ក្រចេះ: មេធាវីស្ម័គ្រចិត្ត «សម្តេចតេជោ សែន» បានទទួលការពារក្តីឱ្យកុមារីរងគ្រោះ ២ រូប ដែលរងការប្រើអំពីហិង្សាពីសំណាក់មេបញ្ជាការមូលដ្ឋាននៃកងរាជអាវុធហត្ថក្រុងក្រចេះ ខណៈជនប្រព្រឹត្តដែលត្រូវបានឃាត់ខ្លួនបានស្នើសុំសម្របសម្រួលជាមួយម្តាយក្មេងស្រីរងគ្រោះ ដោយផ្តល់ប្រាក់ ២ ម៉ឺនដុល្លារ ប៉ុន្តែត្រូវបានបដិសេធ។
យោងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋមតាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ក្មេងស្រីដែលរងការប្រើអំពើហិង្សាបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក អេង ហ៊ី បញ្ជាក់ថា៖ «ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ មូលហេតុ បុគ្គលនេះបានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ»។
ក្រុមមេធាវីស្ម័គ្រចិត្ត «សម្តេចតេជោ សែន» បានទទួលការពារក្តីក្នុងសំណុំរឿងនេះ ដោយសារមានការស្នើសុំពីម្តាយជនរងគ្រោះ ជាពិសេសអ្នករងគ្រោះជាក្មេងស្រីទន់ខ្សោយ។
ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត «សម្តេចតេជោ សែន» លោក គី តិច ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ តុលា ពីមូលហេតុដែលទទួលការពាររឿងក្តីនេះថា ទី១ ជាសំណូមរបស់លោកមេឃុំ និងម្តាយកុមារីរងគ្រោះទី២ គ្រួសារជនរងគ្រោះមានជីវភាពទន់ខ្សោយ ទី៣ ជនរងគ្រោះជាអនីតិជន និងជាស្ត្រីទី៤ ជនរងគ្រោះត្រូវបានបំពានដោយបុគ្គលមានអំណាច និងចំណុចទី៥ គឺជនរងគ្រោះ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ក្នុងដំណើររឿងក្តីនេះ លោកបានចាត់មេធាវី ២ រូប ឱ្យទទួលការពារជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។
លោក គី តិច ឱ្យដឹងដែរថា សំណុំរឿងនេះកំពុងស្ថិតក្នុងសមត្ថកិច្ច នគរបាលយុត្តិធម៌។ លោកថា៖ «នគរបាលយុត្តិធម៌ តំណាងអយ្យការ និងតុលាការមានសមត្ថកិច្ចក្នុងចំណាត់ការនេះ ឯមេធាវីមានភារកិច្ច តាមមើលការអនុវត្តច្បាប់ និងការពារជនរងគ្រោះតាមផ្លូវច្បាប់»។
ក្មេងស្រីរងគ្រោះទាំង ២ នាក់មានឈ្មោះ ត្រែក ធារ៉ា អាយុ ១២ ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ ១២ ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ និងបានមកស៊ីឈ្នួលបម្រើនៅផ្ទះមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្នុងមួយខែថ្លៃឈ្នួល ១០០ ដុល្លារ។ ករណីវាយធ្វើបាប និងធ្វើទារុណកម្មលើក្មេងស្រីទាំង ២ នាក់នេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។
ក្មេងស្រីរងគ្រោះម្នាក់ក្នុងចំណោម ២ នាក់ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបានថ្លែងថា៖ «ម្ចាស់ប្រុសឈ្មោះ ទេព ហ៊ុយ គាត់វៃខ្ញុំ បន្ទាប់មកគាត់ហៅបងប្អូនខ្ញុំម្នាក់ទៀតទៅជិតគាត់ ហើយបោចសក់ និងបោកក្បាលនឹងឥដ្ឋ ហើយយកជើងម៉ាជ័រវៃក្បាលនាងថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូរខ្មោចឆ្កែចំនួន ១ យប់ទៀត»។ ក្មេងស្រីរូបនេះបន្តថា៖ «ពេលគាត់ (ទេព ហ៊ុយ) វៃខ្ញុំគាត់យកជើងជាន់កខ្ញុំ បន្ទាប់មកមានកូនចៅគាត់ម្នាក់ពាក់អាវពណ៌ស គាត់មកទះខ្ញុំបីកំប្លៀងទាំងសងខាង»។
ម្ដាយក្មេងស្រីរងគ្រោះបានឱ្យដឹងថា ក្រោយកើតហេតុលោក ទេព ហ៊ុយ ចង់ធ្វើការសម្របសម្រួលជាមួយគាត់ក្នុងទឹកប្រាក់តម្លៃ ២ ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែអ្នកស្រីបានបដិសេធ និងអំពាវនាវរកយុត្តិធម៌តាមផ្លូវច្បាប់។
អ្នកស្រីបញ្ជាក់ថា៖ «គាត់ថា ព្រមឱ្យខ្ញុំ ២ ម៉ឺនដុល្លារ ឱ្យតែខ្ញុំព្រមបញ្ចប់ដកពាក្យបណ្តឹង ហើយគាត់ព្រមទទួលកំហុស និងសុំទោស។ តែខ្ញុំថា ខ្ញុំអត់ចង់បានទេ ហេតុអីប្រើអំពើហិង្សាមកលើកូនខ្ញុំទើបតែអាយុ ១២ ឆ្នាំ គ្នាអត់ទាន់ដឹងអី ទោះខុសប៉ុនណា ក៏មិនគួរធ្វើបាបកូនខ្ញុំដល់ថ្នាក់ហ្នឹងដែរ អ៊ីចឹងខ្ញុំសូមឱ្យមានការជួយរកយុត្តិធម៌ទៅតាមច្បាប់ ព្រោះខ្ញុំជាជនក្រីក្រ ហើយជាជនរងគ្រោះ»។
ប្រធានលេខាធិការដ្ឋបាលនៃសាលាដំបូងខេត្តក្រចេះ លោកស្រី ឆាន់ ស្រីមុំ បានឱ្យដឹងថា ក្នុងករណីនេះ ស្ថិតនៅក្នុងដៃសមត្ថកិច្ចនៅឡើយ មិនទាន់បញ្ជូនមកតុលាការខេត្តក្រចេះនៅឡើយទេ។
បើយោងសេចក្តីប្រកាសខាងលើបានឱ្យដឹងថា៖ «កន្លងទៅ កងរាជអាវុធហត្ថបានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាជនត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំ បញ្ហារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់»។
ជាមួយគ្នានេះដែរគណៈកម្មការការពារកុមារថ្នាក់ជាតិនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត់ ចំពោះការប្រព្រឹត្តអំពើហិង្សាដោយចេតនាយ៉ាងឃោរឃៅ យង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ បែបនេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ ក.ជ.ក ចុះថ្ងៃទី ៣១ ខែតុលា សង្កត់ធ្ងន់ថា៖ «ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កម្សត់ទាំង ០២ នាក់នេះ ដែលទទួលរងគ្រោះអំពើហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ និងយល់ឃើញថា អំពើនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា»។
ក.ជ.ក អំពាវនាវ និងទទូចដល់សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នអយ្យការតុលាការ សូមបន្តបណ្ដឹងអាជ្ញាលើករណីហិង្សាមានស្ថានទម្ងន់ទោសនេះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរ៉ឹងបំផុតចំពោះជនល្មើសនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើនមានក្នុងសង្គមជាតិយើងបន្តទៀត៕
វីដេអូ៖