ភ្នំពេញៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដាក់ចេញ​ផែនការ សកម្មភាព និង​ជំរុញ​ដល់​អាជ្ញាធរ​ខេត្ត​ចំនួន​ ៥ ដែល​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន​ចេញពី​តំបន់​ត្រីកោណ​មាស​ព្រំដែន​ (​ថៃ ឡាវ មីយ៉ាន់ម៉ា​) ចូលមក បណ្ដា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​។


អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក មាស វិរិទ្ធ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៦ កញ្ញា ថា ដើម្បី​សម្រេច​ឱ្យបាន​ការអនុវត្ត​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ​ដែលមាន​ការឯកភាព​គ្នា​ពី​ប្រទេស​ចំនួន​ ៦ រួមមាន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ចិន នាពេល​កន្លងមក ភាគី​កម្ពុជា​បាន​ជ្រើសរើស​យក​ខេត្ត​ចំនួន​ ៥ ​ជា​គោលដៅ ដើម្បី​ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន​ចេញពី​តំបន់​ត្រីកោណមាស​នេះ​។

លោក​ថ្លែងថា​៖ «​នៅ​ឆ្នាំ ​២០២០ កម្ពុជា​បានជ្រើសរើស​ខេត្ត​ចំនួន​ ២ គឺ​ខេត្ត​ព្រះវិហារ​ និង​ខេត្តស្ទឹងត្រែង ដើម្បី​ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន ហើយ​នៅ​ឆ្នាំ​ ២០២១ កម្ពុជា​បាន​ពង្រីក​ ៣ ​ខេត្ត​ទៀត​»​។


លោក​ថ្លែងថា​៖ «​ឆ្នាំ​ ២០២១ យើង​ជ្រើស​ ៥ ​ខេត្ត ជាពិសេស​ខេត្ត​នៅតាម​ព្រំដែន ដែល​សកម្ម​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ហើយ​យើង​ដាក់​ផែនការ​សកម្មភាព​ក្នុង​ការអនុវត្ត​សកម្មភាព​ជាក់ស្តែង​សម្រាប់​កម្ពុជា ជាមួយ​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដើម្បី​បង្កើត និង​បណ្តុះ​គំនិត បណ្តុះ​ទម្លាប់​ក្នុង​ការធ្វើសកម្មភាព​ទប់ស្កាត់​ចរាចរណ៍ ការជួញដូរ​សារធាតុ និង​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្តស្ទឹងត្រែង​»​។

លោក​បន្ថែមថា ការផលិត​គ្រឿងញៀន​ចេញពី​តំបន់ត្រីកោណមាស​នោះ គឺ​បាន​ជះឥទ្ធិពល​បង្កើតឱ្យមាន​ទីផ្សារ​ក្នុង​ការប្រើប្រាស់​គ្រឿងញៀន ដែល​ធ្វើឱ្យមាន​យុវជន​ជាច្រើន​បាន​រងគ្រោះ​ដោយសារ​ការប្រើប្រាស់​។ ដោយ​មើល​ឃើញ​បញ្ហា​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​គ្រឿងញៀន ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ទាំង​ ៦ ដាក់ចេញ​នូវ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រួមគ្នា​ក្នុង​តំបន់​សំដៅ​កាត់បន្ថយ និង​បង្រួម​ទីផ្សារ​គ្រឿងញៀន​។ បន្ថយ​ទាំង​បរិមាណ និង​ទំហំ​នៃ​តំបន់​ត្រីកោណមាស ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម​ឧក្រិដ្ឋជន​អ្នក​ផលិត​ជួញដូរ​គ្រឿងញៀន និង​បណ្ដាញ​របស់​ពួកគេ​នៅក្នុង​តំបន់​ត្រីកោណមាស តាមរយៈ​ការពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​។


លោក​បន្តថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិ​របស់​ប្រទេស​ទាំង​ ៦ ក្នុង​ផែនការ​ប្រតិបត្តិការ​សុវត្ថិភាព​ទន្លេមេគង្គ គឺ​បាន​ឆ្លើយតប​បញ្ហា​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​តំបន់​ត្រីកោណមាស ព្រោះ​យើង​កត់សម្គាល់​ឃើញថា បញ្ហា​គ្រឿងញៀន​មាន​ការវិវឌ្ឍ​ខ្លាំង តាមរយៈ​ការងារ​ស៊ើបអង្កេត និង​ចែករំលែក​ព័ត៌មាន​»​។

លោក​បញ្ជាក់ថា បច្ចុប្បន្នភាព​ស្ដីពី​ស្ថានភាព​គ្រឿងញៀន និង​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​បាន​បង្ហាញ​ការផលិត​គ្រឿងញៀន​ក្នុង​តំបន់​ត្រីកោណមាស​កាន់តែ​សកម្ម​ឡើង​។ ទាំង​បរិមាណ​នៃ​ផលិតកម្ម​កាន់តែ​ច្រើនឡើងៗ​បាន​បង្ហាញ​ហានិភ័យ និង​គ្រោះថ្នាក់​ដល់​សន្តិសុខ​ក្នុង​តំបន់​ពិសេស​បណ្ដា​ប្រទេស នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​។

លោក​បន្តថា​៖ «​គ្រឿងញៀន​ដែល​ឆ្លងកាត់​កម្ពុជា ភាគច្រើន​ចេញមក​ពី​តំបន់​ត្រីកោណមាស​ទាំងអស់ ហើយ​បច្ចុប្បន្ន​កាន់តែ​មាន​ភាពស្មុគស្មាញ ដោយសារ​កំណើន​នៃ​ការផលិត​គ្រឿងញៀន​មានការ​ផ្លាស់ប្តូរ​និន្នាការ​ពី​ការផលិត​ថ្នាំញៀន​ធម្មជាតិ​ចេញពី​អាភៀន មក​ជា​ការផលិត​ថ្នាំញៀន​សារធាតុ​ញៀន​សំយោគ ចេញពី​សារធាតុ​គីមី​ផ្សំ ហើយ​មាន​តម្លៃថោក និង​ផលិត​ក្នុង​រយៈពេល​ខ្លី នេះ​ហើយ​ដែលជា​បញ្ហា​»​។

បើតាម​លោក មាស វិរិទ្ធ កាលពី​ឆ្នាំ​ ២០១៩ ថ្ងៃទី​ ១៥ ខែវិច្ឆិកា ក្នុង​កម្រិត​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទាំង​ ៦ ​ប្រទេស គឺ​បាន​ដាក់ចេញ​នូវ​កិច្ចប្រតិបត្តិការ​រួមគ្នា​ដោយ​អនុលោម​ទៅតាម​ផែនការ​សកម្មភាព​។ ក្នុងនោះ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ ដែលជា​ប៉ុស្តិ៍​ស៊ើបអង្កេត​ និង​ត្រួតពិនិត្យ​សកម្មភាព​ដែល​អាចមាន​ជាប់ពាក់ព័ន្ធ​សកម្មភាព​ចរាចរណ៍​ជួញដូរ ទាំង​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​។

ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី​ ១៥ កញ្ញា លោក​ មាស វិរិទ្ធ បាន​បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះវិហារ​ស្តីពី​ការទប់ស្កាត់ ចរាចរណ៍​គ្រឿងញៀន ដោយបាន​ចែករំលែក​បទពិសោធ និង​បណ្តុះ​ទម្លាប់​ក្នុង​ការធ្វើ​សកម្មភាព​ទប់ស្កាត់​សកម្មភាព នានា​ពាក់ព័ន្ធ​គ្រឿងញៀន​ផងដែរ​។

លោក​ ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះ លើកឡើង​ថា សម្រាប់​អាជ្ញាធរខេត្ត​បាន​ត្រៀមខ្លួន ដើម្បី​ទប់ស្កាត់​ចរាចរណ៍​គ្រឿងញៀន​ចេញពី​តំបន់​ត្រីកោណមាស ចូលមក​បណ្ដា​ប្រទេស​មហាអនុតំបន់​ទន្លេមេគង្គ និង​ទប់ស្កាត់​ចរាចរណ៍​សារធាតុ​គីមី​ផ្សំ​ពី​បណ្ដា​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេគង្គ និង​ក្រៅ​តំបន់​ចូលទៅ​តំបន់​ត្រីកោណ​ដែលជា​ទីតាំង​ផលិត​។

ដោយឡែក លោក​ ចែម ផានិត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្តស្ទឹងត្រែង បាន​ថ្លែងថា ក្នុង​ឆ្នាំ​ ២០២១ សម្រាប់​ខេត្តស្ទឹងត្រែង​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នៅតាម​ដង​ទន្លេមេគង្គ​ដោយ​បានដាក់​កម្លាំង​យាមល្បាត​នៅ​គ្រប់​ចំណុច​គោលដៅ ដែល​ងាយ​ធ្វើ​ចរាចរណ៍​គ្រឿងញៀន​ចូល​តាម​ច្រក​ខេត្តស្ទឹងត្រែង​។

លោក​បញ្ជាក់​ថា សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​គម្រោង ៦ ​ប្រទេស គឺ នៅ​ឆ្នាំ​ ២០២១ ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​ករណី​រត់ពន្ធ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​បាន​ ១ ​ករណី ដោយបាន​ដកហូត​គ្រឿងញៀន​ចំនួន​ ៣ ​គីឡូក្រាម​ផងដែរ​។

បើ​យោងតាម​របាយការណ៍​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្នុង​រយៈពេល​ ៦ ​ខែ​ក្នុង​ឆ្នាំ​ ២០២១ ​នេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​ជាង ៨០០ ​គីឡូក្រាម និង​ឃាត់ខ្លួន​មនុស្ស​ជាង ៧ ០០០ ​នាក់ ក្នុងនោះ​មាន​ជនបរទេស​ចំនួន​ ១២០ នាក់​មាន​ ៨ ​សញ្ជាតិ​៕