ភ្នំពេញៈ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ប្រចាំ​សន្និសីទ​អន្តជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី (International Conference of Asian Political Parties – ICAPP) បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍លើក​ទី​២០ ឆ្នាំ​ នៃ​ការបង្កើត​សន្និសីទ​អន្តរជាតិ​ នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី តាមរយៈ​ប្រព័ន្ធ​អន​ឡាញ នា​ថ្ងៃទី ០៨ ខែវិច្ឆិកា ដោយមាន​ការចូលរួម​ពី​សមាជិក​គណបក្សនយោបាយ​ជាច្រើនរូប។


ពិធី​អបអរសាទរ​ ខួប​អនុស្សាវរីយ៍ ២០ ឆ្នាំ នៃ​ការបង្កើត​ ​ICAPP នេះ ក៏មាន​ការចូលរួម​ពី​លោកស្រី ឃួន សុ​ដា​រី សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​អង្គការ ICAPP និង​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ផង​ដែរ​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មានបានឱ្យដឹងថា សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី ដែល​ត្រូវបាន​បង្កើតឡើង ​នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន នៅក្នុង​ខែកញ្ញា ឆ្នាំ ២០០០ ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ​ និង​កិច្ច​សហ​ប្រតិបត្តិការ ​រវាង​គណបក្សនយោបាយ​ នៅ​ទ្វីបអាស៊ី​ គឺជា​បណ្តាញ​គណបក្សនយោបាយ​ធំជាងគេ​មួយ​ នៅ​ទ្វីបអាស៊ី​ដែលមាន​សមាជិក​ជាង ៣៥០ គណបក្សនយោបាយ មកពី ៥២ ប្រទេស។


ប្រភព​ដដែល​បាន​បន្តថា៖ «បច្ចុប្បន្ន អង្គការ ICAPP ដឹកនាំ​ដោយ លោក​ Jose de Venecia ប្រធាន​ស្ថាបនិក ICAPP និង​ជា​អតីត​ប្រធានសភា​ហ្វីលីពីន ៥អាណត្តិ លោក ​Chun Eui-yong សហប្រធាន ICAPP និង​ជា​រដ្ឋមន្ត្រីការបរទេស (សាធារណៈរដ្ឋ​កូរ៉េ) និង​អនុប្រធាន ៤ រូប​ មកពីគណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​កុម្មុយនីស្ត​ចិន គណបក្ស​ប៉ា​គី​ស្ថាន​មូស្លីម​លី​ក និង​គណបក្ស​រួបរួម​រុស្ស៊ី​ និង​មាន​លេខាធិការដ្ឋាន​នៅ​សាធារណៈរដ្ឋ​កូរ៉េ»។

គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ចក្ខុវិស័យ​ និង​ការដឹកនាំ​ ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ គ​ណ​បក្សនយោបាយ​ នៅក្នុង​តំបន់​មួយ​នេះ។


គួរ​បញ្ជាក់ថា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ICAPP រួមមាន ​លោក​ហោ ណាំហុង​និង​បច្ចុប្បន្ន លោកស្រី​ ឃួន សុ​ដា​រី អនុប្រធាន​ទី២ រដ្ឋសភា ក្នុងតួនាទី​ជា​អនុប្រធាន ICAPP បាន​បន្ត​ដឹកនាំ​​ចូលរួមចំណែក​ពង្រឹង​ និង​ពង្រីក​កិត្យានុភាព​ និង​ការចូលរួម​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ ព​ហុ​ភាគី​ នៅក្នុង​តំបន់​អាស៊ី​មួយ​នេះ។

ជាមួយគ្នានេះដែរ គណបក្ស​ប្រជាជន​កម្ពុជា ក៏មាន​តំណាង​ប្រចាំការ​នៅក្នុង​ស្ថាប័ន​ចម្រុះ​របស់​ ICAPP រួមមាន លោក សួស យ៉ា​រ៉ា អគ្គនាយក​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) លោកស្រី អ៊ឹ​ង កន្ថាផាវី នៅក្នុង​វេទិកា​ស្ត្រី ICAPP លោក ហ៊ុយ វណ្ណៈ នៅ​ក្នុង​​វេទិកា​សារព័ត៌មាន ICAPP និង​លោក សុខ សូកេន នៅក្នុង​វេទិកា​យុវជន ​ICAPP។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​តែងតែបាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចប្រជុំ​និង​សកម្មភាព​នានា​របស់ ICAPP និង​បន្ត​ប្តេជ្ញា​ចូលរួម​ក្នុង​បុព្វហេតុ​ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ពហុភាគី​និយម និង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន សារព័ត៌មាន ការលើកកម្ពស់​សិទ្ធិ​ស្ត្រី​និង​យុវជន នវានុវត្តន៍​និង​ការតភ្ជាប់ ដើម្បី​សន្តិភាព ស្ថិរភាព និង​ការកសាង​សហគមន៍​អាស៊ី​រួបរួម៕