សៀមរាបៈ កម្ពុជា​សម្រេច​រៀបចំ​ព្រឹត្តិការណ៍ “​រំឭកគុណ​អង្គរ​” ​ប្រចាំឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២២ ​តទៅ​ដើម្បី​បំផុស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឱ្យបាន​ម្តង​ក្នុង​ ១ ​ឆ្នាំ និង​ដើម្បី​រំឭកគុណ​បុព្វការីជន ព្រះមហាក្សត្រ​ជំនាន់​មុនៗ​ដែល​បាន​សាង​ប្រាសាទ​បន្សល់ទុក​ដល់​មនុស្ស​​ជំនាន់​ក្រោយ​។


ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​ “​រំឭកគុណ​អង្គរ​” ​នៅមុខ​ប្រាសាទ​អង្គរវត្ត​កាលពី​ថ្ងៃទី​ ១៤ ​ខែធ្នូ ឆ្នាំ ២០២១ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បាន​ថ្លែងថា ពិធី​រំឭកគុណ​អង្គរ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​អបអរសាទរ​ការដាក់​រមណីយដ្ឋាន​អង្គរ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ UNESCO ​នា​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​ ១៩៩២ ក៏​ដូចជា ការរំឭកគុណ​ដល់​បុព្វការីជន​គ្រប់​ជំនាន់ ជាពិសេស​​ព្រះមហាក្សត្រ​ជំនាន់​មុន​គ្រប់​​ព្រះអង្គ ដែល​បាន​កសាង​ប្រាង្គ​ប្រាសាទ​នានា បន្សល់​ទុកជា​គុណប្រយោជន៍​ផ្នែក​សង្គម​​ និង​សេដ្ឋកិច្ច​ដល់​ប្រជាជន​កម្ពុជា​មកទល់​បច្ចុប្បន្ន និង​ពេលអនាគត​។

លោកស្រី​បាន​បញ្ជាក់ថា​អត្ថន័យ​សំខាន់​ផ្សេងទៀត​របស់​ព្រឹត្តិការណ៍​នេះ ក្រៅពី​លើកស្ទួយ​ពាក្យស្លោក​ “​កម្ពុជា​ព្រះរាជា​អាណាចក្រ​អច្ឆរិយៈ​” ​ក៏​ដើម្បី​បង្ហាញ​នូវ​មោទនភាព​ជាតិ​ដែលជា​មហាអំណាច​វប្បធម៌ និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មកហើយ​។


លោកស្រី​ថា​៖ «​ជាពិសេស គឺ​ការបង្កើតឱ្យមាន​យន្តការ ការរំឭកគុណ​អង្គរ​ប្រចាំឆ្នាំ ចាប់ពី​ឆ្នាំ​ ២០២២ ខាងមុខនេះ ក្នុងទិសដៅ​រួមចំណែក​ជាមួយ​ផែនការមេ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការធ្វើឱ្យ​រស់រាន​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការបំផុស​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ ១ ​នាក់​ចូលរួម​ទស្សនា​អង្គរ យ៉ាង​ហោចណាស់​ ១ ​ដង ក្នុង​ ១ ​ឆ្នាំ​ពោល​គឺ​ទស្សនា​ហើយ ចង់​មក​ទស្សនា​ម្តងទៀត​»​។

លោកស្រី​រដ្ឋមន្ត្រី​បាន​បង្ហាញ​​ក្ដីសង្ឃឹម​ថា ការ​ប្រារព្ធ​ពិធី​រំឭកគុណ​អង្គរ​នេះ​ឡើង​ក៏​នឹង​ក្លាយ​​ជា​យុទ្ធនាការ​ជំរុញ​ឱ្យ​មាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ពី​វិស័យ​ឯកជន សម្រាប់​ជា​គុណប្រយោជន៍​ដល់​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ជាតិ​ដែល​នឹង​ក្លាយ​​ជា​និមិត្តរូប​នៃ​មិត្តភាព និង​សាមគ្គីភាព​ទាំង​ជាតិ និង​អន្តរជាតិ​ផងដែរ​។


ការរៀបចំ​ប្រារព្ធ​ពិធី​រំឭកគុណ​អង្គរ កាលពី​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំនេះ ។ រូបថត អាជ្ញាធរ​ជាតិ​អប្សរា

លោកស្រី​បន្ថែមថា ជា​ការពិតណាស់ ពិធី​រំឭកគុណ​អង្គរ​នេះ មិនអាច​រៀបចំ​ទៅបាន​ទេ​ប្រសិនបើ​ប្រជាជាតិ​មិនមាន​សន្តិភាព​ពេញលេញ​ដូច​ពេលបច្ចុប្បន្ន​នេះ​ដែលជា​សមិទ្ធផល​ដ៏អស្ចារ្យ កើតចេញ​ពី​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​ឥស្សរជន​ផ្សេងៗ​ទៀត​។

លោកស្រី​បញ្ជាក់​ថា​៖ «​ក្នុងន័យនេះ​ពិធី​នេះ ដើម្បី​អរគុណ​ដល់​សន្តិភាព និង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​និច្ចកាល​ចាត់ទុក​ការអភិរក្ស បេតិកភណ្ឌ​ជាតិ​ជា​អាទិភាព និង​ផ្ញើ​សារ​រំឭក​ដល់​ជនរួមជាតិ​ឱ្យ​ចូលរួម​​ការពារ​បេតិកភណ្ឌ​ជាតិ ដើម្បី​ជា​ប្រយោជន៍​រួម​»​។

ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភាព្រឹទ្ធសភា និង​អធិការកិច្ច​លោកស្រី ម៉ែន សំអន បាន​បង្ហាញ​ពី​មោទនភាព និង​កិត្តិយស​ដ៏ធំធេង​ដែល​បាន​ចូលរួម​កម្មវិធី​រំឭក​គុណ​អង្គរ រួមជាមួយ​ពិធី​រំឭក​​ខួប​អនុស្សាវរីយ៍​ដ៏មាន​អត្ថន័យ គឺ​ខួប​គម្រប់​ ២៩ ​ឆ្នាំ​នៃ​ការដាក់​រមណីយដ្ឋាន​អង្គរ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ UNESCO ​ដ៏អស្ចារ្យ​នេះ​។

លោកស្រី​ថា​៖ «​ចាប់ពី​ពេល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មក ឧទ្យាន​អង្គរ មិន​ត្រឹមតែ​ជា​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា​នោះ​​ទេ តែ​ថែមទាំង​ត្រូវបាន​ពិភពលោក​ទាំងមូល​ទទួលស្គាល់​ថា ជា​សម្បត្តិ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​»​។

លោកស្រី​បាន​បន្តថា តាមរយៈ​បេតិកភណ្ឌ​នេះ ភ្ញៀវទេសចរ​អាច​មើលឃើញ​សក្ខីកម្ម​នៃ​ស្នាដៃ​ដ៏អស្ចារ្យ​របស់​មនុស្ស ជាពិសេស​ជនជាតិខ្មែរ ដែលជា​អ្នក​បង្កើតឡើង ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​បង្ហាញ​នូវ​គំរូ​អស្ចារ្យ និង​សិល្បៈ​ទាក់ទង​ទៅនឹង​អរិយធម៌​ដ៏ធំ​សម្បើម​នៃ​ប្រជាជាតិ​មួយ​នេះ​។

បន្ថែម​ពីនេះ លោកស្រី ម៉ែន សំអន បាន​បំផុស​ចលនា​ពលរដ្ឋ​ឱ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ការពារ​អង្គរ​ថែរក្សា​វប្បធម៌​ខ្មែរ និង​លើកតម្កើង​បេតិកភណ្ឌ​ជាតិ ចៀសវាង​ឱ្យបាន​ការបំផ្លាញ​របស់​មនុស្ស និង​បំផ្លាញ​ដោយ​ធម្មជាតិ​។

ពិធីបុណ្យ​ “​រំឭកគុណ​អង្គរ​” ​មាន​រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពីថ្ងៃ​​ទី​ ១៤-១៦ ខែធ្នូ ឆ្នាំ​ ២០២១ ដែល​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏មាន​ការរៀបចំ​ពិធី​សាសនា និង​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​នានា​ក្នុង​នោះ​ក៏មាន​ល្ខោនស្បែក​ធំ​ ដើម្បី​បង្ហាញជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​​បាន​ស្វែងយល់​ពី​អរិយធម៌​ដ៏អស្ចារ្យ​របស់​ខ្មែរ​ផងដែរ​៕