គន្លងទៅ ២ គន្លងមក មិនបានបើកបរប្រកាន់ស្តាំទេ គឺពួកគេតែងតែបើកបរលើផ្លូវខាងឆ្វេង ដែលធ្វើឲ្យអ្នកបើកបរដទៃមិនអាចជែងបានត្រឹមត្រូវ ហើយក៏ធ្វើការជែងដោយខុស។
លោកបានរៀបរាប់ថា៖ «ដូច្នេះ ត្រូវតែគោរពច្បាប់ គឺប្រកាន់ស្តាំ យើងបើកយឺត ត្រូវនៅខាងស្តាំ ទុកផ្លូវឲ្យគេអ្នកបើកលឿននៅខាងឆ្វេង ជាពិសេស គឺឡានធំៗ ត្រូវតែបើកខាងស្តាំ កុំបើកខាងឆ្វេងឲ្យសោះ។ យើងកំពុងរៀបចំច្បាប់យើង ដើម្បីធ្វើវិសោធនកម្មច្បាប់ ហើយអាចមានការផាកពិន័យចំពោះរថយន្តធុនធ្ងន់ ដែលបើកយឺត ហើយបើកនៅគន្លងខាងឆ្វេង»។
ការប្រកាសពីការផាកពិន័យ និងការចាត់វិធានការចំពោះករណីនេះ ដោយលោក ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថា គឺដើម្បីកុំឲ្យមានការរាំងស្ទះដល់ការធ្វើដំណើររបស់អ្នកបើកបរយានយន្តដទៃទៀត ដែលត្រូវបានរាំងស្ទះដោយសារតែរថយន្តប្រភេទធំៗ បើកបរយឺត ហើយប្រកាន់ស្តាំដែលខុសនឹងច្បាប់របស់កម្ពុជា៕