ភ្នំពេញៈ ប្រមុខការពារជាតិ លោក ទៀ បាញ់ អំពាវដល់ប្រទេសអាស៊ាន រក្សាភាពរឹងមាំ ខណៈកំពុងប្រឈមសម្ពាធការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន និងជំងឺរាតត្បាត ដើម្បីបន្តដំណើរទៅមុខរកសន្តិសុខ និងសន្តិភាព។
លោកអំពាវនាវបែបនេះ ក្នុងឱកាសនៃការទទួលប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) សម្រាប់ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អូស្រ្តាលី តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ១០ ខែវិច្ចិកា ដែលប្រទេសប៊្រុយណេធ្វើជាម្ចាស់ផ្ទះ។
លោក ទៀ បាញ់ ថ្លែងថា៖«អាស៊ានត្រូវតែរួបរួមគ្នា រក្សាភាពរឹងមាំ និងភាពធន់របស់ខ្លួននៅពេលដែលកំពុងប្រឈមនឹងសម្ពាធនិងឥទ្ធិពល ដែលកើតចេញពីការកើនឡើង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ ការធ្វើបែបនេះ នឹងធានាថា យើងបន្តដើរទៅមុខឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាព ប្រកបដោយចីរភាព»។
ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅឆ្នាំ ២០២២ ប្រមុខការពារជាតិរូបនេះ បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងចំពោះការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់តាមរយៈការគោរពតាមគោលការណ៍ដំណោះស្រាយឈ្នះ-ឈ្នះ ចំពោះរាល់បញ្ហាទាំងអស់ ព្រមទាំងបង្កើននូវតួនាទីស្រ្តីក្នុងអាស៊ាន និងការចូលរួមរបស់ពួកគេក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកថ្លែងថា៖ «[យើងនឹង]ជំរុញកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន រវាងកងកម្លាំង នៃបណ្តាប្រទេសអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺរាតត្បាតសកល បង្កើន នូវកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តពេញលេញនៃផែនការសកម្មភាព រយៈពេល ៣ ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន [និង] លើកកម្ពស់កិច្ចការកសាងទំនុកចិត្តនិងតម្លាភាព»។
លោក ទៀ បាញ់ បន្តថា កម្ពុជា ក៏នឹងផ្តោតសំខាន់ទៅលើការពង្រឹងតួនាទីស្នូលរបស់អាស៊ាន និងសាមគ្គីភាពអាស៊ានសម្រាប់យន្តការទំនាក់ទំនងក្នុងតំបន់ និងជាមួយដៃគូខាងក្រៅ។ ការយកចិត្តទុកដាក់នេះ នឹងផ្អែកលើមាគ៌ាអាស៊ាន និងគោលការណ៍នានាដែលបានចែងក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកថ្លែងថា៖ «យើងជឿជាក់ថា អាទិភាព ដែលបានដាក់ចេញសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ ២០២២ នេះ គឺពិតជានឹងបន្តពង្រឹងនូវសាមគ្គីភាពអាស៊ាន និងពង្រឹងតួនាទីស្នូល និងការដើរតួនាំមុខរបស់អាស៊ានទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»។
កម្ពុជាជ្រើសរើសមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម» សម្រាប់ភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឆ្នាំ ២០២២។
ក្នុងនាមជាប្រធានកិច្ចប្រជុំនេះ នាឆ្នាំក្រោយ លោក ទៀ បាញ់ បានប្រកាសពីការប្តជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជាដោយជំរុញរដ្ឋមន្ត្រីការពារជាតិអាស៊ានប្រឹងប្រែងរួមគ្នា ដើម្បីជួយឱ្យតំបន់ទទួលបាន នូវសន្តិសុខ និងអាចរក្សាកិច្ចការស្តារឡើងវិញក្រោយពេលកូវីដ ១៩៕