សត្វ​អណ្តើក​ជាង ១៣០ ក្បាល រួមទាំង​ប្រភេទ​សត្វ​ដែល​ត្រូវបាន​រង​ការគំរាមកំហែង ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​សត្វព្រៃ​បន្ទាន់​បាន​ជួយសង្គ្រោះ ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២១ ​នេះ និង​បាន​ធ្វើការ​ដោះលែង​ក្នុង​ព្រៃ​វិញ​។


យោងតាម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance Cambodia) បានឱ្យដឹងថា ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំនេះ ក្រុម​ជួយសង្គ្រោះ​សត្វព្រៃ​បន្ទាន់​បាន​ជួយសង្គ្រោះ​សត្វ​អណ្តើក​ជាង ១៣០ ក្បាល​រួមទាំង​ប្រភេទ​សត្វ​ដែល​ត្រូវបាន​រង​ការគំរាមកំហែង​ផងដែរ​។ ក្នុងនោះ ១២៥ ក្បាល​ត្រូវបាន​ដោះលែង​។

អង្គការ​នេះ​បាន​បញ្ជាក់ថា៖ «​អណ្តើក​ចំនួន ១២៥ ក្បាល​ត្រូវបាន​សង្គ្រោះ​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ហើយ​បាន​វិលត្រឡប់​ទៅកាន់​ព្រៃ​វិញ​»​។


សត្វ​អណ្តើក​នៅ​កម្ពុជា​ត្រូវបាន​ការពារ​ដោយ​ច្បាប់ មាន​ន័យ​ថា​វា​ជា​ការខុសច្បាប់​ក្នុង​ការបរបាញ់ ចាប់យក​ធ្វើជា​កម្មសិទ្ធិ និង​ជួញដូរ​។

ដោយឡែក ទាក់ទង​នឹង​អណ្តើក​ហ្លួង​ ឬ​អណ្តើក​សរសៃ ដែលជា​ប្រភេទ​ឧរង្គសត្វ ដែល​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​តំណាងឱ្យ​សត្វ​ប្រចាំ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ចំនួន​ជាង ៤៥០ ​ក្បាល​បាន​ស្ថិតក្នុង​ការចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ និង​អភិរក្ស​សត្វល្មូន​ក្នុងស្រុក​ស្រែអំបិល​។


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានលើកឡើង​កាលពី​ថ្ងៃទី​ ២០ ខែតុលា​ថា ពូជ​អណ្តើក​ហ្លួង​ ឬ​អណ្តើក​សរសៃ​នេះ ស្ថិតក្នុង​វ័យ​ជំទង់​ចំនួន​ ៨៦ ​ក្បាល​ទៀត​ត្រូវបាន​លែង​ឱ្យទៅ​រស់នៅ​តាមបែប​ធម្មជាតិ​។

លោក​ថា៖ «​អណ្តើក​ពេញវ័យ​ជាច្រើន​ទៀត​នឹងត្រូវ​លែង​ចូលក្នុង​តំបន់​ធម្មជាតិ​។ អណ្តើក​ហ្លួង​ជា​ប្រភេទ​សត្វល្មូន​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ ដើម្បី​ការអភិរក្ស​ធម្មជាតិ​ហៅ​កាត់​ (IUCN) ​ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ក្នុង​ចំណោម​អណ្តើក​ទាំង​ ២៥ ​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​នៅលើ​ពិភពលោក​»​។

លោក នេត្រ ភក្ត្រា បាន​បន្ថែមថា អណ្តើក​ហ្លួង​ត្រូវបាន​គេ​ជឿថា​បាត់​ពូជ តែ​នៅ​អំឡុង​ឆ្នាំ​ ២០០០ មន្ត្រី​ជំនាញ​ និង​អង្គការ WCS បាន​រកឃើញ​វត្តមាន​ឡើងវិញ​។

អណ្ដើក​ប្រភេទ​កម្រ​នេះ​ត្រូវ​បាន​រង​ការគំរាមកំហែង​ដោយ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ការនេសាទ​ខុសច្បាប់​ដូចជា ការប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី ការដាក់​សន្ទូច ឧបករណ៍​ហាមឃាត់​នានា​ការនេសាទ​ក្នុង​តំបន់ហាមឃាត់​ជាដើម​ដែល​ធ្វើឱ្យ​ចំនួន​អណ្ដើក​ហ្លួង​កាន់តែ​ថយចុះ​យ៉ាងខ្លាំង​ដែល​អាចឈាន​ដល់​ផុត​ពូជ​នាពេល​ខាងមុខ​បើ​មិនមាន​ការការពារ​ត្រឹមត្រូវ​៕

វីដេអូ៖