ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ឈិត សុខុន មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ក្នុងបុណ្យកឋិនទាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែតុលា ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ គឺគ្រាន់តែវេរប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យតែប៉ុណ្ណោះ។
លោក ឈិត សុខុន បានចេញសេចក្តីណែនាំមួយ នាថ្ងៃទី ១៤ ខែតុលា ពីការៀបចំនូវពិធីបុណ្យកឋិនទាន ស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ ប៉ុន្តែត្រូវចូលរួមបដិបត្តិតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី តាមសភាពជាក់ស្តែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស។
បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លាក្នុងព្រះពុទ្ធសាសនា មានផលានិសង្សខ្ពស់ ទាំងទាយក ទាយិកា និងបដិគ្គាហក ជាទីជ្រះថ្លារបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើង រៀងរាល់ឆ្នាំ មានរយ:ពេលកំណត់តែ ២៩ ថ្ងៃ ដោយវត្តនីមួយៗទទួលអង្គកឋិនបានតែ ១ លើកប៉ុណ្ណោះ។
លោករដ្ឋមន្រ្តីបានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យ កឋិនទានស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ ៣ កុំ។
លោកឈិត សុខុន លើកឡើងថា៖ «ហាមផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេនត្រៃចីវរ ជាកិច្ចសម្រេចបុណ្យ។ សូមសម្តេចព្រះសង្ឃនាយកទាំង ២គណៈ និងប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តសេចក្តីណែនាំនេះ ឱ្យបានសម្រេច លទ្ធផលល្អប្រសើរ»៕
វីដេអូ៖