ភ្នំពេញៈ មេដឹកនាំកម្ពុជា វៀតណាម និងឡាវបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹងយន្តការ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំង ៣ ដោយរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ និងពិភពលោក។
កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវបានមានជំនួបកំពូលមួយនៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាមនៅទីក្រុងហាណូយនៃប្រទេសវៀតណាម។
សេចក្តីប្រកាសព័ត៌មានគណបក្សប្រជាជនកម្ពុជាបញ្ជាក់នាថ្ងៃទី ២៦ កញ្ញា ថា មេដឹកនាំនៃគណបក្សទាំង ៣ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តាយន្តការដែលមានស្រាប់។ បន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំង ៣ ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងជំនួបកំពូលនេះ មេដឹកនាំនៃគណបក្សទាំង ៣ បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារៈសំខាន់នៃជំនួបកំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗបានជូនដំណឹងគ្នាទៅវិញទៅមក អំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួនក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ ១៩។
មេដឹកនាំនៃគណបក្សទាំង ៣ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ និងបានឯកភាពរួមគ្នាអំពីសារៈសំខាន់នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាពស្អិតល្មួតរវាងបក្សទាំង ៣ នៃប្រទេសទាំង ៣។
ក្នុងឱកាសជំនួបកំពូលនេះលោក ហ៊ុន សែន ក៏បានជួបជាមួយលោក ង្វៀន ស៊ុនហ៊ុក ប្រធានរដ្ឋនៃប្រទេសវៀតណាម និងលោក ផាម មីញជីង នាយករដ្ឋមន្ត្រីប្រទេសវៀតណាម។ ជាមួយគ្នានោះដែរ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវក៏បានជួបជាមួយលោកង្វៀន ស៊ុនហ៊្វុក ផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ២៧ ខែកញ្ញាថា កិច្ចប្រជុំកំពូលនៃមេដឹកនាំគណបក្សទាំង ៣ ប្រទេសនេះ គឺជាការបន្តប្រពៃណី ទំនាក់ទំនង សាមគ្គី ឬកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំង ៣ នៅឥណ្ឌូចិន។ ប៉ុន្តែ វាមានលក្ខណៈខុសគ្នាត្រង់ថា នៅវៀតណាម និងឡាវមានគណបក្សតែ ១ គឺ បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដោយឡែកនៅកម្ពុជាគឺមានពហុបក្ស។
លោកថ្លែងថា៖ «តែយ៉ាងណា យើងឃើញតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ឥឡូវ គឺគណបក្សប្រជាជនកម្ពុជាតែងបន្តប្រពៃណី ទំនាក់ទំនងរវាងគណបក្ស និងគណបក្សជាមួយវៀតណាមក៏ដូចជា ជាមួយឡាវហ្នឹង គឺបានល្អជាប្រពៃណីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងពង្រឹងទំនាក់ទំនង»។
អ្នកវិភាគរូបនេះថ្លែងថា កម្ពុជាតែងផ្តល់អាទិភាពក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសជិតខាង ទាំងជាមួយវៀតណាម ឡាវ និងថៃ ដែលនេះជាក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជាជាមួយប្រទេសជិតខាង។ នេះជាការជំរុញឱ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំង ៣ នេះកាន់តែស៊ីជម្រៅ និងបង្កើននូវភាពទុកចិត្តគ្នា ពីព្រោះកន្លងមកមានការលើកឡើងមួយចំនួនថា នៅពេលដែលកម្ពុជាស្និទ្ធស្នាលជាមួយប្រទេសចិន គេបាននិយាយថា ទំនាក់ទំនងកម្ពុជាជាមួយវៀតណាមមានការធ្លាក់ចុះ។ ជាការពិត ទំនាក់ទំនងនេះមិនបានធ្លាក់ចុះទេ ប៉ុន្តែមានការរីកចម្រើនថែម។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ បានឯកភាពគ្នាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩។ នាយករដ្ឋមន្ត្រីទាំង ៣ ក៏បានឯកភាពគ្នាទៅលើការផ្តល់ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ទៅវិញទៅមកដោយមិនគិតថ្លៃដល់មន្ត្រីការទូត និងសិស្ស និស្សិត កម្ពុជា ឡាវ និងវៀតណាមដែលពួកគេកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ៕