ភ្នំពេញៈ អង្គការ​សមាគម​អភិ​រក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា ​(WCS) សហការ​ជា​មួយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ រដ្ឋ​បាល​ព្រៃឈើ ​និង​ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​មេរោគ​ផ្តាសាយ​បក្សីលើ​ប្រភេទ​បក្សី​ព្រៃ ​និង​បក្សីស្រុក​តាម​តំបន់​អភិ​រក្ស​ក្នុង​ប្រ​ទេស​កម្ពុជា ​ដើម្បី​រកមើល​វីរុស​ផ្តា​សាយបក្សី​និង​លើ​កម្ពស់​ការ​យល់​ដឹង​អំពី​ការឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ដល់​ពលរដ្ឋ។


លោក ​កែន ​សិរីរដ្ឋា ​ប្រធាន​អង្គការ ​WCS ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី១២ ​ធ្នូ ​ថា ​កាល​ពីថ្ងៃ​ទី៧-៨​ ខែធ្នូ ​ឆ្នាំ២០២១ ​អង្គការ​ WCS ​សហការ​ជាមួយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​នាយ​ដ្ឋាន​សត្វ​ព្រៃ​និង​ជីវៈ​ចម្រុះ ​និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃភ្នំ​តា​ម៉ៅ​នៃ​រដ្ឋបាល​ព្រៃឈើ ​នាយកដ្ឋាន​ដីសើម​ទឹក​សាប​នៃ​ក្រសួង​បរិស្ថាន ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង ​និង​ការិយាល័យ​ផលិតកម្ម ​និង​សុខ​ភាព​សត្វ​ខេត្ត​សៀម​រាប ​បាន​ធ្វើ​ការសិក្សា​ស្រាវ​ជ្រាវ​អំពី​មេរោគ​ផ្តា​សាយ​បក្សី​នៅ​តំបន់​រ៉ាម​សារ​ព្រែក​ទាល់ ​និង​ជាតំបន់​ស្នូល​នៃ​មណ្ឌល​បឹង​ទន្លេសាប ​ស្ថិត​ក្នុង​ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង។

លោក​ឱ្យ​ដឹង​ថា ​ការសិក្សា​ស្រាវ​ជ្រាវ​នេះ ​បាន​ផ្តោត​សំខាន់​លើការ​ប្រមូល​យក​សំណាក​ពីសត្វ​ស្លាប​ព្រៃ​ និង​សត្វ​ស្លាប​ស្រុក​តាម​ទីតាំង​ដែល​សត្វ​ទាំង​២​ប្រភេទ​ប្រើ​ប្រាស់​រួម​គ្នា ​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិចំ​នួន​៤ ​គឺ​បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្ត​តាកែវ ​អន្លង់​ព្រីង​ក្នុង​ខេត្ត​កំពត ​បឹងស្នេហ៍​ក្នុង​ខេត្ត​ព្រៃវែង ​និង​តំបន់​រ៉ាមសារ​ព្រែក​ទាល់ ។​ ចំណែក​សំណាក​បក្សី​ទាំង​អស់​នឹង​ត្រូវ​យក​ទៅពិនិត្យ​ដើម្បី​រក​មើល​វីរុស​ផ្តាសាយ​បក្សី។


លោក​សិរីរដ្ឋា ​ថ្លែង​ថា​៖«ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​មេរោគ​ផ្តាសាយ​បក្សី​ គឺជា​ផ្នែកមួយ​នៃ​ផែនការ​របស់​អង្កការ ​WCS ​ដើម្បី​ធ្វើ​ឯកសារ​មួយ ​ដើម្បី​ចង​ក្រង​ពី​របៀប​នៃ​ការយក​សំណាក ​និង​ការពិនិត្យ​លើ​មេរោគ​មួយ​ចំនួន​លើ​បក្សី​ព្រៃ ​និង​បក្សី​ស្រុក។​ ពិសេស​ប្រភេទ​បក្សី​ដែល​ជា​សត្វ​កម្រ។ ក​ន្លង​មក​យើង​ធ្វើ​ចោះ​ចោះ ​ប៉ុន្ដែ​ឥឡូវ​យើង​ចាប់ផ្ដើម​ពង្រីក​ទៅតាម​តំបន់​គោលដៅ​នៃ​ការងារ​អភិរក្ស​របស់​យើង»។

លោក​បាន​ឱ្យដឹងថា​ បច្ចុប្បន្ន​ក្រុម​ការងារ​ទើប​តែបាន​ប្រមូល​សំណាក​ និង​មិន​ទាន់បាន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍ ​ពិនិត្យ​នៅ​ឡើយ​ទេ។ ​ក្រុម​ការងារ​ត្រូវការ​ពេល​វេលា​មួយចំនួន​ទៀត ​លើការ​ពិនិត្យ​សំណាក​នេះ។


លោក​សិរីរដ្ឋា ​ថ្លែងថា​៖«​យើង​យក​សំណាក​ពីសត្វ​បក្សី​ចម្រុះ ​ជាពិសេស​ប្រភេទ​ពពួកសត្វ​កម្រ​ដែល​ជិត​ផុត​ពូជ។ ​បើយើង​រក​ឃើញ​ថា ​មាន​សត្វ​បក្សី​ណាដែល​មាន​សុខ​ភាព​មិន​ល្អ ​ដែល​វា​សំកុក​ ឬ​វាងាប់ ​គឺយើង​យក​សំណាក​ពិនិត្យ​មើល​បក្សី​ទូទៅ​ដែរ។ ប៉ុន្ដែ​ គោល​ដៅ​របស់​យើង ​គឺយើង​សម្គាល់​ទៅលើ​ពពួក​សត្វ​បក្សី​កម្រ ​និង​ជិត​ផុត​ពូជ​ប៉ុណ្ណោះ»។

លោក​បន្តថា​ការយក​សំណាក​មក​សិក្សា​ស្រាវ​ជ្រាវ​នេះ ​គឺ​ចង់ដឹង​ថា​សត្វ​បក្សី​នោះ​មាន​ជំងឺ​អ្វី​ដែរ​ទេ។ បើសិន​ជា​យក​សំណាក​បានមក​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​ បើ​បក្សី​នោះ​មាន​មេរោគ​ផ្ដាសាយ​បក្សី​ ក្រុម​ការងារ​នឹង​ចាត់វិធានការ ​និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​បរបាញ់ ​ឬក៏​ទទួលទាន​បក្សី​ទាំងនោះ​ ព្រោះ​អាច​មាន​មេរោគ​ឆ្លង​មក​មនុស្ស​បាន។​

លោក​ញ្ជាក់ថា​៖«គោលដៅ​សំខាន់​របស់​យើង ​គឺ​ចង់​លើ​កម្ពស់​ការយល់​ដឹង​អំពី​ការឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី។ ​នេះ​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ»។

បើ​តាម​លោក​សិរីរដ្ឋា ​ការយក​សំណាក​នេះ ​ចំពោះ​សត្វ​បក្សី​ព្រៃ ​គឺ​បាន​យកសំណាក ​ដូចជា ​សត្វ​ត្រយង ​សត្វ​ទុង ​ជាដើម​ចំណែក​សត្វ​ស្រុក ​មាន​ដូចជា​សត្វ​មាន់​ ទា ​ជាដើម។ ​លោក​បាន​ឱ្យដឹងថា ​ការសិក្សា​ស្រាវជ្រាវ​នេះ ​ទទួល​បាន​ការគាំទ្រ​មូល​និធិ​ពី​ទីភ្នាក់ងារ​កាត់​បន្ថយ​ការគំរាម​កំហែង​នៃ​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក៕

វីដេអូ៖