មណ្ឌលគិរីៈ ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរីចំនួន ៨ គ្រួសារបានឡើងមកភ្នំពេញ ដើម្បីដាក់ពាក្យស្នើសុំឱ្យក្រសួងរៀបចំដែនដី និងក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ផ្អាកការចេញបណ្ណកម្មសិទ្ធិ និងការសាងសង់សំណង់ផ្សេងៗ លើដីមានទំនាស់ បន្ទាប់ពីបានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តមិនបានផល។
លោក ម្លូស តេន តំណាងជនជាតិដើមភាគតិចព្នងទាំង ៨ គ្រួសារថ្លែងនៅថ្ងៃទី ២៣ ខែវិច្ឆិកាថា ជំនួសឱ្យពលរដ្ឋ ៨ គ្រួសារ ដែលមានសមាជិក ៣៦ នាក់រស់នៅក្នុងភូមិពូឆប និងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំងបានឡើងមកដាក់ពាក្យជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយ និងរកយុត្តិធម៌ ព្រោះជនខិលខូច កំពុងគប់គិតគ្នាលួចចុះបញ្ជីលើដីអាស្រ័យផលជនជាតិដើមភាគតិចព្នង យកធ្វើជាកម្មសិទ្ធិ។
លោកថ្លែងថា៖ «ពួកខ្ញុំសុំឱ្យផ្អាករាល់សកម្មភាពសំណង់ផ្សេងៗ និងផ្អាកការចេញបណ្ណកម្មសិទ្ធិ និងមោឃភាពការចុះបញ្ជីក្បាលដីលេខ ៤៧៨ លេខ ៤៧៩ លេខ ៤៨០ និងធ្វើការផ្ទេរដីធ្លីទាំងនោះឱ្យពួកខ្ញុំវិញទាំង ៨ គ្រួសារ»។
លោក ម្លូស តេន បានចោទប្រកាន់ លោក សៀក មុន្នី អភិបាលស្រុកអូររាំងថា បានគប់គិតជាមួយ ជនខិលខូចលួចធ្វើប្លង់លើដីទំហំ ២២,៨៤៧៩ ហិកតាមានទីតាំងស្ថិតក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំងដែលជាដីជនជាតិដើមភាគតិចព្នង ៨ គ្រួសារ បានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងចាប់តាំងពីឆ្នាំ ១៩-៩៧ រហូតមកដល់បច្ចុប្បន្ន មិនដែលបានលក់ទៅឱ្យបុគ្គលណាឡើយ។
លោកបញ្ជាក់ថា៖ «ដីពួកខ្ញុំបានប្រកបរបរដាំស្រូវ ដំឡូងមី ដើមខ្នុរ ដើមស្វាយចន្ទី ដំណាំចម្រុះផ្សេងៗ និងប្រើដីមួយផ្នែកទៀតសម្រាប់ឃ្វាលគោ ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អស់ពេលប្រមាណ ២៣ ឆ្នាំមកនេះ មិនដែលមានបុគ្គលណាម្នាក់មកជំទាស់ឬតវ៉ាពីការកាន់កាប់អាស្រ័យផលរបស់យើងខ្ញុំទេហើយយើងខ្ញុំក៏មិនដែលបានលក់ដូរ ឬផ្ទេរសិទ្ធិដីនេះឱ្យអ្នកណាដែរ»។
បើតាមតំណាងជនជាតិភាគតិចដីនោះពួកគាត់បានចែកគ្នាអាស្រ័យផលតកូនតចៅជាបន្តបន្ទាប់ ពីឪពុកម្តាយ រហូតមកដល់កូន និងបន្តដល់អ្នកជំនាន់ក្រោយទៀត ស្រាប់តែពេលនេះ មានគេព័ទ្ធរបងយក ដោយមិនបានជូនដំណឹងប្រាប់។ រឿងនេះក្រុមប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយពីសំណាក់អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ប៉ុន្តែមិនបានផល។
លោក គូ ហឿន ដែលអះអាងថា ជាជនរងគ្រោះក្នុងបញ្ហាដីធ្លីនេះ ក៏បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ដើមឡើយជនជាតិដើមភាគតិចព្នងនៅទីនោះ មិនបានដឹងថា ដីនោះត្រូវបានគេលួចធ្វើប្លង់ លើដីចម្ការវិលជុំរបស់ពួកគាត់ទេ។ រឿងនេះបានបែកការបន្ទាប់ពីលោកបានទិញដីពីជនជាតិដើមភាគតិចព្នងចំនួន ១ ហិកតា ដោយហៅមន្ត្រីជំនាញសុរិយោដីទៅចុច GPS ទើបឃើញលទ្ធផលថា ដីនោះ ត្រូវបានចុះបញ្ជីជាប្រព័ន្ធទៅឈ្មោះ ស្រី ចន្ធូ ទើបជនជាតិដើមភាគតិចបាននាំគ្នាធ្វើការតវ៉ា តាំងពីប្រមាណ ៣ ខែមុនមកម្ល៉េះ។
លោកថ្លែងថា៖ «ពេលទិញដីគាត់ ខ្ញុំបានចុះទៅមើលបានឃើញចម្ការគាត់ មានដើមខ្នុរធំៗ និងមានដើមប៊័រ មានស្វាយចន្ទីមានអី ហើយគោក្របីគាត់ឃ្វាលនៅហ្នឹង។ ស្រាប់តែពេលនាំសុរិយោដីទៅចុចទៅ វាឃើញចុះជាប្រព័ន្ធចុងសន្លឹករួច បានបែករឿងអ៊ីចឹងទៅគេទៅព័ទ្ធរបង»។ លោក គូ ហឿន ប្រាប់ថា ក្រោយមានពលរដ្ឋទៅតវ៉ា អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានសន្យាថា នឹងកាត់ដីនោះជូនទៅជនជាតិដើមភាគតិចវិញ ប៉ុន្តែ អភិបាលស្រុកម្នាក់នោះ បានកុហកម្តងហើយម្តងទៀត ទើបពលរដ្ឋនាំគ្នាមកដាក់ពាក្យប្តឹងដល់ក្រសួង។
លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ថ្លែងថា ជនជាតិដើមភាគតិចព្នងទាំង ៨ គ្រួសារនោះ ពិតជាបានដាក់ពាក្យសុំឱ្យជួយអន្តរាគមន៍រឿងដីធ្លីនោះមែន ប៉ុន្តែការប្តឹងតវ៉ាជំទាស់របស់ពួកគាត់មិនមានប្រសិទ្ធភាពទៀតទេ ដោយសារតែមិនបានប្តឹងជំទាស់ក្នុងអំឡុងពេលបិទផ្សាយ។ យ៉ាងនេះក្តីប្រជាពលរដ្ឋនៅតែអាចទៅប្តឹងតវ៉ានៅតុលាការបាន ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ។ លោកថា៖ «តាមពិតការងារហ្នឹងត្រូវសម្របសម្រួលពីខាងស្រុកមកសិន ត្រូវឬមិនត្រូវយ៉ាងម៉េចអាហ្នឹងបានយើងដោះស្រាយតទៀត។ តែឥឡូវឮថា អាជ្ញាធរស្រុកកំពុងតែដោះស្រាយហើយ»។
លោក សៀក មុន្នី អភិបាលស្រុកអូររាំងថ្លែងនៅទី ២៣ ខែវិច្ឆិកា ថា បញ្ហាដីធ្លីនៅទីនោះ លោកបានសម្របសម្រួលជិតបានបញ្ចប់រឿងអស់ហើយ ដោយភាគីខាងប្រជាពលរដ្ឋ ព្រមទទួលសំណងជាប្រាក់ ដែលគិតទៅតាមទំហំដី និងដំណាំដែលពួកគាត់បានដាំ។ នៅតែ ១ គ្រួសារទេគឺគ្រួសាររបស់លោក ម្លូស តេន ដែលមិនព្រមទទួលយកតាមការសម្របសម្រួល ដោយជឿលើអ្នកផ្លុំត្រចៀក នៅពីក្រោយខ្នង ដើម្បីទុកដីលក់ឱ្យគេ។
លោកថ្លែងថា៖ «យើងកំពុងតែដោះស្រាយហើយ ជាគោលការណ៍គឺបានឯកភាពគ្នា នៅចាំតែថ្ងៃប្រគល់លុយជូនពួកគាត់គឺចប់រឿង។ ចំណែកលោក ម្លូស តេន ខ្ញុំក៏នឹងហៅមកសម្របសម្រួលដែរ ដើម្បីដោះស្រាយទាំងអស់គ្នា អ៊ីចឹងខ្ញុំបានដាក់លិខិតអញ្ជើញគាត់ហើយក្នុងនាមរដ្ឋបាលស្រុក»។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ថ្លែងថា គួរតែប្រគល់ដីនោះទៅឱ្យជនជាតិដើមភាគតិចវិញ ព្រោះពួកគាត់បានអាស្រ័យផលយូរឆ្នាំមកហើយតាំងពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន។ ម្យ៉ាងវិញទៀត អ្វីដែលសំខាន់ ប្រជាពលរដ្ឋគាត់មានដំណាំដាំដុះ មានលំនៅជាក់លាក់។ ចំណែកឈ្មោះ ស្រី ចន្ធូ នោះមិនដឹងថាមកពីណា ហើយទិញដីពីនរណាឡើយព្រោះប្រជាពលរដ្ឋជាម្ចាស់ដីពិតប្រាកដមិនបានដឹងនោះទេ។
លោកថ្លែងថា៖ «បើសិនជាលោក សៀក មុន្នី មានចេតនាក្នុងការទិញលក់ដី ដែលប្រជាពលរដ្ឋអាស្រ័យផលមែនគួរតែ ថ្នាក់ដឹកនាំ ពិចារណាដាក់វិធានការរដ្ឋបាល ឬដកហូតដីហ្នឹងជូនប្រជាពលរដ្ឋ ឬមួយដកអភិបាលស្រុកហ្នឹងចេញ ដើម្បីបញ្ជាក់ថាអាជ្ញាធរណាដែលធ្វើខុសគួរតែពិន័យតាមច្បាប់ ចំណែកអាជ្ញាធរណាដែលធ្វើល្អយើងត្រូវតែគាំទ្រ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រព័ន្ធដឹកនាំ»។
លោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរីថ្លែងនៅថ្ងៃទី ២៣ ខែវិច្ឆិកាថា លោកមិនទាន់បានដឹងពីបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ នៅភូមិពូរ៉ាង នោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ដីនៅតំបន់នោះមានការរំលោភបំពានច្រើន។ ប៉ុន្តែក្នុងនាមអាជ្ញាធរ ក៏ត្រូវពិនិត្យមើលចំពោះការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋផងដែរ បើត្រឹមត្រូវនឹងកាត់ឆ្វៀលជូនពួកគាត់។
លោកថ្លែងថា៖ «យើងត្រូវមើលថា អ្វីដែលគាត់រស់នៅយូរហើយ កិរិយានៃការកាន់កាប់របស់គាត់ត្រឹមត្រូវ នឹងកាត់ឆ្វៀលដីជូនគាត់ នៅពេលដែលគាត់ស្នើសុំ។ ប៉ុន្តែរឿង ៨ គ្រួសារនេះ ខ្ញុំអត់ដឹងថា នៅនិយាមការណា សូមអធ្យាស្រ័យដោយសារតែខ្ញុំអត់បានឃើញឯកសារហ្នឹងទេ បើឃើញយើងនឹងចាត់ឱ្យស្រុកជួយមើល»៕