ការប្រមូលផល​ស្រូវវស្សា​ឆ្នាំនេះ​សម្រេចបាន​ ៤០% ​នៃ​ផ្ទៃដី​ជិត​ ៣ ​លាន​ហិកតា

Content image - Phnom Penh Post
សកម្មភាព​ប្រមូលផល​ស្រូវ​នៅ​ខេត្តកំពង់ស្ពឺ ក្នុង​ខែ​នេះ​។ រូបថត ក្រសួង​កសិកម្ម

ភ្នំពេញៈ ​ការប្រមូលផល​ស្រូវ​រដូវវស្សា​ឆ្នាំនេះ​សម្រេច​បាន​ប្រមាណ​ ៤០% ​នៃ​ផ្ទៃដី​ដាំដុះ​សរុប​ជាង​ ២,៩ ​លាន​ហិកតា​ដោយ​ទទួលបាន​បរិមាណផល​សរុប​ជាង​ ២,៨ ​លាន​តោន​លើស​កាលពី​ឆ្នាំមុន​ជាង​ ៨៥ ​ម៉ឺន​​តោន​។ ​រីឯ​ទិន្នផល​គិត​ជា​មធ្យម​មាន​ជាង​ ៣,៥ ​តោន​ក្នុង​ ១ ​ហិកតា​។ ​នេះ​បើតាម​ទិន្នន័យ​ដែល​ផ្ដល់ឱ្យ​ដោយ​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​​ទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យោងតាម​ទិន្នន័យ​ដែល​ផ្ដល់ឱ្យ​ពី​បណ្ដា​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស​គិត​ត្រឹម​ថ្ងៃ​​ទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ការប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំនេះ សម្រេចបាន​ចំនួន​ ៨១៤ ២៣៤ ​ហិកតា​ លើ​ផ្ទៃដី​អនុវត្ត​សរុប ២ ៩០១ ៦០៥ ​ហិកតា ដោយ​ទទួលបាន​បរិមាណផល​សរុប​ចំនួន ២ ៨៦១ ១៣៤ ​តោន លើស​ឆ្នាំមុន​ ៨៥៦ ៤៧៦ ​តោន​។ ទិន្នផល​គិត​ជា​មធ្យម​ ៣,៥១៤ ​តោន​ក្នុង​ ១ ​ហិកតា​»​។

ជុំវិញ​ការប្រមូល​ផល​ស្រូវ​រដូវវស្សា​នេះ​ផងដែរ ប្រជាកសិករ​មួយចំនួន​បាននាំគ្នា​ច្រូតកាត់​ក្នុង​ទឹក​ដោយសារ​តែ​តំបន់​វាលស្រែ​របស់​ពួកគេ​បាន​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​។

ប្រជាកសិករ​នៅ​ភូមិ​អន្លង់ស្វាយ​សង្កាត់​បឹងធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ លោក សំ ទូច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ភូមិ​របស់លោក ទឹក​មិនទាន់​ស្រក​អស់​នៅឡើយ​ទេ ប៉ុន្តែ​នៅ​ថ្ងៃទី​ ២២ ​ខែវិច្ឆិកា បែរ​ជាមាន​ភ្លៀង​ធ្លាក់​ ១ ​មេ​ធំ​បន្ថែមទៀត ធ្វើឱ្យ​ផ្លូវ​នៅក្នុង​ភូមិ​លិចទឹក និង​បែក​ភក់​រក​ធ្វើដំណើរ​មិនកើត​។ ​ចំណែក​ស្រូវ​ដែល​ទុំ​រៀបនឹង​ប្រមូលផល​ហើយ​នោះ​ក៏ត្រូវ​ទឹក​លិច​អស់​ទៀត​។

លោក សំ ទូច បាន​និយាយថា​៖ «​ស្រូវទុំ ដែល​បាន​លិច​ត្រាំ​នៅក្នុង​ទឹក​យូរថ្ងៃ ងាយ​នឹង​ស្អុយរលួយ ដូច្នេះហើយ​ទើប​គ្រួសារ​ខ្ញុំ និង​អ្នកភូមិ​មួយចំនួន​បាន​នាំគ្នា​ចុះ​ច្រូតស្រូវ​ក្នុង​ទឹក​។ ​ទោះជា​លំបាក​បន្តិច​ក្ដី​តែ​អាច​ប្រមូលផល​បាន​ខ្លះ​សម្រាប់​ដោះស្រាយ​ការខ្វះខាត​ក្នុង​ជីវភាព​»​។

លោក​បាន​បន្តថា​៖ «​ការប្រមូលផល​ស្រូវ​នៅក្នុង​ទឹក​មិន​ងាយស្រួល​ឡើយ​។ ​គ្រាប់ស្រូវ​ប្រមាណ​ ៥០ ​ភាគរយ​ត្រូវ​ខូច​ ឬ​ជ្រុះ​ធ្លាក់​ចូលទៅក្នុង​ទឹក នៅពេល​ច្រូតកាត់​»​។

បើតាម លោក សំ ទូច ការប្រមូលផល​ស្រូវ​នៅក្នុង​ទឹក​មិន​ងាយស្រួល​ឡើយ​។ គ្រាប់ស្រូវ​ប្រមាណ​ ៥០ ​ភាគរយ​ត្រូវ​ខូច​ ឬ​ជ្រុះ​ធ្លាក់ចូល​ទៅក្នុង​ទឹក នៅពេល​ច្រូតកាត់ និង​ដឹកជញ្ជូន​វាពី​ស្រែ​មក​ផ្ទះ​។

យ៉ាងណា​ក៏ដោយ លោក ស្រី វុឌ្ឍី បាន​ថ្លែងថា​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់ និង​ការខូចខាត​ពី​គ្រោះធម្មជាតិ​កន្លងមកនេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត​ទាំងអស់​ឱ្យ​ខិតខំ​ជំរុញ​ការស្តារ​ឡើងវិញ​នូវ​ការខូចខាត​ដំណាំ​កសិកម្ម​ដោយ​គ្រោះទឹកជំនន់​រដូវវស្សា​ឆ្នាំនេះ​ក្នុង​គោលបំណង​ «​ធានាបាន​សន្តិសុខ​ស្បៀង និង​ការនាំចេញ​»​។

លោក​បាន​បន្តថា ជាមួយ​គ្នា​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅតែ​បន្ត​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យចូល​រួមចំណែក​កាត់បន្ថយ​ចំណាយ​ក្នុង​ផលិតកម្ម​របស់ខ្លួន​ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ដែលជា​សក្តានុពល និង​សមស្រប​បំផុត​ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​ការងារ​ផលិតកម្ម ការអភិវឌ្ឍ​បច្ចេកវិទ្យា​សមស្រប ការបញ្ជ្រាប​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដោយមាន​ការចូល​រួមសហការ ជាមួយ​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ឱ្យមាន​ភាពទូលំទូលាយ​សំដៅ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​សេដ្ឋកិច្ចជាតិ​។

លោក​បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា នៅពេលនេះ ប្រជាកសិករ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​កំពុង​សាបព្រោះ​ពូជស្រូវ និង​ភ្ជួររាស់​ដីស្រែ​របស់​ពួកគេ​ ដើម្បី​ត្រៀម​រៀបចំ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​សម្រាប់​ឆ្នាំ​ ២០២២ ​ខាងមុខនេះ​ជា​បណ្ដើរៗ​រួចជាស្រេច​ផងដែរ​។

លោក​បាន​បញ្ជាក់ថា៖ «​ជារួម​មក​​ទល់​ពេលនេះ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​ ២០២១-២០២២ អនុវត្តបាន​ចំនួន ៧០ ១២៥ ​ហិកតា ស្មើនឹង​ ១៥,១៧% នៃ​ផែនការ ៤៦២ ២៨០ ​ហិកតា​»​។

បើតាម​លោក វុឌ្ឍី ក្រៅពី​ការបង្កបង្កើនផល​ស្រូវ​រដូវប្រាំង​សម្រាប់​ឆ្នាំ​ ២០២២ ប្រជាកសិករ​ក៏បាន​ចាប់ផ្ដើម​ដាំដុះ​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​រដូវប្រាំង​ឆ្នាំ​ ២០២២ ​ផងដែរ​។ ក្នុងនោះ​ផ្ទៃដី​ដាំដុះ​ដំណាំ​សាកវប្បកម្ម រួមមាន ល្ង ពោតស ដំឡូងជ្វា បន្លែ​គ្រប់មុខ និង​ឪឡឹក អនុវត្តបាន​ ២ ៧០០ ​ហិកតា ស្មើនឹង​ ៧,៥៥% នៃ​ផែនការ ៣៥ ៧៦០ ​ហិកតា តិចជាង​ឆ្នាំមុន ១ ៧៣៤ ​ហិកតា ខណៈ​ផ្ទៃដី​ដាំដុះ​ដំណាំ​ឧស្សាហកម្ម ដូចជា ពោត​ក្រហម ដំឡូងមី សណ្ដែកបាយ សណ្ដែកដី អំពៅ និង​ថ្នាំជក់​) អនុវត្តបាន​ចំនួន ៥ ២៣៨ ​ហិកតា ស្មើនឹង ៥,៨៣% នៃ​ផែនការ​ ៨៩ ៨១០ ​ហិកតា លើស​ឆ្នាំមុន​ ១ ១៦៤ ​ហិកតា​៕

ព័ត៌មានថ្មីៗ