ភ្នំពេញៈ អនុប្រធាន​ទី១ នៃ​អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុជ បាន​ជំរុញ​ឱ្យ​អង្គការ Japan Mine Action Service (JMAS) បន្ត​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជាដោយ​ត្រូវ​សហការ​យ៉ាង​ជិត​ស្និ​ទ្ធជាមួយ​អាជ្ញាធរ​មីននិង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ដើម្បីឱ្យ​បញ្ចប់​ការងារ​បោសសម្អាត​មីន​នៅ​ឆ្នាំ ២០២៥។


នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​មីន​នៅ​កម្ពុជា​ជាមួយលោក YOSHIOKA Yoshito ប្រធាន​អង្គការ JMAS ប្រចាំ​កម្ពុជា (ថ្មី) នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​នៅ​ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​រវាង​រាជរដ្ឋាភិ​បាលនិង​ប្រជា​ជន​នៃ​ប្រទេស​ទាំង ២ និង​ជំរុញ​ឱ្យ​អង្គការ​នេះ​គាំទ្រ​និង​សហការ​បោស​សម្អាត​នៅ​កម្ពុជា​ឱ្យ​ចប់​តាម​ផែន​ការ​។

លោក​ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុនដែល​បាន​ចូលរួម​គាំទ្រ​ស្វែងរក​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជូន​ដល់​ប្រជាជននិង​ប្រទេស​កម្ពុជាដែល​ក្នុងនោះ​ជប៉ុន​បាន​ចូលរួម​យ៉ាងសកម្ម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជាដើម្បី​ផ្តល់​ដី​សម្រាប់​បង្កបង្កើនផលជួយសង្គ្រោះ​អាយុជីវិតនិង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។


លោក​ លី ធុជ ក៏បាន​លើក​ឡើ​ងពី​សមិទ្ធផល​សម្រេចបាន​នៃ​ការងារ​បោសសម្អាត​មីនផងដែរ បន្ទាប់ពី​ការដួលរលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យដែល​រាជរដ្ឋាភិបាល​កម្ពុជាបាន​ចាត់​ការងារ​បោសសម្អាត​មីន​ជា​ការងារ​អាទិភាព​មួយ​ក្នុង​កិច្ច​គាំពារ​សន្តិភាពនិង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​ដោយបាន​ដាក់ចេញ​ចក្ខុវិស័យ​យ៉ាងច្បាស់​លាស់​ដើម្បី​បញ្ចប់​ការងារ​បោសសម្អាត​មីនឱ្យអស់​ត្រឹម​ឆ្នាំ២០២៥ ។

លោក​បានពន្យល់ថា៖ «ការដាក់ចេញ​ចក្ខុវិស័យ​នេះដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ព្រមទាំង​បាននិងកំពុង​ខិតខំ​រិះរក​នូវ​វិធីសាស្ត្រ​កាត់បន្ថយ​ផ្ទៃដីក៏ដូចជា​កាត់បន្ថយ​ការប្រើប្រាស់​ធនធាន​បោសសម្អាត​មីនដោយ​សហការ​ជាមួយ​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍»។


ក្នុងជំនួប​នេះដែរ លោក YOSHIOKA Yoshito បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ (JMAS) និង​អង្គភាព ​CMAC លើ​ការងារ​បោសសម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ហើយ​លោកក៏បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​ផ្លែផ្កា​ដែលជា​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ដែល​កំពុង​ដំណើការ​នៅ​ខេត្តបន្ទាយមានជ័យ​ និង​ខេត្តស្ទឹងត្រែង។

លោក​បន្ថែមថា នៅក្នុង​អាណត្តិ​របស់លោក​នេះ លោក​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​នៅ​កិច្ចសហប្រតិបត្តិការ ការគាំទ្រ​អង្គភាព CMAC លើ​ការងារ​បោសសម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាមផ្ដល់​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនិង​គាំទ្រ​ការអភិវឌ្ឍក្រោយ​បោសសម្អាត​មីន​រួច​នៅ​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជាបានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​កំចាត់មីនឱ្យ​សម្រេច​គោលដៅ​ឆ្នាំ២០២៥ដោយ​ត្រូវ​បញ្ចប់​ភារកិច្ច​បោសសម្អាត​តំបន់​មាន​គ្រាប់មីន​ទាំងអស់និង​កាត់បន្ថយ​ការគំរាមកំហែង​ជា​អតិបរមា​ដោយ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នានា​នៅក្នុង​ប្រទេស​កម្ពុជា៕