ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឃាត់​យាន​យន្ត​ដឹក​លើស​ទម្ងន់ ២ គ្រឿង​ទុក​រយៈពេល ១ ឆ្នាំ និង​ព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុនដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់​ថា ក្រសួង​នឹង​មិន​លើក​លែង​ឡើយ បើ​រក​ឃើញ​ដឹក​លើស​ទម្ងន់។


ការ​ឃាត់​ទុក​យាន​យន្ត ២​គ្រឿង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​បាន​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​ចំនួន ៨ គ្រឿង​នៅ​លើ​ផ្លូវជាតិ​លេខ ៥ ត្រង់គ.ម ៣៥៥ ក្នុង​ភូមិ​ព្រែកជីក ឃុំ​បត់ត្រង់ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ នៅថ្ងៃទី៤ ខែកញ្ញា។

ក្រសួង​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅថ្ងៃ​ទី៤ ខែ​កញ្ញា​ថា៖ «យានយន្ត​ដឹក​ជញ្ជូន​ចំនួន ៨​គ្រឿង ដឹកថ្ម ខ្សាច់ និងជី ដែល​ក្នុង​នោះ យានយន្ត ២គ្រឿង​ត្រូវ​ពិន័យ និង​ឃាត់​ទុក​រយៈពេល ១​ឆ្នាំ​ដោយសារ​លើស​ទម្ងន់​កម្រិត​កំណត់ ២០% នៃ​ទម្ងន់​អនុញ្ញាត ដោយ​អនុលោម​តាម​មាត្រា៦០ នៃ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់»។


ក្រសួង​បញ្ជាក់​ថា យានយន្ត ១​គ្រឿង​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ឃាត់​ទុក​រយៈពេល ១​ឆ្នាំ​នោះ​ទេ ដោយសារ​ផ្ទុក​លើស​ទម្ងន់​ក្រោម ២០​ភាគរយ នៃ​ទម្ងន់​អនុញ្ញាត តែ​ត្រូវ​បាន​ផាក​ពិន័យ រើ​ទំនិញ​ចេញ។

ក្រសួងព្រមានថា៖ «ក្រសួង​សូម​រំឭក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុនធ្ងន់ និង​អ្នក​បើកបរ​រថយន្ត​ធុនធ្ងន់​ទាំងអស់​ម្តង​ហើយម្តង​ទៀត​ថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាម​បទប្បញ្ញត្តិ​ច្បាប់ ដើម្បី​ទប់​ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​តឹង​រ៉ឹង​បំផុត​ដោយគ្មាន​ការ​លើក​លែង​ឡើយ»៕