កម្ពុជា និង​វៀតណាម បញ្ជាក់​ជំហរ​ជាថ្មី​ នូវ​ការប្តេជ្ញាចិត្ត​ ក្នុងការបន្ត​​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី

Content image - Phnom Penh Post
មន្ត្រី នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការបរទេស​ កាលពី​ថ្ងៃ​ទី ​២១ ​តុលា។ រូប​ថត ក្រសួង​ការ​បរទេស​

ភ្នំពេញៈ កម្ពុជា និង​វៀតណាម បញ្ជាក់​ជំហរ​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ដើម្បី​ស្វែងរក​សក្តានុពល​បន្ថែម​ទៀត សម្រាប់​ជា​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង ២។

ការប្រកាស​ជំហរ​ជាថ្មី​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក​ម្ពុ​ជា និង​វៀតណាម លើក​ទី ៧ ដែល​លោកស្រី សឿង រដ្ឋ​ចា​វី រដ្ឋ​លេខាធិការ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក ង្វៀន គួ​ក​ហ្ស៊ុ​ង អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ​កាល​ពី​ថ្ងៃទី ២១ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ។

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុ​ជា​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ២៤ ខែតុលា​បញ្ជាក់ថា កម្ពុជា និង​វៀត​ណាម ការផ្លាស់ប្តូរ​ទំនាក់​ទំនងជា​ញឹកញាប់​រវាង​ថ្នាក់​ដឹកនាំ​ទាំង ២ តាមរយៈ​ការជួប​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ និង​ទូរស័ព្ទ​កន្លងមក​ទទួលបាន​ល​ទ្ធ​ផល​វិជ្ជមាន។

ការប្រាស្រ័យ​ទាក់ទង «ដ៏​ល្អ» រវាង​ថ្នាក់​ដឹក​នាំ​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ២ ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព និង​ប្រកប​ដោយ​ផ្លែផ្កា។

សេចក្តី​ប្រកាស​ព័ត៌​មាន​បញ្ជាក់​ថា៖ «ភាគី​ទាំង​ ២ បាន​បញ្ជាក់​ជា​ថ្មីម្ដង​ទៀត នូវ​ការ​ប្តេជ្ញា​ចិត្តយ៉ាង​មុត​មាំ ក្នុង​ការ​បង្កើន​កិច្ចខិត​ខំ​ប្រឹង​ប្រែង​រួម​ទ្វេ​ដង ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​បន្ត​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​វៀត​ណាម​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត និង​ស្វែង​រក​នូវ​សក្តានុព​លនានា របស់​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោ​ជន៍​សម្រាប់​ប្រជា​ជន​ទាំង​ ២​»។

ភាគីទាំង ​២ កត់​សម្គាល់​ថា ទោះបី​ជាមាន​បញ្ហា​ប្រឈម​នានា​បណ្ដាល​មក​ពីជំងឺរាត​ត្បាត​នៃជំងឺ​កូវី​ដ ១៩ មិត្ត​ភាព​ជា​ប្រពៃ​ណី ទំនាក់ទំ​នង និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវា​ង​ប្រទេស​ទាំង​ ២ បាន​បន្តរីក​លូត​លាស់ លើ​គ្រប់វិស័យ​រួម​មាន​នយោ​បាយ និង​សន្តិសុខ ការ​ឆ្លើយ​តប​នឹង​ជំងឺ​រាត​ត្បាត​កូវីដ​ ១៩ ពា​ណិ​ជ្ជកម្ម និង​វិនិ​យោគ អប់រំ និង​វប្បធម៌ ទេស​ចរណ៍ ថាម​ពល ការ​តភ្ជាប់ និ​ង​កិច្ច​សហការ​រវាង​ក្រសួង​ការ បរទេស​ទាំ​ង ២។

ក្រសួង​ការ​បរទេស​ទាំង​២​បាន​ប្រកាស​ជំហរ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ រវាង​ប្រទេស​ទាំង ​២ ដោយ​ឈរ​លើស្មារតី​នៃ​ភាព​ជាអ្នក​ជិត​ខាង​ល្អ សាមគ្គី​ភាព ជំនឿ​ទុក​ចិត្ត ការ​យោគ​យល់​គ្នា និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «ភាគី​ទាំង​ ២ បាន​កោត​សរសើរ នូវ​វិធាន​ការ​ដ៏មាន​ប្រសិទ្ធ​ភាព ដែល​បា​ន​ដាក់​ចេញ​ដោយ​ប្រទេសទាំង​២ និង​កិច្ច​សហ​ការ​ជិត​ស្និទ្ធ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​រាត​ត្បាត​សកល​កូវីដ ​១៩​។ ភាគី​ទាំង​ ២ បាន​ឯក​ភាព​គ្នាអំពីភាព​ចាំបាច់​ក្នុង​ការ​បន្ត​ធ្វើការ​ជិត​ស្និទ្ធ ដើម្បី​ជម្នះ វិបត្តិ​សុខ​ភាព​សកល​ដែល​មិន​ធ្លាប់​មាន​ពីមុន​ម​ក​នេះ»​។

ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ ភាគី​ទាំង​២​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ការ​សម្រប​សម្រួល​ដើម្បី​បង្ការ និង​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​បទ​ល្មើស​ព្រហ្មទ​ណ្ឌ រួមមាន​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ការ​រត់​ពន្ធ និង​ជួញ​ដូរ​ឈើ និង​អាវុធ​ខុស​ច្បាប់ ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នាឱ្យ​បាន​ទាន់​ពេល​វេលា​។

លោក​ គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃរាជ​បណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាលពី​ថ្ងៃទី​២៤ ខែ​តុលា ថា ទំនាក់​ទំន​ងរវា​ងកម្ពុជា និង​វៀត​ណាម នៅតែ​ជាទំនាក់​ទំនង​ក្នុង​ភាព​ជាអ្នក​ជិត​ខាង​ល្អ ដែល​ធ្វើ​ឡើង​តាម​រយៈ​៣​ទម្រង់។ ទី ១ ​គឺក្នុង​ទម្រង់​ទំនាក់​ទំនង​ទ្វេភាគី រវាង​ប្រទេស​និង​ប្រទេស​។

នៅពេល​ដែល​ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំង​ ២ ជួប​គ្នា​គឺតែង​តែ​មាន​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​រឹងមាំ គ្រប់​ជ្រុង​ជ្រោយ និង​ស៊ី​ជម្រៅ។​

លោក​ថ្លែង​ថា៖ «កម្រិត​ទំនាក់​ទំនង​មួយ​ទៀត​ដែរ ជា​រូបភាព​ទ្វេភា​គី ប៉ុន្តែ​រវាង​បក្ស និង​បក្ស (គឺ) គណបក្ស​កម្មុយ​នីស្តវៀត​ណាម ជា​មួយ​នឹង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គឺតែង​មាន​ជួប​គ្នាជា​ប្រក្រតី​ហើយ​»។

លោក​ ភា បន្តថា ទី៣​គឺតាម​រយៈទម្រង់​ពហុភា​គី ដែល​ប្រទេស​ទាំង ​២ តែង​តែ​គាំទ្រ​គ្នា​ទៅ​វិ​ញ​ទៅមក ប៉ុន្តែ​បញ្ហា​មួយ​ដែល​គេ​មើលឃើញ​ មាន​ការ​បារម្ភ​អំពី​ទំនាក់​ទំនង​កម្ពុជា និង​វៀត​ណាម​មិន​រលូន​នៅពេល​ខាង​មុខ​នោះ គឺចំណោទ​បញ្ហា​ទាក់​ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​។ ប៉ុន្តែតាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត​រវាង​ប្រទេស​ទាំង ​២​ ដូច​ជាមិន​មាន​សញ្ញា​ណាមួយ ដែល​ធ្វើ​ឱ្យទំនាក់​ទំន​ងនៃ​ប្រទេស​ទាំង ​២ អាច​ប្រែជា​មិន​ល្អនោះ​ទេ។

លោក​ថ្លែង​ថា៖ «ជាការ​និទស្សន៍​របស​ខ្ញុំ ខ្ញុំ​គិត​ថា ទំនាក់​ទំន​ងហ្នឹង​វានៅ​តែ​រឹង​មាំក្នុ​ងនា​ម​ជាប្រទេ​សជិ​តខាង​។ វាក៏​ជាយុទ្ធ​សាស្ត្រ​របស់​ប្រទេសក​ម្ពុជា​ដែរ​សម្រាប់​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ជិត​ខាង​ដោយ​ប្រកាន់​នូវ​ជំហ​រនយោ​បាយ​មួយ​មិន​យក​អ្នក​ជិត​ខាង​ជាសត្រូវ​ទេ ដើម្បី​រួមរស់​ដោយ​សុខ​ដុម​រមនា​ជាមួយ​គ្នា​ដើម្បី​មានឱ​កាស​ក្នុង​ការ​អភិវឌ្ឍ ក្នុង​ការរក​ស៊ីវិនិ​យោគ​ជាមួយ​គ្នា។ អាហ្នឹង​ជា​រឿង​មួយ​ច្បាស់​លាស់​សម្រាប់​កម្ពុជា​»៕

ព័ត៌មានថ្មីៗ