ភ្នំពេញៈ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា​ចំណងមិត្តភាព​ចិន​ និង​កម្ពុជា​បានក្លាយ​ជា​គំរូ​ដែល​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ខាង​នយោបាយ ហើយ​លោក​ជឿជាក់ថា ប្រទេស​ទាំង​ ២ ​នឹង​បន្ត​បោះ​សន្ទុះ​ទៅកាន់​ដំណាក់កាល​ថ្មី​មួយទៀត​។


លោក​បាន​ថ្លែង​ដូច្នេះ​តាម​សុន្ទរកថា​ក្នុងឱកាស​រំឭក​ខួប​លើក​ទី​ ៧២ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ១ ខែតុលា នេះ​។

លោក Wang Wentian ថ្លែងថា​៖ «​ចំណងមិត្តភាព​ចិន​ និង​កម្ពុជា​ទទួលបាន​ផល​ដើមរដូវ ក្លាយជា​គំរូ​ដែលមាន​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ខាង​នយោបាយ ផ្តល់​អត្ថប្រយោជន៍​ទៅវិញទៅមក​ និង​កិច្ចសហប្រតិបត្តិការ គោរព​គ្នា​ទៅវិញទៅមក ការផ្សារភ្ជាប់​គ្នា​រវាង​បេះដូង​ប្រជាជន និង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ជាដើម​»​។


លោក​ថ្លែង​ទៀតថា​៖ «[​ខ្ញុំ​] ជឿជាក់​ថា​ក្រោម​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ និង​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជន​ទាំង​ ២ ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ចកសាង​សហគមន៍​វាសនា​រួមគ្នា​រវាង​ចិន-កម្ពុជា​នឹង​បន្ត​បោះ​សន្ទុះ​ទៅកាន់​ដំណាក់កាល​ថ្មី​មួយទៀត​»​។

លោក Wang Wentian រំឭកថា ចំណងមិត្តភាព​ដែកថែប​រវាង​ចិន និង​កម្ពុជា​ទទួលបាន​ការលើកកម្ពស់​ឥតឈប់ឈរ​ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង ការជំរុញ​អភិវឌ្ឍ​រួម​។ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ព្រះរាជទាន​ជំនួយ​ដល់​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស​ក្នុងប្រទេស​ចិន​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ជាបន្ទាន់​ទៅកាន់​ប្រទេស​ចិន​ក្នុង «​ដំណើរ​បញ្ច្រាស​» ។


លោក​បន្តថា ភាគី​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​ទប់ស្កាត់​ជំងឺ​វីរុស​ និង​ផ្តល់​វ៉ាក់សាំង​មកកាន់​កម្ពុជា​ជា​អាទិភាព​។ កម្មវិធី​ចាក់​វ៉ាក់សាំង​និទាឃរដូវ (Spring Vaccination) ត្រូវបាន​អនុវត្ត​ស្ទើរតែ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​។

លោក Wang Wentian អះអាងថា សកម្មភាព​ដ៏កក់ក្តៅ​នីមួយៗ​ត្រូវ​បាន​បង្ហាញ​យ៉ាងច្បាស់​អំពី​អត្ថន័យ​ស្នូល​នៃ​សហគមន៍​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​កំណើន ទោះបីជា​រង​ផលប៉ះពាល់​នៃ​ជំងឺ​វីរុស​ក៏ដោយ​។

លោក​លើកឡើង​ទៀតថា គម្រោង​សំខាន់ៗ​ក្នុង​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​មាន​ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ជាដើម​ត្រូវបាន​ជំរុញ​យ៉ាង​រលូន​។ កសិផល​កម្ពុជា​ដែលមាន​គុណភាព​ខ្ពស់​ជាច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឥតឈប់ឈរ​មានដូចជា​អង្ករ ផ្លែ​ចេក ផ្លែស្វាយ​ជាដើម​។

លោក Wang Wentian ថ្លែង​ដូច្នេះ​ថា​៖ «​ប្រទេស​ទាំង​ ២ ​បាន​សម្របសម្រួល​យ៉ាង​ស្អិតរមួត និង​គាំទ្រ​គ្នា​ទៅវិញទៅមក បង្ហាញ​ពី​សំឡេង​យុត្តិធម៌ និង​សច្ចធម៌​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ស្នូល​រវាង​គ្នា​ និង​គ្នា​ និង​ជា​ចំណាប់អារម្មណ៍​រួម​»៕