កំពតៈ​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣នា​ក់​បាន​រងរបួស ​និង​ផ្ទះ​ជិត ៧​០ ខ្នង​បាន​រង​ការខូច​ខាត​ដោយ​សារភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត ​ខណៈ​នៅ​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ​មាន​ករណី​រន្ទះ​បាញ់​ងាប់​គោ​ ១១​ ក្បាល កាលពី​ថ្ងៃទី​ ២០​ ខែ តុលា ​ឆ្នាំ​ ២០២១។ ​នេះ​បើតាម​កា​រអះ​អាង​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​នៃ​ខេត្ត​ទាំង​ ២។


លោក ​ជុំ សារឿន នាយក​រដ្ឋបាល​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ករណី​ភ្លៀងខ្យល់​លាយឡំ​​នឹង​ផ្គរ​រន្ទះ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ចំនួន​ ៣ នា​ក់​រងរបួស​ធ្ងន់​ស្រាល​ និងបាន​បង្ក​ឲ្យ​ផ្ទះ​ពលរដ្ឋ​សរុប ​៦៩ ខ្ន​ងនៅឃុំ​ចំនួន ​៣ គឺឃុំ​ស្ដេច​គង់​ខា​ងត្បូង, ឃុំ​ស្ដេច​គង់​ខាង​ជើង និង​ស្ដេច​គង់​ខាងលិ​ច បាន​រង​ការខូចខា​ត ក្នុងនោះមាន ២​៦ ខ្នង​បាន​បាក់​រលំ​ដួល​ដល់​ដី និង ៤៣ ខ្នង​ផ្ទះ​ទៀត បាន​ប៉ើង​របើក​ដំបូល ខូ​ចខាត​ស្រាល។ ក្រៅពី​នោះបាន​បង្ក​ផលប៉ះពាល់​​ដល់​ដំណាំ​​ហូប​ផ្លែ​របស់​ពលរដ្ឋ ដូចជា ​ចេក ​ល្ហុង ខ្នុរ ដូង ស្វាយ ជាច្រើន​រយ​ដើម​ផងដែរ​។

លោក ​សារឿន បាន​បញ្ជាក់ថា៖​ «នៅពេលនេះ សមត្ថកិ​ច្ច​យើង​​កំពុង​ចុះជួយ​អន្តរាគមន៍​ជួសជុល​ផ្ទះ​ជូន​ប្រ​ជាពល​រដ្ឋដែល​រង​ការខូច​ខាត​ដោយ​បាតុភូត​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​នេះ​រួចរាល់​បាន​ចំនួន ២០ ខ្នង​ផ្ទះ​ផង​ដែរ​»។

ចំណែក​នៅឯ​ខេត្តបាត់ដំ​បង​ក៏មាន​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​ផងដែរ ​កាលពី​ថ្ងៃទី ២០​ តុលា ជាពិ​សេស​នៅ​ស្រុក​សង្កែ។ លោក​ សុំ​ សុវណ្ណ​ អធិការ​ស្រុក​សង្កែ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រៅពី​មាន​ភ្លៀង​ខ្យល់​បក់បោក​ខ្លាំងបង្ក​ឲ្យ​ប៉ើង​ដំបូល ​និង​រលំ​ផ្ទះ​របស់​អ្នកភូមិ​មួយ​ចំនួន​នៅ​ឃុំ​តា​ប៉ុន​ ក៏មាន​ករណី​រន្ទះ​បាញ់​ងាប់​គោ​របស់​អ្នកភូមិ​ចំនួន ​១១​ ក្បាល​ផង​ដែរ​។

លោក​ថ្លែង​ថា៖«ភ្លៀង​កាលពី​ថ្ងៃ​ម្សិលមិ​ញ​ខ្លាំង និង​មាន​រន្ទះបា​ញ់ ៣-៤ លើក​ជាប់ៗ​គ្នា បណ្ដាល​ឲ្យ​ងាប់​គោ​អ្នកភូមិ​​បឹង​ទឹម ក្នុង​ឃុំ​តា​ប៉ុន​អស់​ ១១ ​ក្បាល និងបាន​ដួលរលំ​ផ្ទះ​អស់​ ៤ ​ខ្នង និង​ប៉ើង​របើក​ដំបូលចំ​នួន ១៥ ខ្នង​ ប៉ុន្តែ​មិនមាន​នរណាម្នាក់​រងគ្រោះ​ដល់​អាយុ​ជីវិត​នោះ​ទេ»​។


យ៉ាង​ណាក៏​ដោយ ​អាជ្ញាធរខេត្ត​បាត់​ដំបង នៅ​ថ្ងៃទី ២១ ខែ តុលា​ ឆ្នាំ ២០២១ បាន​អំពាវនាវ​ឲ្យ​ពលរ​ដ្ឋ ដែល​រស់នៅ​អម​តាម​ដងស្ទឹង​សង្កែ​បង្កើន​ការប្រុង​ប្រយ័ត្ន​សាជាថ្មី​​ម្ដងទៀត​ ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ ​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​អាង​ទំនប់​ពហុ​បំណង​ខេត្ត​បាត់ដំ​បង​ ជន​ឡើងដ​ល់​កម្រិត ដែ​ល​ត្រូវ​បើកទ្វារ​ទឹក​ដើម្បី​រំដោះ​ទឹក​ចេញ ការពារ​ការបាក់​ធ្លាយ​ខ្នង​ទំនប់។

ដោយ​ឡែក​នៅឯ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ អាជ្ញាធរ​មូលដ្ឋា​នកំពុង​បន្ត​កិច្ច​អន្តរា​គមន៍ ជម្លៀស​ពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភា​ពប​ន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែនប​ង្ក​ឲ្យ​មានការ​ជន់​លិច​លំនៅឋាន​ប្រជាព​លរដ្ឋ​នៅតាម​ទី​ទំនាប​ជាប់​ដងអូរ​សាជា​ថ្មី​ម្ដងទៀ​ត។

លោក ​គាត ហ៊ុល​ អភិបាលក្រុង​ប៉ោយប៉ែត បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ​មាន​ទឹកធ្លាក់​ពី​ប្រទេស​ថៃ​ចូលមកក្នុង​អូរ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ជាថ្មី​ម្ដងទៀត​នៅក្នុង​ភូមិ​មួយចំនួន​នៃ​សង្កាត់​ប៉ោយប៉ែតនិងសង្កាត់​ផ្សារកណ្ដាល ប៉ុន្តែ​នៅ​មិនទាន់​ធ្ងន់ធ្ងរ​ដូច​កាលពី​ខែកញ្ញា​កន្លង​ទៅថ្មីៗនេះ​​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «ដើម្បី​សុវត្ថិភាព​ប្រជាព​លរដ្ឋ ដែលមាន​លំនៅឋាន​ប្រប​ជាប់មាត់​​អូរ ​កម្លាំង​សមត្ថកិច្ច​យើង បាន​ជួយ​អន្តរាគមន៍​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ជា​បណ្ដើរៗ ដែល​គិត​មកទល់​រសៀល​ថ្ងៃទី ២១ ខែ​ តុលា ​ឆ្នាំ ២០២១ មាន​ចំនួន​ជាង ១៣០ គ្រួសារ»។

បើតាម​លោក គាត ​ហ៊ុល អ្នកភូមិ​ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នាពេ​លនេះ គឺជា​ប្រជា​ពលរដ្ឋ ដែល​ទើបតែ​ត្រឡប់​ពី​ទីទួល​សុ​ត្ថិ​ភាព​ទៅកាន់​លំនៅឋាន​របស់​ពួកគេ​វិញ​ ក្រោយពី​ទឹកបាន​ស្រក​អស់​ពីមាត់​អូរ កាល​ពី ២ សប្ដាហ៍​មុន មិន​មែន​ជា​អ្នកថ្មី​នោះទេ៕