កោះកុងៈ អង្គការ WCS និង​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ធ្វើការ​ពិនិត្យ​សុខភាព​អណ្តើក​ហ្លួង​ចំនួន​មួយ​ភាគបី​ក្នុងចំណោម​អណ្តើក​ហ្លួង​ចំនួន​ ២០៥ ​ក្បាល​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង ហើយ​លទ្ធផល​បញ្ជាក់ថា​អណ្តើក​ហ្លួង​ទាំងអស់​មាន​សុខភាព​ល្អ និង​មាន​អត្រា​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​ការបន្ត​ពូជ​។


អង្គការ WCS ​បាន​ឱ្យដឹង​តាមរយៈ​ហ្វេសប៊ុក​របស់ខ្លួន​កាលពី​ថ្ងៃទី​ ១១ ​ខែ​វិច្ឆិកា​ថា នៅក្នុង​ការពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំនេះ ក្រុមការងារ​បាន​ធ្វើការ​ជ្រើសរើស​អណ្តើក​ចេញពី​ក្រុម​ដែលមាន​អាយុ​ខុសៗ​គ្នា និង​យក​ឈាម​មក​វិភាគ​រកមើល​ចំនួន​គ្រាប់​ឈាម​ និង​បរិមាណ​ប្រូតេអ៊ីន​សរុប​ក្នុង​ខ្លួន​ពួកវា​កាលពី​ថ្ងៃទី​ ៩ និង​ទី​ ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីឱ្យ​ប្រាកដថា​អណ្តើក​ទាំងនោះ​មាន​សុខភាព​ល្អ មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង​អាច​បន្ត​ពូជ​បាន​។

អង្គការ​នេះ​សរសេរ​ថា​ «​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ឈាម​បាន​បង្ហាញថា អណ្តើក​ហ្លួង​ដែល​បាន​ពិនិត្យ​ទាំងអស់​មាន​សុខភាព​ល្អ និង​មាន​អត្រា​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​ការបន្ត​ពូជ​»​។ បច្ចុប្បន្ន មាន​អណ្តើក​ហ្លួង​ចំនួន ២០៥ ​ក្បាល​កំពុង​ទទួល​បាន​ការចិញ្ចឹម​ថែទាំ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន​ខេត្តកោះកុង ស្ថិត​នៅ​ក្នុង​ភូមិ​ទួលគគីរ ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ អណ្តើក​ហ្លួង​ទាំងនេះ ត្រូវបាន​ក្រុម​ការពារ​សម្បុក​សហគមន៍​ប្រមូលយក​ពី​ឆ្នេរ​ខ្សាច់​ពង​កូន​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្នុង​ខេត្តកោះកុង​ក្រោយពេល​ពួកវា​បាន​ញាស់​ចេញពី​សម្បុក​ភ្លាម បន្ទាប់មក​បញ្ជូនមក​កាន់​មជ្ឈមណ្ឌល​នេះ​ ដើម្បី​ចិញ្ចឹម​ថែទាំ​រហូតដល់​ធំ​ពេញវ័យ​ទើប​យក​វា​ទៅ​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។


អណ្តើក​ប្រភេទ​នេះ ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN ជា​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​បំផុត និង​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ល្មូន​តំណាងឱ្យ​ប្រទេស​កម្ពុជា ដែល​បានកំណត់​ក្នុង​ព្រះរាជក្រឹត្យ​ឆ្នាំ​ ២០០៥​។

កិច្ចការ​ថែទាំ​អណ្តើក​ហ្លួង​នៅក្នុង​មជ្ឈមណ្ឌល​ទទួល​បាន​ការគាំទ្រ​ថវិកា​ពី​អង្គការ​ Mandai Nature, Allan & Patricia Koval Foundation, Turtle Survival Alliance និង​ម្ចាស់ជំនួយ​ផ្សេងៗ​ទៀត​។ ចំណែកឯ​ការងារ អភិរក្ស​នៅតាម​ទីវាល​គាំទ្រ​ថវិកា​ ដោយ​សហភាព​អឺរ៉ុប​តាមរយៈ​គម្រោង​ដៃគូ​ប្រឆាំង​បទល្មើស​សត្វព្រៃ (Partners against Wildlife Crime) អង្គការ​ Mandai Nature, US Forest Service, Rainforest Trust និង USAID-Feed the Future៕