ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេស្កាប់ (NC-ESCAP) បាន​ចែករំលែក​បទពិសោធ​ការងារ​អាទិភាព​ចំនួន ៥ ទាក់ទង​នឹង​ការកៀរគរ​ធនធាន​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​រាជរដ្ឋាភិបាល បាន និង​កំពុង​អនុវត្ត ដើម្បី​សម្រេច​ឱ្យបាន​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០ ពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​ ១៩ ​នេះ ដល់​តំណាង​រដ្ឋាភិបាល​ចំនួន ៤៥ ​ប្រទេស ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហិ្វក​។


លោក លី ធុជ បានលើកឡើង​បែបនេះ​ក្នុង​ពេល​ធ្វើជា​អធិបតី បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ «​ការកៀរគរ​ធនធាន​សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​» ​ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហិ្វក​នៃ​អង្គការ​សហប្រជាជាតិ (UN ESCAP) ​ដែល​បាន​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​ ១៤-១៥ ខែធ្នូ ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដោយ​មាន​ការចូលរួម​ពី​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​តំណាង​រដ្ឋាភិបាល​ចំនួន ៤៥ ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហិ្វក​។

លោក​ឱ្យដឹងថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ប្រមូលផ្តុំ​អ្នកជំនាញ និង​អ្នកតាក់តែង​គោលនយោបាយ​មកពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ និង​រដ្ឋ​ដែន​កោះ ដែល​កំពុង​អភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ពិភាក្សា​អំពី​ការកៀរគរ​ធនធាន​ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​ចែករំលែក​បទពិសោធ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង កៀរគរ​ធនធាន​ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។


លោក​ថ្លែងថា​៖ «​ក្នុងពេល​បើក​សិក្ខាសាលា​នេះ ខ្ញុំ​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​សិក្ខាសាលា​នេះ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ និង​បាន​ចែករំលែក​ការងារ​អាទិភាព​ចំនួន ៥ ទាក់ទង​នឹង​ការកៀរគរ​ធនធាន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​អនុវត្ត ដើម្បី​សម្រេច​ឱ្យបាន​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០»​។

លោក​ឱ្យដឹងថា ការងារ​ទាំងនោះ​រួមមាន​ទី​ ១ ​ប្រែក្លាយ​ការគំរាមកំហែង​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឱ្យទៅជា​ឱកាស​សម្រាប់​កំណែទម្រង់​ក្នុង​ស្រុក​របស់​ប្រទេស​នីមួយៗ ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ចការ​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​អាជីវកម្ម និង​ពង្រឹង​ការប្រមូល​ចំណូល​របស់​រាជរដ្ឋាភិបាល​។


ទី​ ២ ​លើកកម្ពស់​គោលនយោបាយ​ពាណិជ្ជកម្ម និង​ការសម្របសម្រួល​ពាណិជ្ជកម្ម ក៏ដូចជា​ការផ្តល់​ការអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ធានាថា អត្ថប្រយោជន៍​ពី​សកល​ភាវូបនីយកម្ម ត្រូវ​បាន​ចែករំលែក​ដោយ​សមធម៌ តម្លាភាព និង​ប្រសិទ្ធភាព​។

ទី​ ៣ ​បន្ត​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ពិពិធកម្ម និង​នវានុវត្តន៍ ក៏ដូចជា លើកកម្ពស់​តួនាទី និង​ថាមវន្ត​របស់​វិស័យ​ឯកជន ក្នុង​ការបំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព ដោយ​ផ្តល់នូវ​ការលើក​ទឹកចិត្ត​ក្នុង​គោលបំណង​ជំរុញ​ការវិនិយោគ​ឯកជន និង​លំហូរ​ទុន​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាពិសេស​ការជំរុញ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស និង​យន្តការ​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន​។

ទី​ ៤ ​ធានា​បន្ត​ផ្តល់ជំនួយ​ពី​អន្តរជាតិ ជាពិសេស​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​សំដៅ​ឆ្ពោះទៅរក​និរន្តរភាព​នៃ​សម្ទុះ​ក្នុង​កំណែទម្រង់​សម្រាប់​របៀបវារៈ​ឆ្នាំ ២០៣០​។

ទី​ ៥ បន្ត​ពង្រឹង​ភាព​ជា​ម្ចាស់​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដោយ​ការកសាង​ភាពជា​ដៃគូ រវាង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​រួមទាំង​ទ្វេភាគី ពហុភាគី វិស័យ​ឯកជន និង​វិស័យ​ផ្សេងៗ​ទៀត​។ លើសពីនេះ​ត្រូវតែ​ធានាឱ្យមាន​តម្លាភាព និង​គណនេយ្យភាព​រវាង​គោលនយោបាយ​របស់​ដៃគូ​អភិវឌ្ឍន៍ ទាំង​ទ្វេភាគី និង​ពហុភាគី​។

លោក លី ធុជ បានបញ្ជាក់​ទៀតថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​សមាសភាព​ចូលរួម​ដែល​មកពី​ប្រទេស​នានា ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ដល់ UN ESCAP ដែល​បានរៀបចំ​សិក្ខាសាលា​នេះ និង​តែងតែ​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។

កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជាស្រេច ដើម្បី​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​កិច្ចប្រឹងប្រែង​កៀរគរ​ធនធាន និង​ស្តារឡើងវិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ច សង្គម ដើម្បី​បន្ត​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​​រួមគ្នា​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

បើតាម​លោក លី ធុជ លទ្ធផល​នៃ​សិក្ខាសាលា​ថ្នាក់​តំបន់​នេះ​នឹង​រួមចំណែក ដល់​ការបំពេញ​គម្លាត​ចំណេះដឹង និង​ជា​ធាតុ​ចូល​សម្រាប់​តំបន់ ព្រមទាំង​ជា​ការចែករំលែក​ព័ត៌មាន​អំពី​ទម្រង់​នៃ​ការអភិវឌ្ឍ​សកល ដែលមាន​ដូចជា​ការអភិវឌ្ឍ​នៅក្នុង​សម័យកាល​កូវីដ​ ១៩ ​និង​គំនិត​ផ្តួចផ្តើម​នាពេល​អនាគត​។

សិក្ខាសាលា​នេះ​ក៏​នឹង​បង្កើតជា​ប្រភព​ចំណេះដឹង និង​ធាតុចូល​របស់ ESCAP និង​បង្កើតជា​បណ្តាញ​អ្នកជំនាញ​ដើម្បី​តាមដាន​លើ​ការងារ​អភិវឌ្ឍន៍​នាពេល​អនាគត​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើតឱ្យមាន​គណៈកម្មាធិការ​ជាតិ​អេស្កាប់ (NC-ESCAP) ​នៅក្នុង​ឆ្នាំ​ ២០០៩ ​ដោយមាន​បេសកកម្ម​ដើរតួ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ទំនាក់ទំនង​រាល់​សកម្មភាព​ការងារ​ជាមួយ UN-ESCAP និង​សហប្រតិបត្តិការ ជាមួយ​ក្រសួង​ស្ថាប័ន​ជាតិ បណ្តា​អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕