ព្រះវិហារៈ ​ស្ថានភាព​ការប្រកបរបរ​រក​ទទួលទាន​ជាមួយ​វិស័យ​ទេសចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​បាន​ចាប់ផ្តើម​វិលត្រឡប់​ទៅរក​ស្ថានភាព​ប្រក្រតី​ឡើងវិញ​បន្តិច​ម្តងៗ​ហើយ ខណៈ​ភ្ញៀវទេសចរ​បាន​ទៅលេង​ប្រាសាទ​ព្រះវិហារ និង​រមណីយដ្ឋាន​នានា​ថ្ងៃ​ខ្លះ​មាន​រហូតដល់​ ១ ០០០ ​នាក់​។


នៅពេល​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ទៅ​ខេត្តព្រះវិហារ ដែល​ធ្លាប់​តែមាន​ភាពស្ងប់ស្ងាត់ តែ​ពេលនេះ​បានប្រែក្លាយ​ទៅជា​មាន​ភាពអ៊ូអរ​នៅតាម​ដងផ្លូវ ទាំង​ការលក់ដូរ អាហារដ្ឋាន និង​វិស័យ​សណ្ឋាគារ​។ ចំណែក​អ្នករត់​តាក់ស៊ី អ្នកលក់ដូរ និង​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​នៅលើ​ប្រាសាទ​ព្រះវិហារ​ក៏​មាន​ភាពមមាញឹក​ក្នុង​អាជីវកម្ម​របស់​ពួកគេ​ដែរ​។

លោក ចាន់ សំបូរ ជា​អ្នករត់​តាក់ស៊ី​ម្នាក់​នៅ​ប្រាសាទព្រះវិហារ​បាន​ថ្លែងថា ជីវភាព​របស់​លោក​មាន​ភាពប្រសើរ​ឡើង​ ១ ​កម្រិត​ទៀត បើ​ប្រៀបធៀប​ក្នុងអំឡុងពេល​ផ្ទុះ​កូវីដ​ ១៩ ​ខ្លាំង ដែល​រដ្ឋាភិបាល​បាន​បិទ​វិស័យ​ទេសចរណ៍​។ លោក​ថា​៖ «​ពេល​គេ​បិទ​ទេសចរណ៍ ខ្ញុំ​នៅតែ​ផ្ទះ​ទេ អត់​សូវ​មាន​ការធ្វើ​ដែរ ដល់ពេល​រដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ មាន​ភ្ញៀវទេសចរ គាត់​មកលេង​ប្រាសាទ​ព្រះវិហារ​បណ្តើរ ហើយ​ក្នុង​ ១ ​ថ្ងៃ​ខ្ញុំ​អាច​រកប្រាក់​បាន ១០ ​ម៉ឺន​រៀល​ដែរ​»​។ កម្រៃ​ដែល​រកបាន​អាស្រ័យ​ទៅ​លើ​ចំនួន​ភ្ញៀវទេសចរ​។ បើ​ភ្ញៀវទេសចរ​មកលេង​ច្រើន គឺ​លោក​អាច​ដឹក​ភ្ញៀវ​បាន​ច្រើន តែបើ​មិនសូវមាន​ទេ ក៏​អត់​ទៅ ព្រោះ​នៅ​ប្រាសាទព្រះវិហារ​នេះ គេ​មាន​លេខ​រៀង​ ដើម្បី​ដឹក​ភ្ញៀវ​ទៅលើ​ប្រាសាទព្រះវិហារ​។


អ្នកគ្រប់គ្រង​ទូទៅ​នៃ​ម៉ូតែល​ប្រាសាទ​ព្រះវិហារ​សុភមង្គល​ដែលមាន ៥៨ ​បន្ទប់ អ្នកស្រី ខៀវ សាក់ បាន​ថ្លែងថា ភ្ញៀវ​ទេសចរ​ចាប់ផ្តើម​មក​ស្នាក់នៅ​ជា​បណ្តើរៗ​វិញ​ហើយ ជាពិសេស​ភ្ញៀវជាតិ​។ អ្នកស្រី​ថា​៖ «​មួយរយៈ​ចុងក្រោយ​នេះ ភ្ញៀវទេសចរ​មក​ស្នាក់នៅ​ថ្ងៃ​ខ្លះ ១០ ថ្ងៃ​ខ្លះ ២០ ​បន្ទប់ វា​ទៀងទាត់ គឺ​វា​ប្រសើរ​ជាង​កាលពី​ផ្ទុះ​កូវីដ​ ១៩ ខ្លាំង គឺ​រក​ចំណូល​អត់​បាន​សោះតែ​ម្តង​»​។

អ្នកស្រី​បញ្ជាក់ថា កំណើន​ភ្ញៀវ​ទេសចរ​ឡើងវិញ ជា​ក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ដែល​បង្កើន​ឱកាស​ការងារ និង​មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។


អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​លោក គង់ ពុទ្ធិការ ថ្លែងថា ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​វិធាន​សុខាភិបាល ដើម្បី​ធានា​សុវត្ថិភាព​អ្នក​មក​កម្សាន្ត​។ លោក​ថា​៖ «​ក្នុង​កិច្ចការងារ​នេះ យើង​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ ទាំង​វិធានការ​សុខាភិបាល និង​ផ្ទះសំណាក់ សណ្ឋាគារ និង​អាហារដ្ឋាន​នៅទីនេះ​។ យើង​បាន​ធ្វើការ​ជាមួយ​មន្ទីរ​សុខាភិបាល ក៏ដូចជា​មន្ទីរទេសចរណ៍​ខេត្ត ក្នុង​ការផ្សព្វផ្សាយ​អំពី​វិធានការ​សុខាភិបាល​។ អ៊ីចឹង​ភាគី​ទាំងអស់​បាន​យល់​ពី​ការងារ​នេះ​»​។

លោក​ឱ្យដឹងថា បើ​គិត​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​មាន​ភ្ញៀវទេសចរ​ទៅលេង​ប្រាសាទ​ព្រះវិហារ​ចន្លោះ​ពី ១០០ ទៅ ១៥០ ​នាក់ ហើយ​បាន​បង្កើត​ការងារ​រកប្រាក់​ចំណូល​ដល់​អ្នកលក់ដូរ​នៅ​ម្តុំ​ប្រាសាទព្រះវិហារ​។

ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ប្រាសាទ​ព្រះវិហារ លោក ប៊ុន ធារ៉ា បាន​ថ្លែងថា បើ​ចំ​ថ្ងៃ​ឈប់សម្រាក​ធំៗ មាន​ភ្ញៀវទេសចរ​ទៅលេង​ប្រាសាទ​ខ្ទង់ ១ ០០០ ​នាក់​ឯណោះ​ក្នុង ១ ​ថ្ងៃ​។ ក្រៅពី​ប្រាសាទព្រះវិហារ ខេត្ត​ ១ ​នេះ​ក៏​មាន​តំបន់​ទេសចរណ៍​ផ្សេងទៀត ដូចជា តំបន់​ទឹកធ្លាក់ ភ្នំ​ត្បែង ឡើង​កំពូលភ្នំ​។ ប៉ុន្តែ​លោក​ថា តំបន់​ទាំងនេះ នៅ​មិនទាន់​រៀបចំ​ឱ្យ​ទូលំ​ទូលាយ​នៅឡើយ​ទេ​។ អ្នក​មកលេង​កម្សាន្ត ភាគច្រើន​គឺ​ភ្ញៀវទេសចរ​ក្នុងស្រុក​ពុំទាន់​សូវ​មាន​ភ្ញៀវទេសចរ​បរទេស​នៅឡើយ​ទេ​។

ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​វិញ​លោក​ថា៖ «​យើង​បានដាក់​កម្លាំង​ការពារ​គ្រប់​ច្រកល្ហក​សហការ​គ្នា​ជាមួយ​គ្រប់​ស្ថាប័ន ហើយ​មិន​ធ្វើការ​តែម្នាក់ឯង​កើត​ទេ អ៊ីចឹង​ស្ថាប័ន​នីមួយៗ​គាត់​ជួយ​គ្នា ហើយ​យើង​ក៏បាន​ផ្សព្វផ្សាយ​ការអប់រំ​ដល់​ពលរដ្ឋ​ពាក់ព័ន្ធ​កូវីដ​ដែរ​»​។

ភ្ញៀវទេសចរ​មកពី​ខេត្តកំពង់ឆ្នាំង ដែល​ទៅលេង​ប្រាសាទ​ព្រះវិហារ ជា​លក្ខណៈ​គ្រួសារ​មាន​គ្នា ១១ ​នាក់​ក្នុង​នោះ អ្នកស្រី ចាន់ធូ បាន​ថ្លែងថា អ្នកស្រី​បាន​មក​លេង​ប្រាសាទព្រះវិហារ​លើក​ទី​ ២ ​ហើយ ដោយសារ​ទីតាំង​នេះ​សម្បូរ​ទៅដោយ​ព្រៃ​ធម្មជាតិ និង​ប្រាសាទ​នៅលើ​កំពូលភ្នំ​ដ៏ខ្ពស់​។ អ្នកស្រី​ថា​៖ «​ដោយសារ​អាកាសធាតុ​ល្អ បរិសុទ្ធ ណាមួយ​ចង់​មក​មើល​ព្រំដែន​ផង ព្រោះ​ប្រាសាទព្រះវិហារ​យើង​អាច​មើលឃើញ​នៅ​ព្រំដែន​ថៃ​»​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​អ្នកស្រី​និយាយថា ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ផង និង​ពិភពលោក​ផង ដែល​មាន​ក្បាច់រចនា​ស្អាត​នៅ​ជញ្ជាំង​។

ប្រាសាទព្រះវិហារ​ស្ថិត​ក្នុង​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត នៅលើ​ខ្នង​ភ្នំ​ដងរែក (​ទំហំ​ ៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ​)​។ ប្រាសាទព្រះវិហារ​មាន​ចម្ងាយ​ ៤០៥ ​គីទ្បូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តែបើ​គេ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​ព្រះវិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​ ១០៨ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ធ្វើដំណើរ​តាមផ្លូវ​លេខ​ ២១១ ទៅកាន់​ស្រុក​ជាំក្សាន្ត​។ ប្រាសាទ​ដ៏អស្ចារ្យ​មួយ​នេះ​ត្រូវ​បាន​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​ពិភពលោក​នៅ អង្គការ UNESCO កាលពី​ថ្ងៃទី​ ៧ ខែកក្កដា ឆ្នាំ​ ២០០៨៕