ភ្នំពេញៈ ប្រមុខការពារជាតិបញ្ជាក់ថា រយៈពេលជាង ១៥ ឆ្នាំនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺជាអង្គភាពមួយដែលបានលើកមុខមាត់ប្រទេសជាតិឱ្យស្មើមុខស្មើមាត់ ស្មើភាព ស្មើសិទ្ធិលើឆាកអន្តរជាតិ ដែលចាប់ពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៧ ៨២៦ នាក់ ទៅកាន់បេសកកម្មចំនួន ១១ លើកនៃប្រទេសចំនួន ៩ តាមរយៈការចូលរួមក្នុងវិស័យថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ លើកឡើងបែបនេះពេលធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន និងពលទាហាននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម កាលពីថ្ងៃទី ២ ខែវិច្ឆិកា។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងទាំងអស់នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ រក្សាសន្ដិភាពសម្រេចលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ជូនជាតិមាតុភូមិ និងប្រជាជនតាមការប្រគល់ភារកិច្ចជាមួយកងកម្លាំង រក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។
ប្រមុខការពារជាតិរូបនេះថ្លែងថា៖ «នៅក្នុងរយៈពេលជាង ១៥ ឆ្នាំនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺជាអង្គភាពមួយក្នុងកងយោធពលខេមរភូមិន្ទដែលបានលើកមុខមាត់ប្រទេសជាតិឱ្យស្មើមុខ ស្មើមាត់ ស្មើភាព ស្មើសិទ្ធិលើឆាកអន្តរជាតិ»។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូ និងប្រទេសបរិច្ចាគកងកម្លាំង ដើម្បីចែករំលែក បទពិសោធទាំងក្នុងប្រទេស និងគ្រប់តំបន់បេសកកម្មធ្វើឱ្យប្រសើរឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ និងបង្កើនការចូលរួមកងកម្លាំងជាស្ត្រីឱ្យបាន ២០ ភាគរយនៅគ្រប់បេសកកម្មរក្សាសន្តិភាព»។
លោកថ្លែងថា កម្ពុជាបន្តបញ្ចូល កម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេចនូវសមត្ថភាព ដើម្បីរក្សាសន្តិភាព រួមមាន កងវិស្វកម្ម កងរាជអាវុធហត្ថ និងកងបោសសម្អាតមីន កម្ទេចគ្រឿងផ្ទុះ។ កត្តាទាំងអស់នេះ សុទ្ធតែឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុសន្តិភាពសន្តិសុខ និងមនុស្សធម៌នៅលើលោក។ លោកក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកចំពោះយុទ្ធជន យុទ្ធនារី កងរក្សា សន្តិភាពកម្ពុជា ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុង និងក្រៅប្រទេសទាំងអស់ផងដែរ។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «រយៈពេល ១៥ ឆ្នាំចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាព ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចចិត្តដ៏សំខាន់ចំពោះមុខប្រវត្តិសាស្ត្រជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូលក្នុងការរួមចំណែក វិស័យរក្សាសន្តិភាព»។
លោកបន្តថា ក្នុងនោះ មជ្ឈមណ្ឌលជាតិ កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមនៃក្រសួងការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមក្នុងវិស័យថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងលើឆាកអន្តរជាតិ។
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្ដិភាពបានបញ្ជូនកងកម្លាំងសរុបចំនួន ៧ ៨២៦ នាក់ ក្នុងនោះមានកងកម្លាំងនារីចំនួន ៤៩៤ នាក់ទៅកាន់បេសកកម្មចំនួន ១១ លើកនៃប្រទេសចំនួន ៩ ដើម្បីចូលរួមក្នុងវិស័យថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រទេសទាំង ៩ នោះ មាន ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់។
លោក សុវណ្ណី បានបញ្ជាក់ថា៖ «រយៈពេល ១៥ ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលជាតិ បានវិវឌ្ឍខ្លួនរហូតមកទាំងបរិមាណ ទាំងជំនាញ ទាំងកិច្ចសហការក្នុងក្រៅប្រទេស ព្រមទាំងបានបង្កើតមិត្តភក្តិជាច្រើនមកពីបណ្តាប្រទេសតូចធំ ដែលស្នេហាសន្តិភាព និងចង់បានសន្តិភាព»៕