ភ្នំពេញៈ ក្រុម​អ្នកជំនាញ​តំណាងឱ្យ​ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គការ​យូណេស្កូ​ និង​អ្នក​តំណាងឱ្យ​វិស័យ​ព័ត៌មាន​នានា​នៅក្នុង​ស្រុក​បាន​ជួបពិភាក្សា​គ្នា​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​ថ្ងៃទី ​១៦ ខែវិច្ឆិកា ក្នុង​សិក្ខាសាលា​ស្ដីពី​ការអនុវត្ត​វិជ្ជាជីវៈ ក្នុងការ​ស្វែងរក​ការយល់​គ្នា​ទៅវិញទៅមក ទៅលើ​ឯករាជភាព​និង​សេរីភាព​សារព័ត៌មាននៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ រវាង​អ្នកសារព័ត៌មាន​និង​មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​ជា​ផលប្រយោជន៍​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ទៅកាន់​សិក្ខាសាលា​នេះ​ថា កន្លងមក​មាន​អ្នកសារព័ត៌មាន​ និង​អ្នកធ្វើការ​ផ្នែក​រដ្ឋបាល​នៅតាម​ក្រសួង​ស្ថាប័ន​ខ្លះ​មិនមាន​ការយល់​ពីគ្នា​ដែល​ធ្វើឱ្យមាន​ការស្តីបន្ទោស​គ្នា​ទៅវិញទៅមក រហូតដល់​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​ដែល​មិនដឹង​មូលហេតុ​ក៏មាន​។

លោក ខៀវ កញ្ញា​រី​ទ្ធ ថ្លែងថា​៖ «​អ្នកសារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ និង​មានចំណេះដឹង​ខ្ពស់​គឺជា​អ្នក​ដែល​អាចជួយ​ដល់​ប្រជាជន​ផង និង​ក៏​ជា​ស្ពាន​សម្រាប់​ពលរដ្ឋ និង​រាជរដ្ឋាភិបាល នេះ​ជា​គំនិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ដោយសារ​ការមិនយល់​គ្នា​ធ្វើឱ្យមាន​ភាពល្អក់​កករ រហូតដល់​ធ្វើឱ្យមាន​ការ​ចោទ​រាជរដ្ឋាភិបាល​ដែលជា​ការពិត​គឺជា​ការងារ​ឯកជន ឬ​ជាការ​សម្រេច​ដោយឡែក​ពីគ្នា​»​។


លោក ខៀវ កញារី​ទ្ធ បាន​អះអាងថា ​សិក្ខាសាលា​នេះធ្វើឡើងដើម្បី​ធ្វើការ​ឈ្វេងយល់​ពីគ្នា​ទៅវិញទៅមក ដែល​ត្រូវ​ឈ្វេង​យល់ថា​ តើចំណុច​ណា​មិនល្អហើយ​គួរឱ្យ​អ្នកសារព័ត៌មាន​ស្ថិតនៅក្នុង​កម្រិតណា និង​អ្នករដ្ឋបាល​ត្រូវ​សួរ​អ្នកសារព័ត៌មាន​ថា​តើ​ចំណុច​ណាខ្លះ​ដែល​ខ្លួន​ត្រូវធ្វើ​។​

លោក ខៀវ កញា​រី​ទ្ធ ថ្លែងថា​៖ «​ថ្ងៃនេះ អាច​ចាត់​ថា​ទិវា​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ដែល​អ្នកកាសែត​កម្ពុជា អាជ្ញាធរ​តុលាការ​កម្ពុជា និង​អាជ្ញាធរ​នីតិប្រតិបត្តិ​កម្ពុជា ជួបជុំ​ដើម្បី​ពិគ្រោះគ្នា ពី​របៀប​ទំនាក់ទំនង ការងារ​ជាមួយគ្នា ដើម្បី​ជា​ផលប្រយោជន៍​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា តាមបែប​កម្ពុជា​»​។​


លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បានឱ្យដឹង​ដែរថា អ្នកសារព័ត៌មាន​ មាន​កាតព្វកិច្ច​គោរព​គោលការណ៍​ចាំបាច់​មួយចំនួន​ដូចជា គោរព​សច្ចធម៌​និង​គោរព​សិទ្ធិ​យល់ដឹង​នូវ​សច្ចធម៌​របស់​សាធារណជន ដែល​ត្រូវ​ផ្សាយដំណឹង​ទាំងឡាយ​ដោយ​សុច្ចរិត ព្រមទាំង​ធ្វើការ​អត្ថាធិប្បាយ ឬ​រិះគន់​ឱ្យ​ត្រឹមត្រូវ និង​សមស្រប​តាម​គតិ យុត្តិធម៌ និង​ត្រូវ​រាយការណ៍​តែ​តាម​ហេតុការណ៍​ដែល​ខ្លួន​ដឹង​ពី​ប្រភពដើម​តែប៉ុណ្ណោះ ជាពិសេស​អ្នកសារព័ត៌មាន​មិនត្រូវ​បំបាត់ចោល​នូវ​ព័ត៌មាន​សំខាន់ៗ ឬ​ក្លែង​​បន្លំ​ឯកសារ​ផ្សេង​ឡើយ​៕