ក្រុង​កំពង់ចាមៈ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រយៈពេល​៣​ថ្ងៃ​ស្តីពី ផែនការ​យុទ្ធសាស្ត្រ​ជាតិ សុខភាព​ជន​ទេសន្តរប្រវេសន៍ រយ​:​ពេល​១០​ឆ្នាំ​(២០២១-២០៣០)​ត្រូវបាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១០​ធ្នូ​ឆ្នាំ​២០២១​ក្នុង​ក្រុង​កំពង់ចាម និង​ទទួលបាន​ធាតុ​ចូល​ជាច្រើន​ពី​ភាគី​ពាក់ព័ន្ធ​។​


​ការបិទ​បញ្ចប់​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់លោក​ស្រី​ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គជប​ជ​)​។ កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងសុខាភិបាល ហើយ​បាន​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ដោយមាន​សមាសភាព​ចូលរួម​មកពី ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​កិច្ចការនារី ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​ចំនួន ៥០​រូប​។

កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​សេចក្តីព្រាង​ផែន​ការណ៍​យុទ្ធសាស្ត្រ​ជាតិ​១០​ឆ្នាំ ស្តីពី​សុខភាព​ជន​ទេសន្តរប្រវេសន៍ ឱ្យ​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ ស្តីពី​សុខភាព​ជន​ទេសន្តរប្រវេសន៍​។


​ថ្លែង​ក្នុងឱកាស​ពិធី​បិទ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លោកស្រី​ជូ ប៊ុន​អេង​បាន​គូសបញ្ជាក់ថា​៖«​ចំណុច​សំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​នូវ​ផែន​កាណ៍​យុទ្ធសាស្ត្រ គឺ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចូលរួម​អនុវត្ត ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​មិនអាច​មើលរំលង​បាន ព្រោះ​មិនមាន​ដំណោះស្រាយ​បញ្ហា​សង្គម​ណាមួយ ដែល​អាច​ដោះស្រាយ​តែម្នាក់ឯង​បានឡើយ​»​។

លោកស្រី​បាន​បន្ថែមថា ក្នុងនោះ​ផងដែរ ការគ្រប់គ្រង​ទិន្នន័យ​ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែរ ព្រោះ​ពួកគេ​នឹងមិន​អាចធ្វើ​ផែនការ ដើម្បី​ឆ្លើយតបបាន​ត្រឹមត្រូវ​ដោយ​គ្មាន​ទិន្នន័យ​ច្បាស់លាស់​ឡើយ​។ ដូច្នេះ​តាមរយៈ​ផែន​ការណ៍​យុទ្ធសាស្ត្រ​ជាតិ​១០​ឆ្នាំ ស្តីពី​សុខភាព​ទេសន្តរប្រវេសន៍ ក្នុងនាម​រាជរដ្ឋាភិបាល លោកស្រី​មានជំនឿថា ប្រជាជន​កម្ពុជា នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ពិតប្រាកដ និង​ឈានដល់​ការលុបបំបាត់ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​កេងប្រវ័ញ្ច​គ្រប់​រូបភាព ក្នុង​វដ្ត​ទេសន្តរប្រវេសន៍​៕