ស្ទឹងត្រែងៈ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​បទល្មើស​ជលផល​បាន​ជាង ​១ ០០០ ករណី និង បាន​ឃាត់ខ្លួន​មនុស្ស​ជិត​ ៨០០ ​នាក់ មក​ធ្វើការ​អប់រំ និង​ផាកពិន័យ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៥ ​ករណី នៅក្នុង​រដូវ​បិទ​នេសាទ ដែលមាន​រយៈពេល​ ១៥០ ​ថ្ងៃ​។


យោងតាមលោក ស្រី សំវិចិត្រ នាយខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​។ ឧបករណ៍​នេសាទ​ល្មើសច្បាប់ ដែល​បាន​រឹបអូស​ និង​បំផ្លាញចោល​រួមមាន ​អួន លូស្បៃមុង និង មង សរុប​ប្រវែង​ ៤ ២១០ ​ម៉ែត្រ និង​បង្គោល​សម្រាស់​ជាង​ ១ ០០០ ​ដើម​ផងដែរ​។

អ្នកនេសាទ​ ៤៧៧ ​នាក់ ​ត្រូវបាន​ឃាត់ខ្លួន អប់រំ​ណែនាំ ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលួច​បណ្ដែតមង​ក្នុង​តំបន់​អភិរក្ស​ត្រី​មេពូជ​នា​រដូវ​បិទ​នេសាទ និង ២២៦ ​នាក់​ត្រូវបាន​ផាកពិន័យ​អន្តរកាល ដោយសារ​តែ​ពួកគេ​មិន​រាងចាល លួច​ប្រព្រឹត្ត​បទលើ្មស​នេសាទ​ម្ដង​ហើយ​ម្ដងទៀត​។


អាជីវករ​ទិញ​លក់​ត្រី ចំនួន​ ៣២ ​នាក់​ ក៏ត្រូវ​បាន​ផាកពិន័យ និង​តម្រូវ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ទិញ​ត្រី​ដែល​បានមក​ពី​ការនេសាទ​ល្មើសច្បាប់​នេះដែរ ពិសេស​ប្រភេទ​ត្រី​កម្រ និង​ជិត​ផុត​ពូជ ដូចជា​ប្រភេទ​ត្រី ត្រសក់ ប៉ាសេអ៊ី ប៉ាវ៉ា និង​ត្រី​គ្រំ​ជាដើម​។

លោក​ថ្លែងថា​៖ «​ចំណែក​ ៥ ​ករណី​ទៀត ដែលមាន​មនុស្ស​ ១១ ​នាក់​ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ពាក់ព័ន្ធ​ករណី លួច​ប្រើប្រាស់​ឧបករណ៍​ឆក់ ក្នុង​តំបន់​អភិរក្ស​ត្រី​មេពូជ​»​។ លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា ក្រោយពី​មាន​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ​ស្តីពី​ច្បាប់​ជលផល​ក្នុង​រដូវ​បិទ​នេសាទ និង​ដោយមាន​ការចុះ​ល្បាត​ពី​សំណាក់​ឆ្មាំ​ទន្លេ និង​សហគមន៍​នេសាទ​កន្លងមកនេះ «​បច្ចុប្បន្ន យើង​បាន​ពិនិត្យឃើញ​ថា ប្រជានេសាទ​បាន​ចូលរួម​អភិរក្ស​ត្រី​បានល្អ​ជាង​ឆ្នាំ​កន្លងៗ​ទៅ​»​។


នៅក្នុង​រដូវ​បើក​នេសាទ​នេះ លោក​បាន​អំពាវនាវ​ដោយ​ក្រើនរំឭក​ដល់​ប្រជានេសាទ​ទាំងអស់​ឱ្យ​បន្ត​ការការពារ​ទៅលើ​ប្រភេទ​ជីវចម្រុះ​សំខាន់ៗ​នៅក្នុង​ទឹក​ និង​ប្រភេទ​ត្រី​មេពូជ​ជាដើម ដោយ​គោរព​ច្បាប់​ស្តីពី​ការមិន​នេសាទ​ក្នុង​តំបន់​ការពារ​តំបន់ហាមឃាត់ ឬ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រភេទ​ត្រី​ដែល​កម្រ និង​ជិត​ផុត​ពូជ​៕

វីដេអូ៖