​សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា និង​សមាគម​ទេសចរណ៍​កម្ពុជា​ដាំ​កូនឈើ​ចំនួន​ប្រមាណ ​៥០០ ​ដើម នៅ​បរិវេណ​ស្ពាន​បច្ចេកទេស​តាម​ដងស្ទឹង​សៀមរាប ដើម្បី​ជំរុញ​ភាព​បៃតង និង​លើក​សោភ័ណភាព​បេតិកភណ្ឌ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង​តំបន់​ទេសចរណ៍វប្បធម៌​។​


​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៣ ខែតុលាថា​៖ «​កិច្ចសហការ​រួមគ្នា​ដាំ​កូនឈើ​នេះ ក្រោម​ប្រធានបទ​វប្បធម៌​និង​បរិស្ថាន​បៃតង ក្នុង​គោលបំណង ជំរុញ​ភាព​បៃតង និង​លើក​សោភ័ណភាព បេតិកភណ្ឌ​ដ៏​អស្ចារ្យ​សម្រាប់​ប្រយោជន៍​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង​តំបន់​ទេសចរណ៍វប្បធម៌​អច្ឆរិយៈ​»​។

​លោក ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ថ្លែង​ក្នុង​ពិធី​ដាំ​កូនឈើ​នេះ ការដាំ​កូនឈើ​នេះ​គឺ​ដើម្បី​លើកកម្ពស់​គម្រប​ព្រៃឈើ បង្កើន​ទេសភាព​បៃតង​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

​លោក​ថ្លែងថា​៖ «​ព្រៃឈើ​មានគុណ​ប្រយោជន៍​យ៉ាងខ្លាំង​ដល់​វិស័យ​បេតិកភណ្ឌ បរិស្ថាន និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប​ដែល​ត្រូវតែ​យកចិត្តទុកដាក់​»​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា ការដាំ​កូនឈើ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការរួមចំណែក​លើកកម្ពស់ និង​ថែរក្សា​បរិស្ថាន​ធម្មជាតិ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​ការបណ្តុះ​គំនិត​ប្រតិបត្តិ​ករ​ទេសចរណ៍ ព្រមទាំង​មហាជន​ឱ្យ​ចេះ​ស្រឡាញ់​ថែរក្សា​ព្រៃឈើ​៕​