
ជនសង្ស័យដែលវ៉ៃឪពុកខ្លួនឯងរហូតដល់សន្លប់ ដោយសារតែខឹងឪពុកមិនឱ្យទូរស័ព្ទលេងហ្គេម។ រូបថត នគរបាល
បាត់ដំបងៈ នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលា ដំបូងខេត្តនៅថ្ងៃទី ៣០ វិច្ឆិកា ករណីវាយឪពុកបង្កើតរហូតដល់សន្លប់ ដោយសារខឹងឪពុកមិនឱ្យទូរស័ព្ទលេងហ្គេម ប្រព្រឹត្តនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ កាលពីថ្ងៃទី ២៤ វិច្ឆិកា។
លោក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ឱ្យដឹងនៅរសៀលថ្ងៃទី ៣០ វិច្ឆិកា ថា ជនសង្ស័យឈ្មោះ វុធ ណារីន ភេទ ប្រុស អាយុ ២៣ ឆ្នាំ។
ចំណែកបុរសជាឪពុកបង្កើតរបស់ជនសង្ស័យឈ្មោះ រឺន សាវុធ ភេទប្រុស អាយុ ៥៥ ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
លោកប្រាប់ថា៖ «ជនម្នាក់នេះ ខ្ញុំបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ ចំពោះរឿងពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនយ៉ាងណានោះ សមត្ថកិច្ចខ្ញុំមិនដឹងទេ ព្រោះមិនមែនផ្នែកខ្ញុំ»។
លោក ឡុង យោធាវីរៈ អធិការនគរបាលស្រុក ឯកភ្នំ និយាយប្រាប់ នៅរសៀលថ្ងៃទី ៣០ វិច្ឆិកា តាមសាច់ញាតិរបស់ជនរងគ្រោះថា មុនពេលកើតហេតុ វេលាម៉ោងជាង៩យប់ថ្ងៃទី ២៤ វិច្ឆិកា ជនសង្ស័យបានត្រឡប់មកពីដើរលេង។
ពេលចូលដល់ក្នុងផ្ទះ ជនសង្ស័យបានសុំទូរស័ព្ទពីឪពុក ដែលជនរងគ្រោះ ដើម្បីលេងហ្គេម ប៉ុន្តែត្រូវបានឪពុក យកដៃច្រានទៅផ្ទុបនឹងជញ្ជាំងផ្ទះ។
នៅពេលនោះជនសង្ស័យ បានឈ្លោះដោយប្រើពាក្យសម្តីមិនសមរម្យទៅជនរងគ្រោះជាឪពុក ហើយក៏ធ្វើឱ្យជនរងគ្រោះខឹងក៏ស្រែកជេរ។
លោកបន្តថា ក្រោយពីងើបមកវិញ ស្រាប់តែជនសង្ស័យ យកដំបងឈើដែលនៅក្បែរនោះ វាយលើជនរងគ្រោះមិនដកដៃរហូតដួលសន្លប់ ហើយក៏រត់គេចខ្លួន ទៅក្រុងបាត់ដំបង។
ក្រោយកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំសំរោងក្នុង ហើយសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុទាំងយប់នោះ។
លោក យោធាវីរៈនិយាយថា៖«បើតាមសាច់ញាតិរបស់ជនរងគ្រោះនិយាយប្រាប់ថា ជនសង្ស័យវ៉ៃជនរងគ្រោះអត់ដកដៃទេ។ ឯជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារ ដឹកទៅមន្ទីរពេទ្យបង្អែកស្រុក ក្រោយកើតហេតុដែរ»។
លោកបន្ថែមថា ចំពោះជនសង្ស័យវិញ បានរត់ទៅលាក់ខ្លួន នៅក្រុងបាត់ដំបង ប៉ុន្តែនៅថ្ងៃទី ២៩ វិច្ឆិកា ជនសង្ស័យ បានត្រឡប់ចូលផ្ទះវិញ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំ សំរោងក្នុង ចាប់ខ្លួនតែម្តង៕