ភ្នំពេញៈ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បសស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​គ្រប់​ទីស្នាក់ការ (​បសស​) ទូទាំង​រាជធានី-ខេត្ត​មិនត្រូវ​ផ្តល់​សេវា​ជូន​កម្មករនិយោជិត​ ឬ​ពលរដ្ឋ​​ដែល​មិន​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទេ​។


បសស កាលពី​ថ្ងៃទី​ ១០ ខែ​​តុលា​ បាន​ជូនដំណឹង​ដល់​នាយក​ ឬ​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន និង​កម្មករនិយោជិត ព្រមទាំង​សាធារណជន​ទាំងអស់​ត្រូវតែ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រាល់ពេល​ទៅរក​សេវា (​បសស​) នៅតាម​ទីតាំង​ភ្នាក់ងារ​របស់ខ្លួន​បើ​ពុំ​នោះទេ​នឹង​មិន​ផ្តល់​សេវា​ជូន​ឡើយ​។

បសស បន្តថា​៖ «​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រាល់ពេល​លោក លោកស្រី​មក​ទទួល​សេវា​នៅ​គ្រប់​ទីស្នាក់ការ បសស ទូទាំង​រាជធានី-ខេត្ត ខណ្ឌ​​ទាំងអស់​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឬ បណ្ណ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ឬ លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ​ ១៩»​។


បើតាម បសស ការណែនាំ​នេះ​ដោយ​យោងតាម​សេចក្តី​ណែនាំ​របស់​សាលា​រាជធានី-ភ្នំពេញ​កាលពី​ថ្ងៃទី​ ៥ ខែតុលា ដោយ​តម្រូវឱ្យ​ពលរដ្ឋ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ឬ​​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​​រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថាន​​សិក្សា ផ្សារ និង​ទីតាំង​អាជីវកម្មដ្ឋាន​នានា​ក្នុង​ភូមិសាស្ត្រ​រាជធានី​ ដើម្បី​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ថា​៖ «​ប្រសិនបើ​មាន​បុគ្គល​​ណា​ម្នាក់​មិន​ព្រម​សហការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង ដាច់ខាត​មិនត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ទីតាំង​ ឬ​ទីកន្លែង​របស់ខ្លួន​​ឡើយ និង​ត្រូវ​រាយការណ៍​ទៅ​​អាជ្ញាធរ​ក្បែរ​នោះ​ជាបន្ទាន់​»​។


នាយករង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ (LICADHO) លោក អំ សំអាត យល់ថា លក្ខខណ្ឌ​​របស់ បសស នាពេលនេះ​ចង់​ជំរុញ​ទាំង​កម្មករ និង​អ្នក​ដែល​មាន​បណ្ណ បសស ឱ្យ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ឱ្យបាន​គ្រប់ៗ​គ្នា​។ ប៉ុន្តែ​​លោក​បន្តថា ការធ្វើ​បែប​នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការទទួល​បាន​សេវា​សាធារណៈ​របស់​ប្រជាជន​។ ទោះយ៉ាងណា​លោក​​ជឿថា​៖ «​មកដល់​ពេលនេះ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់គ្នា​ហើយ​​ទទួល​បាន​ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩»​។

លោក​ថ្លែងថា ការទទួល​បាន​សេវា​សុខភាព​សាធារណៈ ពលរដ្ឋ​គួរ​ទទួលបាន​ដូចៗ​គ្នា ដោយសារ​អ្នក​ដែល​មាន​បណ្ណ បសស គឺ​ពួកគេ​ក៏មាន​កាតព្វកិច្ច​បង់​សេវា​នេះ​ផងដែរ​។

លោក​ថា​៖ «​តែបើ​មើល​​ទិដ្ឋភាព​ទូទៅ​វិញ ការផ្តល់​សេវា​​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ទោះបី​ជាមាន​បណ្ណ​ ឬ​មិនមាន​​បណ្ណ​ចាក់​វ៉ាក់សាំង​ក៏ដោយ ​ពលរដ្ឋ​ត្រូវតែ​ទទួល​បាន​ការព្យាបាល​ផ្នែក​សុខភាព​សាធារណៈ​ដូចគ្នា ជាពិសេស​ទាក់ទង បសស គឺ​ពលរដ្ឋ​មាន​ការបង់​សេវា​សម្រាប់ បសស​»​។

បើតាម​របាយការណ៍​របស់​​ក្រសួង​សុខាភិបាល​គិត​ត្រឹម​​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២១ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​​ចាប់ពី​ ៦ ​ឆ្នាំ​ឡើង សរុប​ជាង​ ១៣ ​លាន​នាក់​ ឬ​ស្មើនឹង​ ៨៤,៣៣% ​ធៀប​នឹង​គោលដៅ​ចំនួន​ ១៦ ​លាន​នាក់​បានទទួល​​ការចាក់​វ៉ាក់សាំង​៕

វីដេអូ៖