ភ្នំពេញៈ​ កម្ពុជា​បាន​ដាក់​ឯកសារ​ចំនួន ​២ ​បន្ថែមទៀត​គឺ ​«គុណ​ល្បុក្កតោ ​ក្បាច់​គុណ​បុរាណ​ខ្មែរ​» ​និង ​«រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​កោះ​កេរ»​ ទៅ​អង្គការ​យូណេស្កូ​ ដើម្បី​ស្នើ​សុំ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​វប្ប​ធម៌​ពិភព​លោក​​។


ការ​ដាក់​ស្នើនេះ​​ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​ឱកាស​ព្រះរាជ​កិច្ច​ នៅ​ទីក្រុង​ប៉ារីស​ នៃ​សាធារណ​រដ្ឋ​បារាំង​ របស់​ព្រះករុណា​ព្រះបាទ ​សម្តេច​ព្រះ​ បរម​នាថ​ នរោត្ដម​ សីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា ​ខណៈ​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​ ឱ្យលោក​ស្រី Audrey AZOULAY ​អគ្គនា​យិកា​ នៃអង្គ​ការយូណេស្កូ​ ចូល​ថ្វាយ​បង្គំ​គាល់​សម្តែង​ការ​គួរ​សម ​កាល​ពី​ថ្ងៃ​ទី១៣​ វិច្ឆិកា​ឆ្នាំ​២០២១​។

ក្នុង​កិច្ច​សវន​ការ​​នេះ​ដែរ ​កម្ពុជា​បាន​ជូន​ដំណឹង​ដល់​អង្គការ​យូណេ​ស្កូថា​ កម្ពុជា​មាន​ឯកសារ​ចំនួន​ ២ ដែល​កំពុង​ដំណើរ​ការ​មាន ​«គុណល្បុក្កតោ ​ក្បាច់​គុណ​បុរា​ណ​ខ្មែរ​» ​ក្នុង​ប្រ​ភេទ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី ​និង ​«រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​កោះ​កេរ»​ របស់​កម្ពុជា​ ក្នុង​ប្រភេទ​បេតិ​កភណ្ឌ​ពិភព​លោក​ ដែល​នឹង​សុំប​ញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​​បេតិក​ភណ្ឌ​វប្ប​ធម៌​ពិភព​លោក​។ ​​នេះ​បើ​​យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​១៤​ វិច្ឆិកា​​។


លោក ​ឡុង​ ប៉ុណ្ណាស៊ីរីវត្ថ ​អ្នក​នាំពាក្យ ​ក្រសួង ​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ថ្លែង​នៅ​ថ្ងៃទី ​​១៤​ វិច្ឆិកា​​ថា​ ការ​ដាក់​ស្នើ​របស់​កម្ពុជានូវ​ឯក​សារ​ចំនួន​ ២​ គឺ «គុណល្បុក្កតោ ​ក្បាច់​គុណ​បុរាណ​ខ្មែរ»​ និង ​«រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​កោះ​កេរ» ​បន្ថែម​ទៀត​​ ដើម្បី​​ស្នើ​សុំអង្គការ​យូណេស្កូ ​បញ្ចូល​ទៅ​ក្នុង​បញ្ជីសម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​ពិភព​លោក​នេះ ​គឺក្រោយ​ពីកម្ពុជា​បាន​រៀបចំ​ឯក​សារ​គ្រប់​​គ្រាន់​។

លោក​ថ្លែង​ថា​៖ «​នេះ​គឺ​ជា​ការ​ដាក់​ស្នើសុំ​បន្ថែម​ទៀត​របស់​យើង​ ដើម្បី​ស្នើ​សុំ​អង្គ​ការ​យូណេស្កូ​ បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេ តិកភណ្ឌ​វប្បធម៌​ពិភព​លោក​។ ​ក្រោយ​ដាក់​ទៅ​នេះ ​ខាង​អង្គ​ការ​យូណេស្កូ ​នឹង​មាន​គណៈកម្មការ ​អនុ​សញ្ញា​នីមួយៗ​របស់​គេ​ថែម​ទៀត​នឹង​ចុះ​មក​ពិនិត្យ ​វាយ​តម្លៃ​ លើ​ការ​ស្នើសុំ​របស់​យើង​នេះ​បន្ថែម​ទៀត​ ទើប​អាច​ឈាន​ទៅ​​ដល់​ការ​ដាក់​បញ្ចូល​ជា សម្បត្ដិ ​បេតិក​ភណ្ឌ​វប្បធម៌​ពិភព​លោក​បាន​ឬ​អត់»​។


លោក ​ឡុង​ ប៉ុណ្ណាស៊ីរីវត្ថ​ បញ្ជាក់ថា ​មុននឹង​​ឈាន​ដល់​ការ​ដាក់​ឯកសារ​ស្នើសុំ​នា​ពេល​នេះ ​ដោយ​អនុវត្ដ​តាមនីតិ​វិធី​របស់​អង្គការ​យូ​ណេស្កូ​ គឺ​កម្ពុជា​បាន​ដាក់​ឯកសារ​ត្រៀម​ ដើម្បី​ស្នើ​សុំ​មុន​ជា​ច្រើន​ឆ្នាំ​រួចមក​​ហើយ​។

ក្នុង​កិច្ច​សវនការ​​ជា​មួយ​ព្រះមហាក្រត្ស​ លោក​ស្រី Audrey AZOULAY ​បាន​សម្តែង​នូវសេច​ក្តី​រំភើប​រីករាយ ​និង​អំណរ​ព្រះ​រាជ​គុណ​ដ៏​ជ្រាល​ជ្រៅ​ ថ្វាយ​ចំពោះ​ព្រះរាជ​វត្ត​មាន​ ព្រះអង្គ ​ដែល​ស្តេច​យាង​ប្រោស​ព្រះរាជ​ទាន​ សុន្ទ​រក​ថា​ ប្រកប​ដោយ​អត្ថន័យ​ នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ ​មហាសន្និ​បាត​លើក​ទី៤១ ​ក្នុង​ឱកាស​បុណ្យ​ខួប ​គម្រប់​ ៧៥​ ឆ្នាំ ​របស់​អង្គ​ការយូ​ណេស្កូ ​នៅ​ថ្ងៃ​ទី​ ១២​ ខែវិច្ឆិកា​ផងដែរ​។

ព្រះមហាក្សត្រខ្មែរ​ ក៏​បាន​សម្តែង​នូវ​ការ​ចូល​រួម​អបអរ​ស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះ ​លោកស្រី ​Audrey AZOULAY ដែល​បាន​ជាប់​ឆ្នោត​សាជា​ថ្មី​ ជា​អគ្គ​នាយិកា​ នៃ​អង្គការ​យូណេស្កូ​។

ព្រះអង្គ​ក៏បាន​ចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ របស់អង្គការយូណេស្កូនៅកម្ពុជា លើ​វិស័យ​វប្បធម៌ ដោយរាប់បញ្ចូលពីភាពជោគជ័យ នៃយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) អង្គរ ដែល​នឹង​ប្រារព្ធខួបលើកទី៣០ នៅឆ្នាំ ២០២៣ ខាងមុខ។

ព្រះមហាក្សត្រ​ក៏បាន​សព្វព្រះរាជហឫទ័យ អញ្ជើញ លោក​ស្រី​ Audrey AZOULAY មកបំពេញទស្សនៈកិច្ចជាថ្មីម្តងទៀត នៅ​កម្ពុជា ក្នុងពេលវេលា សមស្របណាមួយ៕

វីដេអូ៖