RUPP ចុះ MoU ជាមួយ ASU របស់​អាមេរិក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧត្តមសិក្សា

Content image - Phnom Penh Post
ពិធី​ចុះ MoU រវាង RUPP និង ASU នៅ​ថ្ងៃទី​ ២៥ តុលា​។ ហេង ជីវ័ន

ភ្នំពេញៈ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ជាមួយ​សាកលវិទ្យាល័យ Angelo State University (ASU) របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​ ២៥ ខែតុលា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧត្តមសិក្សា និង​ពង្រីក​វិសាលភាព​លើ​ការអភិវឌ្ឍ​កម្មវិធី​អប់រំ និង​ការផ្លាស់ប្តូរ​និស្សិត​រវាង​ស្ថាប័ន​ទាំង​ ២​។

ការចុះ MoU នេះ ក៏មាន​គោលដៅ​ពន្លាត​ការខិតខំ​ស្វែងរក និង​បណ្តុះបណ្តាល​ផ្នែក​អប់រំ​ដែល​អាចឈាន​ទៅដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​ឧត្តមសិក្សា​ទាំង​ ២ និង​ការខិតខំ​បន្ត និង​អភិវឌ្ឍ​កម្មវិធី​ដែលមាន​ស្រាប់​។

RUPP បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ពី​ថ្ងៃទី​ ២៥ តុលា ថា អនុស្សរណៈ​នៃ​ការយោគយល់​នេះ​បាន​លេចចេញ​ជា​រូបរាង បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​តំណាង​ស្ថាប័ន​ទាំង​ ២ និង​បាន​ឈានទៅដល់​សេចក្តី​សម្រេច កិច្ចសហប្រតិបត្តិការ ដែល​ផ្តោតសំខាន់​លើ​ការបង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការអប់រំ​នៅ​កម្រិត​ឧត្តមសិក្សា​។ ការផ្លាស់ប្តូរ​និស្សិត​រវាង​ស្ថាប័ន​ទាំង​ ២ ​ធ្វើឡើង​តាមរយៈ «​កម្មវិធី 1+3 Foundation Program» ដែល​ផ្តល់ឱកាស​ឱ្យ​និស្សិត​ឆ្លងកាត់​វគ្គ​សិក្សា​ឆ្នាំ​មូលដ្ឋាន រយៈពេល​ ១ ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ ៣ ​ឆ្នាំ​នៅ​សាកលវិទ្យាល័យ ASU លើ​ជំនាញ​ជីវវិទ្យា រូបវិទ្យា គីមីវិទ្យា ភូមិវិទ្យា សំណង់​ស៊ីវិល និង​វិស្វកម្ម​គ្រឿងយន្ត​។

លោក ជេត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់ពី​ពិធី​ចុះ MoU នេះ​ថា ASU មានបំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ RUPP លើ​វិស័យ​មួយចំនួន ដែលជា​វិស័យ​វិទ្យាសាស្ត្រ​ពិត​។ ក្នុង​រឿង​វិស័យ​វិទ្យាសាស្ត្រ​ពិត ផ្នែក​ឯកជន មិនសូវមាន​លទ្ធភាព​ធ្វើ​ទេ ដោយសារ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ក្នុងការ​បង្កើត​បន្ទប់ពិសោធន៍ ហើយ​ក្រសួង​អប់រំ​ក៏បាន​ណែនាំ ASU ឱ្យមក​ធ្វើការ​ជាមួយ RUPP​។

លោក​ថ្លែងថា​៖ «​ខាង​គាត់​មាន​ចេតនា សាកលវិទ្យាល័យ​នៅ Texas នេះ គាត់​មាន​ចេតនា​នឹង​យក​និស្សិត​យើង​នៅ​ឆ្នាំ​ទី​ ១ ​រៀន​នៅ​យើង ហើយ​ ៣ ​ឆ្នាំ នៅ​អាមេរិក ហើយ​សញ្ញាបត្រ​គាត់​សុំឱ្យ​និស្សិត​នោះ ទទួលបាន​ទាំង​ ២ ​ទាំង​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកល​វិទ្យាល័យ​មួយ​នៅ Texas នេះ​»​។

លោក ជេត ជាលី ថ្លែងថា ASU នឹងត្រូវ​ពិនិត្យមើល​កម្មវិធីសិក្សា​របស់ RUPP នៅ​ឆ្នាំ​ទី​ ១ ហើយ​ភាគី​ទាំង​ ២ បាន​ពិភាក្សាគ្នា​ថា ពេលនេះ ភាគី​ទាំង ​២ នឹង​ធ្វើការ​ជាមួយគ្នា​លើ​កម្មវិធីសិក្សា និង​គ្រូបង្រៀន​នៅ​ឆ្នាំ​ទី​ ១​។ ប្រសិនបើ​និស្សិត​នៅ​ឆ្នាំ​ទី​ ១ ​របស់ RUPP មាន​សមត្ថភាព «​ខ្សោយពេក​» ក៏ ASU មិន​អនុញ្ញាត​ឱ្យ​បន្តទៅ​ឆ្នាំ​ទី​ ២ ឆ្នាំ​ទី​ ៣ និង​ឆ្នាំ​ទី​ ៤ របស់ខ្លួន​នោះទេ​។ ជា​សេចក្តី​ផ្តើម បន្ទាប់ពី​បាន​ពិនិត្យ​ត្រួសៗ ASU អាច​ទទួលយកបាន​នូវ​និស្សិត​ឆ្នាំ​ទី​ ១ នេះ​តែ​នៅ​កែលម្អ​«​ខ្លះ​» តទៅទៀត​។

លោក Won-Jae Lee អនុប្រធាន​​ដេប៉ាតឺម៉ង់ កិច្ចការ​សិក្សា​សន្តិសុខ និង​យុត្តិធម៌​ព្រហ្មទណ្ឌ​នៃ​សាកលវិទ្យាល័យ ASU ប្រាប់​អ្នកកាសែត​ក្រោយ​ពិធី​នេះ​ថា កម្មវិធី «1+3 Foundation Program » ពិតជា​ពិសេស និង​ប្លែក តាមរយៈ​សាកលវិទ្យាល័យ​ទាំង​ ២ ​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ​អប់រំ ដោយ​និស្សិត​ឆ្នាំ​ទី​ ១ នឹងសិក្សា​នៅ RUPP ហើយ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ និស្សិត​នឹងសិក្សា​នៅ​សាកលវិទ្យាល័យ​របស់លោក​នៅ​សហរដ្ឋអាមេរិក​។

លោក​ថ្លែងថា​៖ «​គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​បណ្តុះ និង​បង្កើត​អ្នកដឹកនាំ​កម្ពុជា​នាពេល​អនាគត ដើម្បី​ធ្វើឱ្យ​ប្រទេស​របស់​អ្នកមាន​វិបុលភាព​»៕

ព័ត៌មានថ្មីៗ