ស្វាយរៀងៈ បន្ទាប់ពីទទួលសារភាពនិងទទួលខុសត្រូវនូវរាល់ទង្វើដែលបានប្រព្រឹត្តទៅលើយុវតីអាយុ ១៧ ឆ្នាំរួចមក អតីតព្រះចៅអធិការវត្តពោធិ៍ពិសី យ៉ាន់ សានី បានសម្រេចលាចាកសិក្ខាបទ ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១ ដើម្បីត្រៀមខ្លួនចូលស្ដីដណ្ដឹងយុវតីរងគ្រោះធ្វើជាភរយាតាមកិច្ចសន្យា។ នេះបើតាមការអះអាងពីអាជ្ញាធរមូលដ្ឋាន និង គណៈកម្មការអាចារ្យវត្តពោធិ៍ពិសី។
លោក ពិន អាន អធិការស្រុកស្វាយជ្រុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ព្រះតេជគុណ យ៉ាន់ សានី ព្រះចៅអធិការវត្តពោធិ៍ពិសី ដែលបានសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនឯងសាជាថ្មីម្ដងទៀត បន្ទាប់ពីយុវតីវ័យ ១៧ ឆ្នាំ បានដាក់ពាក្យប្ដឹងទៅ មេគុណស្រុកស្វាយជ្រុំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ ឱ្យជួយដោះស្រាយនិងផ្ដល់ភាពយុត្តិធម៌ដល់នាង ពាក់ព័ន្ធករណីព្រះភិក្ខុសង្ឃ យ៉ាន់ សានី បានល្បួងលួងលោមស្នេហានាងរហូតដល់បានរួមរ័កមេត្រីភាពជាមួយគ្នាបានសម្រេចចំនួន២លើក ដោយសន្យាថានឹងសឹកចូលស្ដីដណ្ដឹងនាងហើយរៀបការជាមួយនាង។
ក្នុងពាក្យបណ្ដឹងនោះ យុវតីរងគ្រោះបានគូសបញ្ជាក់ថា៖ «កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ កន្លងមកនេះ គាត់ [ព្រះតេជគុណ យ៉ាន់ សានី] បានលាចាកសិក្ខាបទ តាមកិច្ចសន្យាស្នេហារវាងគាត់នឹងខ្ញុំ។ ប៉ុន្តែនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ក្រោយពីមានការតវ៉ាពីពុទ្ធបរិស័ទ្ទ និង គណៈកម្មការអាចារ្យវត្ត ដែលពុំដឹងពីទំនាក់ទំនងសម្ព័ន្ធមេត្រីភាពស្នេហា រវាងគាត់នឹងខ្ញុំនោះ គាត់ក៏បានបួសជាសង្ឃឡើងវិញ ដែលធ្វើឱ្យខ្ញុំអស់សង្ឃឹម»។
បើតាមលោក ពិន អាន ក្រោយពីបែកធ្លាយនូវរឿងរ៉ាវដ៏អាស្រូវនេះ អតីតព្រះចៅអធិការវត្តអង្គនេះ ក៏បានសារភាពនូវទោសកំហុសរបស់ខ្លួន នៅចំពោះមុខ ព្រះអនុគុណស្រុកស្វាយជ្រុំ ទាំង២គណៈ មន្ត្រីសង្ឃ គណៈកម្មការអាចារ្យវត្តពោធិពិសី និងពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍ពិសី ព្រមទាំងអាណាព្យាបាលទាំងសងខាង (ឳពុកម្ដាយ យុវតីរងគ្រោះ និង ឳពុកម្ដាយរបស់ព្រះអង្គផ្ទាល់) ថា ព្រះអង្គពិតជាបានប្រពឹត្តអំពើនោះដូចការចោទប្រកាន់
របស់យុវតីរងគ្រោះមែន ប៉ុន្តែព្រះអង្គមិនក្បត់សន្យាស្នេហ៍នោះទេ។
លោក អាន បានលើកយកសម្រង់ព្រះថេរដីការបស់ព្រះតេជគុណ យ៉ាន់ សានី ដែលបានសារភាពចំពោះព្រះអនុគុណស្រុកស្វាយជ្រុំទាំង ២ គណៈ មន្ត្រីសង្ឃ គណៈកម្មការអាចារ្យវត្តពោធិ៍ពិសី ពុទ្ធបរិស័ទ្ទ និង អាណាព្យាបាលទាំងសងខាង នាថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១ នោះថា៖ «អាត្មា ពិតជាមានសម្ព័ន្ធស្នេហាលួចលាក់ជាមួយក្មេងស្រីអាយុ ១៧ ឆ្មាំនោះពិតប្រាកដមែន។ អាត្មាក៏សូមទទួលខុសត្រូវចំពោះរឿងរ៉ាវទាំងអស់នោះ និងសូមជួយធ្វើជាសាក្សីឱ្យអាត្មាផង នៅថ្ងៃទី ២៩ ខែវិច្ចិកាឆ្នាំ ២០២១ ខាងមុខនេះអាត្មា នឹងលាសិក្ខាបទ ហើយចូលខ្លួនទៅផ្សំផ្គុំជាមួយញោមស្រី ជាប្ដីប្រពន្ធតាមកិច្ចព្រមព្រៀងរបស់អាណាព្យាបាលទាំងសងខាងដែលបានឯកភាពគ្នា នាពេលកន្លងមកនេះ»។
លោកបានបន្តថា ប៉ុន្តែស្រាប់តែនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្ នាំ២០២១ ព្រះតេជគុណ យ៉ាន់ សានី បានសុំឱ្យគណៈកម្មការអាចារ្យវត្ត និង ព្រះចៅអធិការវត្តស្ដីទី និង សាច់ញាតិទាំងសងខាង រៀបចំពីធីផ្សឹកព្រះអង្គ មុនពេលកំណត់។ បន្ទាប់ពីលាចាកសិក្ខាបទរួចក៏ធ្វើដំណើរចេញពីវត្ត មិនដឹងថាទៅនៅផ្ទះខាងស្រីតែម្ដង ឬ ក៏ទៅផ្ទះឳពុកម្ដាយរបស់ព្រះអង្គនោះទេ។
ចំពោះករណីនេះ លោក ស្រី សាវង់ ប្រធានគណៈកម្មការអាចារ្យវត្ត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អតីតព្រះភិក្ខុសង្ឃ យ៉ាន់ សានី ពិតជាបានលាចាកសិក្ខាបទ ក្លាយជាជនសាមញ្ញពិតមែន ហើយពេលនេះគាត់បានសុំឱ្យអាណាព្យាបាល ទាំងសងខាងគិតគូរពីពេលវេលាសមស្រប ដើម្បីរៀបចំផ្សំផ្គុំគាត់ និងយុវតី ១៧ ឆ្នាំនោះជាប្ដីប្រពន្ធទៅតាមច្បាប់។
លោក សាវង់ បានបន្តថា ក្រុមគ្រួសារយុវតីវ័យ ១៧ ឆ្នាំនោះ មានលំនៅក្នុងភូមិឃ្លាំង ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានចម្ងាយប្រមាណ ជាង ៥០ ម៉ែត្រពីរបងវត្តពោធិ៍ពិសី៕