កំពង់ស្ពឺៈ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៨ ធ្នូ កំពុងបន្តធ្វើការសាកសួរជនប្រុស ស្រីចំនួន ២២ នាក់ បន្ទាប់ពីត្រូវនគរបាល ឃាត់ខ្លួនកាលពីថ្ងៃទី ៦ ធ្នូ នៅភូមិពញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ពាក់ព័ន្ធករណីប្រមូលផ្តុំគ្នាលេងល្បែងអាប៉ោងខុសច្បាប់។
លោក វ៉ិត មឃៈ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅរសៀលថ្ងៃទី៨ ធ្នូ ថា ជនប្រុស ស្រី ចំនួន២២នាក់ កំពុងត្រូវបានតំណាងអយ្យការ សាកសួរនៅថ្ងៃទី ៨ ធ្នូ។
លោកថ្លែងថា៖ «ឥឡូវនេះ ខាងតំណាងអយ្យការ កំពុងសាកសួរពួកគេ មិនទាន់អស់គ្នាទេពេញ ១ ថ្ងៃនេះ (ថ្ងៃទី ៨ ធ្នូ) ព្រោះនគរបាល ទើបបញ្ជូនពួកគេមកដល់តុលាការដែរ»។
លោក ឃុត សុផល អធិការនគរបាលស្រុក សំរោងទង ប្រាប់នៅរសៀលថ្ងៃទី ៨ ធ្នូ ថា មុនមានការបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកលេងល្បែងអាប៉ោងទាំងនេះ គឺកាលពីថ្ងៃទី ៦ ធ្នូ ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំទំព័រមាស បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា នៅក្នុងភូមិ ពញាអោង មានផ្ទះមួយបានបើកលេងល្បែងអាប៉ោង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ នគរបាលប៉ុស្តិ៍ បានរាយការណ៍បន្តមកលោក ហើយលោកក៏សុំគោលការណ៍ពីលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលផ្លូវច្បាប់ ពីអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ក៏សមត្ថកិច្ចរបស់លោក បានចុះទៅទីតាំងលេងល្បែងនៅថ្ងៃដដែលនោះ ហើយបានឃាត់បានជាក់ស្តែងមនុស្ស ប្រុស ស្រីចំនួន ២២ នាក់ (ស្រី ៧ នាក់)។
ក្រុមជនសង្ស័យទាំងនោះ មានអាយុចន្លោះពី ២៤ ឆ្នាំ ទៅដល់ ៦៤ ឆ្នាំ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន គ្រាប់អាប៉ោង ចំនួន ៣គ្រាប់ ចានបាញ់អាប៉ោង ចំនួន១ គម្របផ្តិល១ កម្រាលអាប៉ោង១ ទូរស័ព្ទដៃ ចំនួន២៣គ្រឿង ម៉ូតូ៣គ្រឿង និងប្រាក់រៀលមួយចំនួន។
លោកប្រាប់ថា៖ «ល្បែងស៊ីសងនេះ បានបង្កភាពអសន្តិសុខ ក្នុងមូលដ្ឋានយ៉ាងខ្លាំង ព្រោះបើលេងល្បែងចាញ់ពួកគេនឹងប្រព្រឹត្តអំពើផ្សេងៗ មានដូចជាការដើរលួចប្លន់ជាដើម។ ដូច្នេះ ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខ្ញុំតែងចាត់កម្លាំងដើរល្បាត នៅតាមគោលដៅជាប្រចាំ»៕