កំពតៈ ក្រសួង​ព័ត៌មាន​កំពុង​សិក្សា​រៀប​ចំ​សាងសង់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​បូកគោ ស្ថិត​នៅ​តំបន់​ឧទ្យានជាតិ​ព្រះ​មុនីវង្ស​បូកគោ នៃ​ក្រុងបូកគោ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ និង​ដែនកោះ​ឱ្យ​កាន់​តែ​មាន​ភាព​ទំនើបកម្ម​ថែម​ទៀត។


កាលពីថ្ងៃទី២២ ខែតុលា លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និងលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានចុះ​ទៅ​ពិនិត្យ​ទីតាំង​ពង្រីក​ទំហំ​ដី​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នេះ។

លោក សុខ ប្រសិទ្ធិ បញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ដដែល​នេះ​ថា៖ «ក្រសួង​ព័ត៌មាន​បាន​កំពុង​សិក្សា​រៀបចំ​សាងសង់​ស្ថានីយ​វិទ្យុ និងទូរទស្សន៍​បូកគោ ដើម្បី​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​តាម​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ និង​ដែន​កោះ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់​​តែ​មានភាព​ទំនើប​កម្ម​ថែម​ទៀត»។


លោកបន្តថា បន្ទាប់ពី​ក្រុម​វិស្វករ​ជំនាញ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ទីតាំង​ដី​ដែល​ជា​កម្មសិទ្ធិ របស់​មន្ទីរព័ត៌មាន​ខេត្ត​កំពត​ ស្ថិត​នៅ​ក្រុង បូកគោនោះ គឺ​ត្រូវ​ការ​ពង្រីក​បន្ថែម​ទៀត ដើម្បី​សមស្រប​ទៅ​នឹង​បទដ្ឋាន​ស្តង់ដា​បច្ចេកទេស។

លោក សុខ ប្រសិទ្ធិ សរសេរថា ៖«ដូចនេះ​ហើយ ទើប​ក្រសួង​ព័ត៌មាន​បាន​ស្នើសុំ​កិច្ច​សហការ​ពី​ក្រសួង​បរិស្ថាន​ដើម្បី​ពិនិត្យ និង​សិក្សា​លទ្ធភាព​ក្នុង​ការ​ពង្រីក​ទំហំ​ដី​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្រុង​បូកគោ»។


ហ្វេសប៊ុកលោក សុខ ប្រសិទ្ធិ បានដក​ស្រង់​សំដី​លោក នេត្រ ភក្ត្រា ថា ក្រសួង​បរិស្ថាន​ពិនិត្យ​មើល​ជា​បច្ចេកទេស​ឃើញ​ថា មិន​មាន​ការប៉ះពាល់​អ្វី​នោះ​ទេ គឺ​អាច​ពង្រីក​ទីតាំង​តាម​ការ​ស្នើសុំ​របស់​ក្រសួង​ព័ត៌មាន​បាន។

ហ្វេសប៊ុកលោក សុខ ប្រសិទ្ធិ បាន​ដកស្រង់​សំដី​លោក នេត្រ ភក្ត្រា ថា៖ «ប៉ុន្តែ​អ្វី​ដែល​យើង​នឹង​ធ្វើ​ការ​ពិនិត្យ​គឺ​និយាមការ​ដែល​ត្រូវ​រៀបចំ ហើយ​ចំណុច​មួយ​ទៀត ការ​ពង្រីកនេះ​យើង​នឹង​ពិនិត្យ​ជាមួយ​មន្ត្រី​បច្ចេកទេស​ដើម្បី​កុំ​ឱ្យ​ជាន់​ជាមួយ​ដី​របស់​ក្រុមហ៊ុន សុខា ដែល​ទទួល​បានសិទ្ធិ​វិនិយោគ​ស្របច្បាប់»៕