អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ រំឭក​គុណ​អង្គរ នៅក្នុង​រមណីយដ្ឋាន​អង្គរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១​ខាងមុខនេះ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ជិត ៣០ ឆ្នាំ​នៃ​ការចុះ​រមណីយដ្ឋាន​អង្គរ ទៅក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ដែលជា​និមិត្តរូប​ជាតិ វឌ្ឍនភាព​ជាតិ សាមគ្គីភាព និង​សុខសន្តិភាព ក៏ដូចជា​រំឭកគុណ​ដល់​បុព្វបុរស និង​បុព្វការី​ជន​ខ្មែរ គ្រប់​ជំនាន់។


យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី ០២ ខែធ្នូ ថា ពិធីបុណ្យ​ដ៏​មាន​សារៈសំខាន់​នេះ នឹង​រួមមាន​ការ​ប្រារព្ធ​ពិធីបួងសួង​សុំ​សេចក្តីសុខ និង​ការដាក់​បាត​ព្រះសង្ឃ នា​ព្រឹក​ថ្ងៃទី ១៤ ខែធ្នូ នា​ថ្ងៃ​បើក​ពិធីបុណ្យ «​រំឭក​គុណ​អង្គរ​»​ផងដែរ។​

ប្រភព​ដដែល​បាន​បន្តថា ពិធី​នេះ​ក៏​នឹងមាន​ការសម្តែង​ល្ខោនស្បែក​ធំ នាពេល​រាត្រី និង​ការរៀបចំ​ស្តង់​ពិព័រណ៍​សមិទ្ធផល​និង​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​ការបើក​ការ​ទស្សនា​ការដ្ឋាន ជួសជុល​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ផងដែរ។​


ដោយឡែក មុន​ការ​ប្រារព្ធ​ពិធី​នេះ ក៏​នឹង​មានការ​ប្រារព្ធ​ពិធី​សាសនា និង​ការសម្តែង​សិល្បៈ ជាពិសេស​ការសម្តែង​ល្ខោនបាសាក់ ឧបត្ថម្ភ​គាំទ្រ​ដោយ​វិស័យ​ឯកជន​ផងដែរ នៅ​ថ្ងៃទី ១២ និង​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នៅ​បរិវេណ​ប្រាសាទភ្នំបាខែង និង​ទីលាន​ជល់ដំរី ក្រុង​អង្គរធំ​ផងដែរ៕​