អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ សហការ​ជាមួយ​ក្រសួង​បរិស្ថាន បាន​ផ្តល់​អណ្តូងទឹក​ដើរ​ដោយ​ថាមពល​សូឡា តាមរយៈ​ការ​ពង្រីក​សក្តានុពល​លើ​ឥណទាន​កាបូន ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ស្រែចម្ការ​ដែលនឹង​ជួយ​ធ្វើឱ្យ​ជីវភាព​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង។


យោងតាម​អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យ​ដឹងថា អង្គការ​នេះបាន​ជួយ​សាងសង់​អណ្តូងទឹក​ប្រើ​ដោយ​ថាមពល​ព្រះអាទិត្យ​នៅតំបន់​ឆាយរាប ក្នុង​ស្រុកស្រែ​អំបិល​ចំនួន ៤៣កន្លែង ជូន​សហគមន៍​ក្រីក្រ​ចំនួន ១១ភូមិ នៅ​ស្រុកថ្មបាំង ខេត្តកោះកុង កាលពី​ថ្ងៃទី ១៥ ខែកញ្ញា ដែល​កន្លងមក​ពួកគាត់​ពុំធ្លាប់​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់ និង​ស្រោចស្រព​ផល​ដំណាំ​ឡើយ។

លោក ទូច សុផានី តំណាង​ឱ្យ​នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បានឱ្យ​ដឹងថា អណ្តូងទឹក​ដើរ​ថាមពល​សូឡា​ទំនើប​មិន​ធ្លាប់មាន​នេះ អាច​ដំណើរការ​ទៅបាន​ដោយសារ​សមិទ្វផល​ពីគម្រោង​រេដបូក តំបន់​ជួរភ្នំ​ក្រវាញ​ខាងត្បូង ដែល​លក់​ឥណទាន កាបូន​ទៅឱ្យ​ក្រុមហ៊ុនធំៗ។


លោក​បានបន្ត​ថា ៖ «សមិទ្ធផល​ថ្មី​នេះ​វា​ពិតជា​ធ្វើឱ្យ​ប្រជាកសិករ​រីករាយ​ខ្លាំងណាស់ នៅពេល​ដែល​យើង​បាន​នាំយក​ទឹកស្អាត​មក​កាន់​ភូមិ​ដាច់​ស្រយាល ដែល​កន្លងមក​អ្នកភូមិ​ទាំងនោះ​ធ្លាប់​បាន​រស់នៅ​ក្នុង​ស្ថាន​ភាពក្រីក្រ​លំបាក​អស់​រយៈពេល​ជា​ច្រើនឆ្នាំ​មក​ហើយ ដែល​ពួកគាត់​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ»។

អ្នកស្រី ជុច ស្តើង ជា​ស្ត្រី​មេម៉ាយ​មួយរូប រស់នៅ​តំបន់​អារ៉ែង ស្រុកថ្មបាំង បាន​រៀបរាប់​ប្រាប់​ឱ្យដឹង​ថា ផុតពី​រដូវ​វស្សា​ឈាន​ចូល​ដល់​រដូវប្រាំង អ្នកស្រី​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ការ​រស់នៅ​ប្រកប​របរ​ដាំ​ដំណាំ​របស់​គាត់​ជួប​ផល​លំបាក​ខ្លាំង ដោយ​ចំណាយ​ថវិកា​លើ​ការ​ទិញ​ទឹក​ពី​វិស័យ​ឯកជន​ក្នុង​មួយខែ​អស់ជិត ១០ម៉ឺនរៀល ប៉ុន្តែ​សម្រាប់​ពេលនេះ អ្នកស្រី​មាន​ក្តីរំពឹង​យ៉ាង​មុតមាំ​ថា ជីវភាព​ក្រុមគ្រួសារ​គាត់​នឹង​ប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត ខណៈ​មាន​ទឹកស្អាត​ប្រើប្រាស់​បាន​គ្រប់គ្រាន់​បរិបូណ៌។


ចំណែកឯ អ្នកស្រី ឃិន សារោះ ក៏​ដូចជា​ប្រជាកសិករ​ទូទៅ​ក្នុង​មូលដ្ឋាន​នេះដែរ បាន​លើកឡើង​ថា គ្រប់គ្នា​សុទ្ធតែ​បាន​ចាត់ទុក​សមិទ្ធផល​នេះថា​ពិតជា​បាន​បំពេញ​សេចក្តី​ត្រូវការ​ចាំបាច់​បំផុត សម្រាប់ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុកថ្មបាំងនេះ។

អ្នកស្រីថា ៖ «ពីមុន​មក​ពួកយើង​ពុំមាន​លទ្ធភាព​ធ្វើ​អណ្តូងទឹក ដែល​ការ​ប្រើប្រាស់​ទឹក​នៅពេល​នោះ គឺ​ត្រូវការ​ពេលវេលា​ដឹកជញ្ចូន​ទឹក​នៅតាម​ស្ទឹង ឆ្ងាយ​ពីផ្ទះ ដែល​ទឹក​ទាំងនោះ​មិនប្រាកដ​ថា វា​ពិតជា​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់ ឬ​បរិភោគ​ទៀតផង»។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ពិតជា​សប្បាយ​រីករាយ​ខ្លាំងណាស់ ចំពោះ​សមិទ្ធផល​ដ៏អស្ចារ្យ​ថ្មី​មួយនេះ ដែល​ជា​ស្នាដៃ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក៏ដូច​ជា​ក្រសួងបរិស្ថាន ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​នូវ​យុទ្ធសាស្ត្រ​កាបូន តាមរយៈ​ការ​ការពារ និង​ទប់ស្កាត់​ការ​កាប់ទន្ទ្រាន​ព្រៃឈើនេះ។

លោក ផង់ សុផាន់ណា មេឃុំ​ឬស្សីជ្រុំ បាន​អះអាង​ផងដែរ​ថា កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នឹង​កាន់​តែ​រីកចម្រើន​ល្អប្រសើរ​ឡើង​ថែម​ទៀត ក្រោយ​ទទួល​បាន អណ្តូង​ទឹកស្អាត ប្រើ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ជា​ច្រើន​កន្លែងនេះ។

លោកមេឃុំ បានថ្លែងថា ៖ «ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​យើង​នឹង​មាន​ការ​ថមថយ​ពីការ​យាយី​ពី​មេរោគ​ដែល​បង្កឡើង​ដោយ​ការ​ប្រើប្រាស់​ឬ​ទទួលទាន​ទឹក​មិនស្អាត​ល្អ​ដូច​បច្ចុប្បន្ន ខណៈ​កន្លងទៅ​ប្រជាពលរដ្ឋ​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព និង​ឈឺ​ជំងឺ​ផ្សេង ព្រោះតែ​ការ​បរិភោគ​ទឹក​មិនស្អាត​ល្អ»។

ជាមួយគ្នា​នោះដែរ លោក សុខ សុទ្ធី អភិបាលបាលរង​ខេត្តកោះកុង បាន​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក្រោម​ការគាំទ្រ ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ តាមរយៈ​គម្រោង​រេដបូក តំបន់​ជួរភ្នំ​ក្រវាញ​ខាងត្បូង​ដែល​លក់​ឥណទាន​កាបូន៕