ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បានជួបពិភាក្សាការងារគ្នាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅសាលពហុជំនាញនៃមណ្ឌលអប់រំកែប្រែទី១ ដែលក្នុងនោះរួមមាននិយាយពីបទពិសោធន៍គ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ក្នុងពន្ធនាគារក្នុងរយៈពេលកន្លងមកនេះផងដែរ។
យោងតាមអគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបានដឹកនាំប្រតិភូដែលជាថ្នាក់ដឹកនាំក្រោមចំណុះអគ្គនាយកដ្ឋាន មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាការងារជាមួយប្រតិភូ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលដឹកនាំដោយលោក Barnabe Reaud នាយកកម្មវិធីទស្សនកិច្ចពន្ធនាគារ របស់អង្គការ ICRC។
កិច្ចពិភាក្សានោះគឺបានផ្តោតសំខាន់ទៅលើប្រធានបទមួយចំនួនរួមមាន៖ បទពិសោធន៍គ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ក្នុងពន្ធនាគារ, វិធានការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ, សេចក្តីព្រាង ប្រកាសអន្តរក្រសួង ស្តីពីការងារបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពន្ធនាគារ និងប្រកាស ស្តីពីបទដ្ឋានអប្បបរមា នៃសំណង់ក្នុងពន្ធនាគារ។
ក្រៅពីនោះភាគីទាំង ២ ក៏បានពិភាក្សាផងដែរពីការសាងសង់ពន្ធនាគារថ្មី និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ, ការត្រៀមលក្ខណៈដើម្បីទប់ស្កាត់ជំនន់ជន់លិចពន្ធនាគារ, ការរៀបចំ និងប្រព្រឹត្តទៅ របស់ក្រុមការងារត្រួតពិនិត្យការផ្គត់ផ្គង់របបអាហារជនជាប់ឃុំ និងគោលការណ៍ណែនាំនានា ស្តីពីការបង្កើតគណៈកម្មាធិការសុខភាព និងអនាម័យ ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។
ក្រុមប្រតិភូក៏ពិភាក្សាគ្នាពីការត្រៀមកិច្ចប្រជុំតាមប្រព័ន្ធទូរគមនាគមន៍នៅដើមខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ដែលកិច្ចប្រជុំនោះរៀបចំដោយវិទ្យាស្ថានយុត្តិធម៌ថៃ និង UNODC៕