ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​កបប ឬ​ CCF) ​បាន​បង្ក្រាប និង​ដកហូត​អាល់កុល​ក្លែងក្លាយ​មេតាណុល​ចំនួន​ ១៥៧ ​ប៊ីដុង ឬ​ស្មើ​ ៤ ៧១០ ​លីត្រ នា​ថ្ងៃទី​ ២៥ តុលា ដែល​ប្រភព​នៃ​អាល់កុល​ក្លែងក្លាយ​នេះ​ត្រូវបាន​សង្ស័យ​នាំចូល​ពី​ប្រទេស​វៀតណាម​។


កាលពី​ថ្ងៃទី​ ២៥ ខែ តុលា ឆ្នាំ​ ២០២១ មន្ត្រី​ជំនាញ​សាខា ក.ប.ប. រាជធានីភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ផ្ទះ ដែលមាន​ស្តុក​ទុក​លក់ និង​ចែកចាយ​អាល់កុល​ ១ ​កន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ធានា​បាន​នូវ​ការការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក៏ដូចជា​សុខភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

ក្រោយ​ប្រតិបត្តិការ ក.ប.ប. បាន​រកឃើញ​នូវ​អាល់កុល​ប្រភេទ​មេតាណុល​ចំនួន​ ១៥៧ ​ប៊ីដុង ស្មើនឹង​ ៤ ៧១០ ​លីត្រ និង​ត្រូវបាន​ដកហូត និង​រក្សាទុក​នៅ​ទីតាំង​ផ្ទះ​ខាងលើ​ជា​បណ្តោះអាសន្ន និង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ផងដែរ​។

លោក​ ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែតុលាថា ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កំពុង​បន្ត​ការស្រាវជ្រាវ ដើម្បី​ស្វែងរក​ប្រភព​នាំចូល​នៃ​ផលិតផល​អាល់កុល​ក្លែងក្លាយ​ទាំងនេះ​។ តាម​ប្រភពព័ត៌មាន​បឋម ផលិតផល​អាល់កុល​ក្លែងក្លាយ​នេះ​សង្ស័យថា មាន​ប្រភព​នាំចូល​ពី​ប្រទេស​វៀតណាម​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​ធ្វើការ​ស្វែងរក​បន្ថែមទៀត សម្រាប់​ប្រភព​ដ៏ធំ​នៃ​ការនាំចូល​ផលិតផល​អាល់កុល​មេតាណុល​ក្លែងក្លាយ​នេះ​។ ដូច្នេះ​យើង​មិនអាច បង្ហាញ​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ករណីនេះ​ក្នុង​ពេលនេះ​បាន​ច្រើន​នោះទេ​»​។


បើតាម​លោក​ ផាន អូន អំឡុងពេល​មាន​តម្រូវការ​អាល់កុល​កើនឡើង​ខ្ពស់ ការចរាចរ​អាល់កុល​ក្លែងក្លាយ ដែលមាន​លាយ​ជាមួយ​សារធាតុ​គីមី​មេតាណុល​លាយ​នឹង​ទឹក​ក៏​មាន​ការកើនឡើង​។ សារធាតុ​មេតាណុល គឺជា​សារធាតុពុល ហើយ​ការប្រើប្រាស់​មេតាណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹមតែ​មិនមាន ប្រសិទ្ធភាព​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​។

ការបង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​នេះ ដូចជា បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ​។ លើសពីនេះ វា​ក៏​អាច​បណ្តាល​ឱ្យ​ស្លាប់​បាន ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា សម្រាប់​បរិភោគ​លើស​កម្រិត​ដែល​ហាមឃាត់​។

ដោយ​ប្រឈម​នឹង​គ្រោះថ្នាក់​បែបនេះ លោក​អំពាវនាវ​ឱ្យ​អាជីវករ ទាំង​អ្នកលក់ដុំ អ្នក​លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់​សូម​ប្រកបរបរ​អាជីវកម្ម លក់ដូរ ប្រកបដោយ​ការទទួល​ខុសត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​សុចរិតភាព ដោយ​គិតពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ខ្ពស់ជាង​ការចំណេញ​លុយ​។

បន្ទាប់មក មន្ត្រី​ជំនាញ​ក៏បាន​ស៊ើបអង្កេត​ទីតាំង​ឃ្លាំង​ស្តុក​អាល់កុល​ ១ ​កន្លែង ទៀត​។ នៅ​ថ្ងៃទី​ ២៦ តុលា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ និង​សង្កាត់ មន្ត្រី​អគ្គនាយកដ្ឋាន​ ក.ប.ប. បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​ ១ ​កន្លែង​ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយបាន​រកឃើញ​អាល់កុល​ក្លែងក្លាយ ចំនួន​ ៣៧៥ ​ប៊ីដុង ស្មើនឹង​ ១១ ២៥០ ​លីត្រ​។ លទ្ធផល​សរុប​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទាំង​ ២ ​ថ្ងៃ មន្ត្រី​ជំនាញ​បាន​រកឃើញ និង​រឹបអូស​អាល់កុល​ក្លែងក្លាយ​ចំនួន​ ១៥ ៩៦០ ​លីត្រ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕