ភ្នំពេញៈ ​​រដ្ឋបាល​ជលផល​នៃ​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ដែល​តែងតែ​និយម​ធ្វើ​ត្រី​ប្រហុក ឬ​ផ្អក សម្រាប់​បរិភោគ​ អាច​រួសរាន់​ធ្វើ​ចាប់ពី​ថ្ងៃទី​១២​ខែធ្នូ​នេះ​តទៅ ស្រប​ពេលដែល​ការប្រមូល​ផល​នេសាទ​ក្នុងអំឡុង​ខែ​នេះ ទទួលបាន​ទិន្នផល​ច្រើន​។​


សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ជលផល​ចុះ​ថ្ងៃទី ១២​ខែធ្នូ ឆ្នាំ ២០២១ បាន​ជម្រាបជូន សាធារណជន​ឱ្យបាន​ជ្រាបថា «​ដោយ​ផ្អែកទៅលើ​ស្ថានភាព​នៃ​របប​ទឹក​បឹង​ទន្លេសាប ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២១-២០២២ គន្លង​ដាយ​ត្រី​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​បន្តទៀត ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ​គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​»​។​

ជាមួយគ្នានេះ រដ្ឋបាល​ជលផល​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​និយម​ធ្វើ​ប្រហុក ផ្អក ឬ​ត្រីឆ្អើរ ទុកជា​ស្បៀង​បម្រុង​សម្រាប់​បរិភោគ​ប្រចាំឆ្នាំ​ជា​លក្ខណៈ​គ្រួសារ ប្រញាប់​រួសរាន់​ទៅធ្វើ​ប្រហុក​ផ្អក​នៅក្នុង​ចន្លោះ​ថ្ងៃ​ដែល​បានប្រកាស​ខាងលើនេះ​។​


ទន្ទឹមនឹង​នេះដែរ រដ្ឋបាល​ជលផល បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ត្រី​បាន​ដោយ​រលូន​តាម​ការគួរ​។

អ្នកស្រី ស៊ុន គ​ន្ធី អាយុ ៣៨ ឆ្នាំ ពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ឬ​ស្សី​កែវ ដែល​តែងតែ​ធ្វើ​ប្រហុក​ទុក​ហូប​ជា​លក​ល្ខ​ណៈ​គ្រួសារ បាន​ថ្លែងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ រូបគាត់​ហើយ​និង​គ្រួសារ​ក៏បាន​ត្រៀម​ទៅ​ទិញ​ត្រី សម្រាប់ធ្វើ​ប្រហុក​ដូច​ឆ្នាំមុនៗ​ដែរ​។


អ្នកស្រី​ថា «​ខ្ញុំ​ធ្វើ​មួយឆ្នាំៗ​ពី ៣០​ទៅ​៥០​គីឡូ​ប៉ុណ្ណោះ សម្រាប់​ទុក​ហូប​ក្នុង​គ្រួសារ និង​ចែក​ប្រជាពលរដ្ឋ​ក្នុងភូមិ​នៅពេលដែល ពួកគាត់​ចង់​ទិញ តែ​ខ្ញុំ​មាន មិន​ច្រើន​ទេ បានតែ​សម្រាប់​ហូប​ប៉ុណ្ណោះ បើ​ថា​លក់​ឱ្យ​ចំណេញ​ច្រើន គឺ​មិន បានទេ​»​។​

យ៉ាងនេះ​ក្តី អ្នកស្រី​មិនទាន់​ដឹងថា​តម្លៃ​ត្រី​ឆ្នាំនេះ​ថោក ឬ​ថ្លៃ​ជាង​ឆ្នាំមុន​នោះទេ អាស្រ័យ​ទៅ​មើល​ជាក់ស្តែង​។

អ្នកស្រី​ថា​៖«​បង​មិនទាន់​ដឹងថា​តើ តម្លៃ​វា​យ៉ាងណា​នោះទេ តែ​ប្រហែលជា​អាច នឹង ថ្លៃ​ជាង​ឆ្នាំមុនៗ​ដោយសារ មើលទៅ​ត្រី​មិនសូវ​សម្បូរ​ដូច​ពេល មុន​ទេ​»​។​

បែបនេះ​ក្តី អ្នកស្រី គ​ន្ធី បានបង្ហាញ​ពី​ការបារម្ភ​ពី​ទិន្នផល​ត្រី ប្រហុក​នឹងមាន​ការធ្លាក់ចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដោយសារ​ទឹកទន្លេ មានការ​ប្រែប្រួល រួម​នឹង​ការប្រែប្រួល​អាកាសធាតុ ផងដែរ​។​

​សូមជម្រាបថា កាលពី​ឆ្នាំ ២០២០ ក្នុង​រដូវ​ប្រមូល​ផល​ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក​ត្រូវបាន​គេ​កត់សម្គាល់ថា មិន​សម្បូរ​ដូច​ឆ្នាំមុនៗ​ទេ រីឯ​តម្លៃ​ត្រី​ក៏​ថ្លៃ​ជាង​ឆ្នាំមុនៗ​ទ្វេដង​ផងដែរ​។ ជាក់ស្ដែង​នៅក្នុង​វគ្គ​ដំបូង​នៃ​ការប្រមូល​ផល​ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក ដែល​បាន​ប្រព្រឹត្តទៅ​កាលពីដើម​ខែធ្នូ នៅ​ឆ្នាំ ២០២០ កន្លងទៅ ត្រី​សម្រាប់ធ្វើ​ប្រហុក​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ចន្លោះ ២ ០០០ រៀល ទៅ ៣ ៥០០ រៀល ក្នុង ១ គីឡូក្រាម ខណៈ​ត្រី​សម្រាប់ធ្វើ​ផ្អក​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ពី ៨ ០០០ រៀល ទៅ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម​៕

វីដេអូ៖