ភ្នំពេញៈ ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (​គ.ជ.គ.ម) ​បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​លំនៅឋាន​ពលរដ្ឋ​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និង​ខេត្តព្រះវិហារ​ និង​មាន​ពលរដ្ឋ​ប្រមាណ​ជាង​ ៥០០ ​គ្រួសារ​ហើយ ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។


លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ កញ្ញា​ថា យោងតាម​របាយការណ៍​បឋម ដែល គ.ជ.គ.ម ទទួល​បាន​គិត​ត្រឹម​រសៀល​ថ្ងៃទី​ ២៦ ខែកញ្ញា ខេត្ត​បន្ទាយមានជ័យ ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដោយ​មាន​ពលរដ្ឋ​ជាង​ ៥០០ ​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់ថា​៖ «​យ៉ាងណាក្ដី ក្រុមការងារ​យើង​បាន​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាំងពី​ដើម​ទី​ទាន់ពេលវេលា ដែល​គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែកញ្ញា មិនមាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ស្លាប់ ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​ទេ​»​។

បើតាម​លោក សុខា ក្រៅពី​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ប៉ះពាល់​ដំណាំ​ស្រូវ​ជាង ១២ ០៣៨ ​ហិកតា ដំឡូងមី ២ ២៥៥ ​ហិកតា និង​ដំណាំ​រួមផ្សំ​ ១១៤ ​ហិកតា ព្រមទាំង​ប៉ះពាល់​ និង​ខូចខាត​ផ្លូវ​នៅ​ទូទាំង​ខេត្ត​សរុប​ជាង​ ៨៦,៦ ​គីឡូម៉ែត​។ ​ចំណែក​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង និង​ខេត្ត​ព្រះវិហារ គឺ​ប៉ះពាល់​តិចតួច​នៅឡើយ​។

លោក​បាន​បន្តថា ពេលនេះ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​ ១ (​គ.ជ.គ.ម ) ​កំពុង​ដឹកនាំ​ក្រុមការងារ​ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ពី​តំបន់​រងគ្រោះ​មកកាន់​ទីទួល​សុវត្ថិភាព​​ និង​ផ្ដល់ជំនួយ​សង្គ្រោះ​បឋម​មួយចំនួន​ដល់​ពួកគេ ដើម្បី​ជួយ​សម្រួល​ភាពខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។


ជាមួយ​គ្នា​នេះ លោក ស៊ី ឌី អធិការ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ដោយសារ​ភ្លៀង និង​ទឹក​ហូរ​ធ្លាក់​ពី​តំបន់​ខ្ពស់​តាម​ប្រព័ន្ធ​អូរ​នានា​បាន​បង្ក​ឱ្យ​ទឹកស្ទឹង​សិរីសោភ័ណ​ជន់​ឡើង​យ៉ាងគំហុក​បណ្ដាលឱ្យ​លិច​ផ្ទះ​ពលរដ្ឋ​ជាច្រើន​រយ​ខ្នង​នៅ​ប្រប​នឹង​មាត់​ស្ទឹង​នេះ មិនអាច​រស់នៅ​បាន ហើយ​បាន​បង្ខំចិត្ត មក​ស្នាក់នៅ​បណ្ដោះអាសន្ន ក្រោម​​ដំបូល​តង់​លើ​ទីទួល​សុវត្ថិភាព ដែល​រៀបចំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ផ្សារ​បេនឡាន​ថ្មី​ក្នុង​ភូមិ-សង្កាត់​ព្រះពន្លា​។

លោក ស៊ី ឌី បាន​ថ្លែងថា​៖ «​គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២១ ​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៣០៥ ​គ្រួសារ​ហើយ ដែល​បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​។ ​ផ្លូវលំ​មួយចំនួន​នៅក្នុង​ក្រុង​នេះ​ក៏​ត្រូវបាន​ទឹក​ជន់លិច និង​ហូរ​កាត់​រង​ការខូចខាត​ផងដែរ​»​។

ចំណែក​អ្នកនាំពាក្យ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត លោក កែវ តារារស្មី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​ទឹក​នៅ​អូរ​ព្រំដែន​កម្ពុជា-ថៃ គឺ​ហាក់ដូច​នៅ​នឹង​ព្រោះ​មេឃ​បាន​រាំងភ្លៀង​។ ក៏ប៉ុន្តែ​មាន​​ពលរដ្ឋ​ ១៨០ ​គ្រួសារ​ហើយ​ត្រូវ​បាន​ជម្លៀស​មក​នៅ​ទីតាំង​ចំនួន​ ៥ ​កន្លែង ក្នុងនោះ​នៅ​សង្កាត់​ប៉ោយប៉ែត​មាន​ ៣ ​ទីតាំង សង្កាត់​ផ្សារកណ្ដាល ១ ​ទីតាំង និង​នៅ​សង្កាត់​និមិត្ត ១ ​ទីតាំង​។

រីឯ​នៅ​ស្រុក​មង្គលបុរី​វិញ មកទល់​​ពេលនេះ​មាន​ពលរដ្ឋ​ជិត​ ៣០ ​គ្រួសារ​ត្រូវបាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ខណៈ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​មធ្យម​។ នេះ​បើតាម លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក​មង្គលបុរី​។

លោក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពស់​ទឹកស្ទឹង​មង្គលបុរី​បាន​ជន់លិច​ហៀរ​​កាត់​ផ្លូវ និង​ភូមិឋាន​ពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​ ៤ គឺ​ឃុំ​បត់ត្រង់ ឃុំ​ប៉ាលហាល​, ឃុំ​សឿ និង ឃុំ​រហាត់ទឹក​។

ដោយឡែក​កម្ពស់​ទឹកស្ទឹង​សែន​ក្នុង​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែ​​កញ្ញា បាន​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន​ ៣០ ​សង់ទីម៉ែត្រ និង​ហូរហៀរ​លិច​ចូល​ដី​លំនៅឋាន​ពលរដ្ឋ​មួយចំនួន​ក្នុង​តំបន់​ទំនាប ប៉ុន្តែ​នៅ​មិនទាន់​ធ្ងន់ធ្ងរ​ដូច​ឆ្នាំមុន​នៅឡើយ​ទេ​។ នេះ​បើតាម លោក​ ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ​។

លោក​ ចាប កុយ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​យប់​ថ្ងៃទី​ ២៥ ខែកញ្ញា បានធ្វើឱ្យ​កម្ពស់​ទឹកស្ទឹងសែន​នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែកញ្ញា ជន់​ឡើងដល់​ ១១,៨០ ​ម៉ែត្រ​គឺ​ខ្ពស់ជាង​កម្រិត​ប្រកាសអាសន្ន​ដែលមាន​ត្រឹមតែ​ ១១,៥០ ​ម៉ែត្រ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលនេះ​ទឹកស្ទឹងសែន​នៅតែ​បន្ត​ការជន់​ឡើង​ដោយសារ​មាន​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ និង​ខ្ពង់រាប​ឦសាន​»​។

បើតាម​លោក ចាប កុយ មកទល់​ពេលនេះ ពលរដ្ឋ​នៅ​ពុំទាន់​មាន​ការជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​នោះទេ ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន​ព្រងើយកន្តើយ​ដែរ គឺ​កំពុង​រៀបចំ​សាងសង់​ជម្រក​តង់​នៅ​ទីទួល​សុវត្ថិភាព និង​ត្រៀមកម្លាំង និង​មធ្យោបាយ​សម្រាប់​ជម្លៀស​ពលរដ្ឋ​ក្នុង​គ្រា​ដែល​ទឹក​ជន់ឡើង និង​លិចលង់​ជាង​នេះ​។

ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ ពិសេស​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ធ្វើឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​កម្ពុជា​បាន​ហក់​ឡើងជា​បន្តបន្ទាប់​។

នេះ​បើតាម​ការព្យាករ​កម្ពស់​ទឹកទន្លេ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៦ ខែកញ្ញា​។

តាមរយៈ​ការព្យាករ​នេះ កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​សា្ថនីយ​ជលសាស្ត្រ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​នៅ​សា្ថនីយ​ជលសាស្ត្រ​អ្នក​លឿង ទឹកនឹង​បន្ត​ហក់​ឡើង រហូតដល់​ថ្ងៃទី​ ២៨ ខែកញ្ញា ខាងមុខនេះ​។

ជុំវិញ​ករណីនេះ លោក ហេង រ័ត្នម៉ូនីដា ប្រធាន​មន្ទីរ​ធនធានទឹក និង​​ឧតុនិយម​ខេត្តក្រចេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ ទឹកទន្លេ​មេគង្គ​បាន​ជន់ឡើង និង​ហូរ​ចូលក្នុង​ព្រែក ស្ទឹង ប្រឡាយ និង​ប្រព័ន្ធ​ទឹក​បិទ​ (​បឹង និង​អាង​ស្តុក​ទឹក​) ​មួយចំនួនទៀត ទើបតែ​បាន​​ប្រមាណ​ ៤០ ​ភាគរយ​ប៉ុណ្ណោះ​។

លោក​ថា​៖ «​សម្រាប់​ខេត្តក្រចេះ​កម្ពស់​​ទឹកទន្លេ​មេគង្គ​ឡើងដល់​ ២០ ​ម៉ែត្រ​ទើប​​ល្អ ព្រោះ​ទឹក​អាច​ហូរ​ចាក់​បំពេញ​តាម​ស្ទឹង​បឹង​ព្រែក​ និង​អាង​ស្តុក​ទឹក​របស់​យើង​​បាន​ ១០០ ​ភាគរយ​ដែល​អាចជួយ​ដល់​​កសិករ​សម្រាប់ធ្វើ​ស្រូវប្រាំង​បាន​»​។

បើតាម​លោក រ័ត្នម៉ូនីដា ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជលសាស្ត្រ​ខេត្តក្រចេះ​គិត​ត្រឹម​ម៉ោង​ ១០ ​ព្រឹក​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២១ មាន​កម្ពស់​ ១៧,៩០ ​ម៉ែត្រ នៅពេល​កម្ពស់​ទឹក​ត្រូវ​ប្រកាសអាសន្ន​ ២២ ​ម៉ែត្រ ប៉ុន្តែ​បើតាម​ការព្យាករ​នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា ខាងមុខនេះ កម្ពស់​ទឹក​នៅ​ស្ថានីយ​ជលសាស្ត្រ​ខេត្តក្រចេះ​នឹង​ឡើងដល់​ ១៨,៨៥ ​ម៉ែត្រ​៕

វីដេអូ៖