ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​លើក​ទី​២០ ​នៃ​ការបង្កើត​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី​ (ICAPP) ​ដោយ​កម្ពុជា​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ ICAPP ដើម្បី​លើកកម្ពស់​ការគោរព​គ្នា​ទៅវិញទៅមក ភាពជឿ​ទុកចិត្ត​គ្នា និង​បម្រើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ ដើម្បី​សន្តិភាព និង​វិបុលភាព​។


ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ៨ វិច្ឆិកា ដែល​ផ្ញើ​ទៅកាន់​លោក Jose de Venecia ប្រធាន​ស្ថាបនិក ICAPP លោក Chun Eui-yong សហប្រធាន ICAPP និង​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ផ្សេងទៀត​របស់ ICAPP លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​អបអរសាទរ ICAPP សម្រាប់​សមិទ្ធផល​ដ៏គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ICAPP បាន​ក្លាយជា​ស្ថាប័ន​នយោបាយ​ដែលមាន​ការគោរព និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​។ ការគោរព​គ្នា​ទៅវិញទៅមក និង​ការឯកភាព​គ្នា​ចម្រុះ គឺជា​ចំណុចខ្លាំង​របស់ ICAPP»​។

លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក ICAPP ក្នុង​ការផ្តល់​ជំនួយ​មនុស្សធម៌​ទៅកាន់​តំបន់​ផ្សេងៗ​របស់​ពិភពលោក ការលើកកម្ពស់​វប្បធម៌​សន្តិភាព​ និង​សន្ទនា​ និង​ការកសាង​ស្ពាន​ទំនុកចិត្ត​នៅក្នុង​តំបន់​ និង​រវាង​តំបន់​។ ទំនុកចិត្ត គឺជា​ទ្រព្យសម្បត្តិ​ដ៏សំខាន់​បំផុត​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សន្តិភាព​។


លោក​ ហ៊ុន សែន ​ក៏បាន​កោតសរសើរ​ផងដែរ​ចំពោះ​សមិទ្ធផល​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) របស់ ICAPP ដែល​បាន​ក្លាយជា​វេទិកា​ដ៏លេចធ្លោ​មួយ ក្នុងការ​លើកកម្ពស់​កិច្ចសន្ទនា​រវាង​អរិយធម៌​ផ្សេងៗ​គ្នា ការអនុវត្ត​គំរូ​អភិវឌ្ឍន៍​ផ្អែកលើ​វប្បធម៌ និង​ទីកន្លែង​ដែល​ស្ថិតក្រោម​គម្រោង​តេជោ​ភូមិ​ ១០០ និង​ជំរុញ​ការអភិវឌ្ឍ​ច្រករបៀង​វប្បធម៌​ទូទាំង​តំបន់​។

លោក​លើកឡើងថា នៅក្នុង​បរិបទ​នៃ​ការកើនឡើង​នូវ​ភាពមិន​ច្បាស់លាស់ ភាព​ងាយ​រងគ្រោះ​ និង​ពហុនយោបាយ​អន្តរជាតិ អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ជំរុញ​ជានិច្ច​នូវ​វិធាន​ការកសាង​ទំនុកចិត្ត​ និង​ភាពជឿជាក់​គ្នា​លើ​ការទូត​ដើម្បី​បង្ការ​ជម្លោះ និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ គណបក្សនយោបាយ​ដើរតួនាទី​ពាក់ព័ន្ធ​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការជំរុញ​កិច្ចសន្ទនា​រួម ពង្រឹង​ពហុភាគី​និយម បើកចំហ​ផ្អែកលើ​ច្បាប់ និង​ពិនិត្យ​ឡើងវិញ​នូវ​សណ្តាប់ធ្នាប់​អន្តរជាតិ ដោយ​ផ្តោតលើ​តម្លៃ​ និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​។


ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំនេះ និង​អាស៊ាន​នៅ​ឆ្នាំក្រោយ លោក ហ៊ុន សែន ​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត «​យ៉ាងមុតមាំ​» របស់​កម្ពុជា​ក្នុង​ការបន្ត​ជំរុញ​ពហុភាគី​និយម​ផ្អែកលើ​ច្បាប់ បើកចំហ និង​ប្រកបដោយ​បរិយាប័ន្ន​ដើម្បី​សន្តិភាព​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា យើង​អាច​សម្រេចបាន​លទ្ធផល​ដ៏មាន​អត្ថន័យ​បន្ថែមទៀត​ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាជន​នៅខាងមុខ​ និង​នៅ​កណ្តាល​នៃ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​របស់​យើង​។ ដូច្នេះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​ផ្តោតលើ​ផលប្រយោជន៍​ប្រជាជន​គឺជា​ការចាំបាច់​ណាស់​»​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ICAPP នឹង​បន្ត​មាន​ភាពរស់រវើក មាន​ភាពសកម្ម និង​មាន​នវានុវត្តន៍​ក្នុង​ការឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​សកល ដែល​កំពុង​កើតមាន និង​តម្រូវការ​របស់​ប្រជាជន​។ កម្ពុជា​នឹង​បន្ត​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​សមាជិក​សហគមន៍ ICAPP ដើម្បី​ជំរុញ​ចក្ខុវិស័យ និង​ផលប្រយោជន៍​រួម​របស់​យើង រួមទាំង​ការលើកកម្ពស់​ការគោរព​គ្នា​ទៅវិញ​ទៅមក​ការយោគយល់​គ្នា ការជឿទុកចិត្ត​គ្នា និង​ផលប្រយោជន៍​ទៅវិញទៅមក ដើម្បី​សន្តិភាព និង​វិបុលភាព​»​។

គួរ​បញ្ជាក់ថា ICAPP ត្រូវបាន​បង្កើតឡើង នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន នៅក្នុង​ខែកញ្ញា ឆ្នាំ ២០០០ ក្នុង​គោលបំណង​លើកកម្ពស់​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រវាង​គណបក្សនយោបាយ​នៅ​ទ្វីបអាស៊ី​។

ICAPP គឺជា​បណ្តាញ​គណបក្ស​នយោបាយ​ធំជាងគេ​មួយ​នៅ​ទ្វីបអាស៊ី ដែល​មាន​សមាជិក​ជាង ៣៥០ គណបក្ស​នយោបាយ​មកពី ៥២ ​ប្រទេស​។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​គណៈកម្មាធិការ​អចិន្រៃ្តយ៍ ICAPP រួមមាន លោក​ ហោ ណាំហុង ​និង​បច្ចុប្បន្ន លោកស្រី ឃួន សុដារី អនុប្រធាន​ទី​ ២ រដ្ឋសភា ក្នុង​តួនាទី​ជា​អនុប្រធាន ICAPP បាន​បន្ត​ដឹកនាំ​ការចូលរួម​ចំណែក​ពង្រឹង និង​ពង្រីក​កិត្យានុភាព​ និង​ការចូលរួម​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ពហុភាគី នៅក្នុង​តំបន់​អាស៊ី​មួយ​នេះ​។

គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន​តំណាង​ប្រចាំការ​នៅក្នុង​ស្ថាប័ន​ចម្រុះ​របស់ ICAPP រួមមាន​លោក​ សួស យ៉ារ៉ា អគ្គនាយក​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) លោកស្រី អ៊ឹង កន្ថាផាវី នៅក្នុង​វេទិកា​ស្ត្រី ICAPP លោក ហ៊ុយ វណ្ណៈ ​នៅក្នុង​វេទិកា​សារព័ត៌មាន ICAPP និង​លោក សុខ សូកេន នៅក្នុង​វេទិកា​យុវជន ICAPP​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៩ វិច្ឆិកា​ថា កន្លងមក កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង ICAPP នេះ ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​យន្តការ​ពហុភាគី​មួយ​នេះ​។

សម្រាប់​ប្រទេស​តូចៗ​នយោបាយ​ការបរទេស​របស់ខ្លួន​គឺ​ផ្តោត​ខ្លាំង​ទៅលើ​យន្តការ​ពហុភាគី​ ដើម្បី​ឱ្យ​សំឡេង​របស់ខ្លួន​មាន​ឥទ្ធិពល​។ រាល់​ការថ្លែង​របស់​កម្ពុជា​ជាទូទៅ​ផ្តោតលើ​យន្តការ​ពហុភាគី​និយម ក្នុងការ​ដោះស្រាយ​ផ្សេងៗ​នៅក្នុង​តំបន់ និង​ពិភពលោក​ដើម្បី​ជំរុញ​សណ្តាប់ធ្នាប់​តំបន់ និង​ពិភពលោក​ផ្អែកលើ​ច្បាប់​។

លោក​ថ្លែងថា​៖ «​ប្រទេស​តូចៗ គឺ​យើង​អត់​អាចមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ប្រទេស​ផ្សេងៗ​បានទេ ក្រៅពី​យើង​ចេះ​រួម​ផ្តុំ​ប្រមូល​កម្លាំង​គ្នា ក្នុង​សំឡេង​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​នៅក្នុង​តំបន់ និង​ពិភពលោក​»​។ វា​ជាការ​មួយ​សំខាន់​ដែល​គណបក្ស​នយោបាយ​ទាំងអស់​ហ្នឹង​រួមគ្នា​ហើយ​អាច​នឹង​ដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន នៅក្នុង​តំបន់ និង​ពិភពលោក ពីព្រោះ​ជាទូទៅ​គណបក្ស​ដែលមាន​នៅក្នុង​យន្តការ ICAPP ហ្នឹង​មួយ​ចំនួន​ធំ គឺជា​គណបក្ស​កាន់អំណាច​។ អ៊ីចឹង គាត់​មាន​លទ្ធភាព​ច្រើន​ក្នុង​ការយក​បញ្ហា​រួម​ហ្នឹង​ដោះស្រាយ​ជាមួយ​គ្នា​»៕