ក្រសួង​សង្គមកិច្ច ជំរុញ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា ទៅ​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់

Content image - Phnom Penh Post
ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២០ តុលា។ រូបថត រដ្ឋបាលខេត្ត

ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនី​តិសម្បទា ជំរុញ​ឱ្យ​អង្គភាព និង​មន្ទីរ​របស់​ខ្លួន​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ទៅ​ជន​រងគ្រោះ ដោយសារ​ទឹក​ជំនន់ និង​ខ្យល់​ព្យុះ។

តាមរយៈ​សេចក្តី​ណែនាំ​នៅ​ថ្ងៃទី ២២ ខែ​តុលា ក្រសួង​បាន​ប្រាប់​អង្គភាព និង​មន្ទីរ​របស់​ខ្លួន​ឱ្យ​ឆ្លើយ​តប ចំពោះ​បញ្ហា​ទឹក​ជំនន់ ជូន​ប្រជាជន​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ទឹក​ជំនន់។

ក្រសួង​ក៏​បាន​ប្រាប់​ដល់​អង្គភាព​ទាំង​នេះ​ឱ្យ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ធនធាន និង​កំណត់​មូលនិធិ និង​ធនធាន ដើម្បី​គាំទ្រ​ឱ្យ​មាន​ប្រសិទ្ធភា និង​រាយការណ៍​ជូន​ក្រសួង​ជា​បន្ទាន់ អំពី​ចំនួន​ប្រជាជន ស្ថានភាព និង​ទីតាំង​ដែល​កំពុង​ជួប​បញ្ហា​ទឹក​ជំនន់។

សេចក្តី​ណែនាំ​បញ្ជាក់​ថា៖ «សហការ​រៀបចំ​ផែនការ​សកម្មភាព​ ចុះ​ដោះស្រាយ ឆ្លើយ​តប​បញ្ហា​ទឹក​ជំនន់ និង​ការ​កើត​មាន​ជំងឺ​ផ្សេងៗ មក​លើ​ប្រជាជន​ជូន​ក្រសួង ដើម្បី​តាមដាន និង​ដោះស្រាយ​ជា​បន្ទាន់។ ត្រូវ​ធ្វើ​ការ​អង្កេត​ទិន្នន័យ​នៃ​ផល​ប៉ះពាល់ ដើម្បី​រៀបចំ​ផែនការ​ឆ្លើយតប និង​ត្រៀម​បម្រុង​ក្នុង​ការ​ផ្តល់​ការ​អន្តរាគមន៍»។

ក្រសួង​បាន​ណែនាំ​ឱ្យ​អង្គភាព និង​មន្ទីរ​របស់​ខ្លួន​ត្រូវ​អន្តរាគមន៍ ផ្តល់​ស្បៀង​សង្គ្រោះ​បន្ទាន់ ដល់​ជន​រងគ្រោះ ចុះ​តាម​ដាន និង​ស្រង់​ទិន្នន័យ​ជន​រងគ្រោះ​ជា​ប្រចាំ​ដើម្បី​រៀបចំ​ឆ្លើយ​តប​ជូន​ប្រជាជន​ឱ្យ​បាន​ទាន់​ពេលវេលា។

សេចក្តី​ណែនាំ​បញ្ជាក់​ថា៖ «អគ្គនាយកដ្ឋាន​បច្ចេកទេស នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ និង​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា រាជធានី-ខេត្ត​ទាំង​អស់ ត្រូវ​ខិតខំ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយ​តប​ទាន់​ពេល​វេលា»៕

ព័ត៌មានថ្មីៗ